Tuesday, October 18, 2011

អ្នក​ភូមិ​នៅ​រតនគិរី​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទប់​ស្កាត់​សកម្មភាព​កាប់​ឈើ​យក​ដី

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ឃុំ​ប៉ាតាង ស្រុក​លំផាត់ ខេត្ត​រតនគិរី នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែ​តុលា ឆ្នាំ​២០១១ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ សូម​ចាត់​វិធានការ​ទប់ស្កាត់​សកម្មភាព​អារ​រំលំ​ដើម​ឈើ​ដើម្បី​រាន​យក​ដី​ដោយ​ខុស​ច្បាប់។
RFA Photo/Ratha Visal
២៨ ធ្នូ ២០០៨: ព្រៃ​ឈើ​ដែល​ត្រូវ​គេ​អារ​រំលំ​
នៅ​ក្នុង​ឃុំ​កិចុង ស្រុក​បរកែវ ខេត្ត​រតនគិរី។


​​ប្រជាពលរដ្ឋ​ភូមិ​ប៉ាតាង សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​បញ្ជាក់​ថា តំបន់​ព្រៃ​ឈើ​ក្នុង​ភូមិ​សាស្ត្រ​រដ្ឋបាល​ភូមិ​ប៉ាតាង ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ នៅ​ចម្ងាយ​ប្រមាណ ៣​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ភូមិ កំពុង​ត្រូវ​គេ​កាប់​រាន​ដោយ​មិន​មាន​ការ​ហាមឃាត់។
ប្រភព​បន្ត​ថា ដី​ព្រៃ​នៅ​តំបន់​នោះ​ត្រូវ​បាន​គេ​លក់​ដូរ​ពី​ម្នាក់​ទៅ​ម្នាក់ ហើយ​អ្នក​ទិញ​ដី​ចុង​ក្រោយ​បាន​ជួល​កម្មករ​ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់​ឈើ​ប្រមាណ បី​គ្រឿង បាន​អារ​រំលំ​ព្រៃ​ឈើ​អស់​ប្រមាណ ៥០​ហិកតារ​ហើយ តាំង​ពី​ខែ​កញ្ញា រហូត​បច្ចុប្បន្ន៖«ដំបូង​គេ​លក់​ដី​ព្រៃ ដល់​អ៊ីចឹង​អ្នក​លក់​ត​ទៀត​គេ​កាប់​ព្រៃ​ហ្នឹង​រំលំ​ឈើ​ចោលៗ ខ្ញុំ​ទៅ​ម្សិលមិញ​ឃើញ​នៅ​រំលំ​ទៀត។ យើង​អ្នក​អត់​ហ៊ាន​កាប់ៗ​ថា ដី​ជា​របស់​រដ្ឋ​អ៊ីចឹង​ណា!»
អភិបាល​ស្រុក​លំផាត់ គឺ​លោក គង់ ស៊្រុន។ លោក​បាន​បញ្ជាក់​ថា លោក​មិន​ទាន់​បាន​ទទួល​សេចក្ដី​រាយការណ៍​ណា​មួយ​ពី​អាជ្ញាធរ​មូលដ្ឋាន​ស្ដីពី​សកម្មភាព​កាប់​រាន​ព្រៃ​យក​ដី​នោះ​ទេ ក៏​ប៉ុន្តែ​លោក​នឹង​ចាត់​មន្ត្រី​ទៅ​តំបន់​ដែល​មាន​សេចក្ដី​រាយការណ៍​នោះ ដើម្បី​ពិនិត្យ​មើល​ជាក់ស្ដែង​ថា តើ​ពិត​ជា​មាន​ការ​កាប់​រាន​ព្រៃ ឬ​យ៉ាង​ណា?
លោក​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ដឹង​ពី​សកម្មភាព​កាប់​រាន​ព្រៃ​យក​ដី​ប្រញាប់​ផ្ដល់​ព័ត៌មាន​មក​ក្រុម​អាជ្ញាធរ​ដើម្បី​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​បង្ក្រាប​បាន​ទាន់​ពេល​វេលា៖ «សុំ​ឲ្យ​គាត់​ហ្នឹង​ជួយ​បោះ​មក​ស្រុក​មើល៍ តែ​ខ្ញុំ​អត់​ដែល​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ណា​មួយ​ថា រាយការណ៍​មក​ស្រុក​អត់​សោះ។ បទល្មើស​វា​អ៊ីចឹង វា​សុទ្ធតែ​មាន​អ្នក​រនុកក្នុង​វា​ឲ្យ​ដៃ ដល់​អ៊ីចឹង​ទៅ​ទម្រាំ​យើង​ទៅ​ដល់​បាត់»
នៅ​ខេត្ត​រតនគិរី កន្លង​ទៅ​នេះ​អាជ្ញាធរ​ខេត្ត​បាន​ទទួល​ស្គាល់​ថា ដីធ្លី​ទ្រព្យ​សម្បត្តិ​រដ្ឋ​ជា ៣០.០០០​ហិកតារ​ក្នុង​ខេត្ត​នេះ បាន​ក្លាយ​ទៅ​ជា​ចម្ការ​កៅស៊ូ​ឯកជន។ ចំណែក​គណៈកម្មការ​ខេត្ត​គ្រប់គ្រង​ដី​រដ្ឋ​ទើប​ដក​ហូត​បាន​ដី​ជាង ៣.០០០​ហិកតារ គឺ​ជា​ដី​ដែល​បាន​ពី​ការ​កាប់​រាន​ព្រៃ​ឈើ​ខុស​ច្បាប់។
នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី គឺ​លោក វង្ស សុខសេរី។ លោក​បាន​បញ្ជាក់​ថា គ្រប់​ទី​កន្លែង​ដែល​មាន​សេចក្ដី​រាយការណ៍​ពី​សកម្មភាព​កាប់​រាន​ព្រៃ​យក​ដី​ក្រុម​មន្ត្រី​ជំនាញ​ព្រៃ​ឈើ​បាន​ចុះ​ទៅ​បង្ក្រាប ក៏​ប៉ុន្តែ​ភាគ​ច្រើន​ក្រុម​សមត្ថកិច្ច​មិន​អាច​ចាប់​បាន​ជនល្មើស ឬ​វត្ថុ​តាង​ក្នុង​បទល្មើស​នោះ​ជាក់​ស្ដែង​ទេ ដោយសារ​តែ​ពួកគេ​បាន​គេច​ខ្លួន​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់។
លោក​បន្ត​ថា ក្រុម​មន្ត្រី​ជំនាញ​បាន​ធ្វើ​របាយការណ៍​ពី​ទីតាំង​កាប់​រាន​ព្រៃ​យក​ដី និង​មាន​វិធានការ​ដក​ហូត​ដី​ទាំង​អស់​នោះ​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ៖ «យើង​ចុះ​ទៅ​យើង​អត់​ជួប ចុះ​អត់​ជួប។ យើង​យក​ចំណុច​និយាមកា ហើយ​យើង​ធ្វើ​ផែនទី យើង​សុំ​ការ​ដក​ហូត​ពី​ឯកឧត្ដម​អភិបាល​ខេត្ត។ នៅ​ក្នុង​ករណី​បទល្មើស​ជាក់ស្ដែង​យើង​ចាប់​មនុស្ស​បញ្ជូន​ទៅ​តុលាការ យើង​បាន​ធ្វើ​ហើយ​តើ! តែ​ច្រើន​តែ​បែកការ​ពេល​យើង​ចុះ​ទៅ។ តែ​ឥឡូវ​ខ្ញុំ​ចុះ​ទៀត​ហើយ​អត់​អី​ទេ បាន​ព័ត៌មាន​អ៊ីចឹង!»
នៅ​ស្រុក​លំផាត់ ព្រៃឈើ​នៅ​តំបន់​ភ្នំ​គន្ធីរ ក្នុង​ឃុំ​ប៉ាតាង ជាង ៦០​ហិកតារ ត្រូវ​បាន​គេ​កាប់​រាន​អស់ ដើម្បី​យក​ដី​តាំង​ពី​ខែ​មេសា ឆ្នាំ​២០១១​មក។ តំបន់​ព្រៃ​ឈើ​ដែល​គេ​កាប់​រាន​នោះ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អតីត​អនុ​ប្រធាន​តុលាការ​ខេត្ត​រតនគិរី មួយ​រូប ដែល​ធ្លាប់​បាន​ស្នើ​សុំ​ដី​តំបន់​នោះ​ប្រមាណ ១០០​ហិកតារ ដើម្បី​ចិញ្ចឹម​គោ ក៏​ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​លិខិត​អនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណា​មួយ​នៅ​ឡើយ។ ចំណែក​នៅ​ស្រុក​កូនមុំ ប្រជាពលរដ្ឋ​ជាង ៤០​គ្រួសារ​ជា​សហគមន៍​រស់​នៅ​ភូមិ​នាងដី ឃុំ​សេរីមង្គល បាន​អះអាង​ថា សមាជិក​ក្រុមប្រឹក្សា​ស្រុក​លំផាត់ មួយ​រូប បាន​ចូល​មក​កាប់​រាន​ព្រៃ​សហគមន៍​យក​ដី​អស់ ៩០​ហិកតារ ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១១។
យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​សហគមន៍​អ្នក​អភិរក្ស​ធនធាន​ធម្មជាតិ​ដីធ្លី​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នៅ​ខេត្ត​រតនគិរី បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ព្រៃ​ឈើ និង​ដីធ្លី​ក្នុង​តំបន់​សហគមន៍​នឹង​ត្រូវ​គេ​ទន្ទ្រាន​យក​អស់ ហើយ​ជនជាតិ​ដើម​នឹង​ក្លាយ​ជា​ជន​រង​គ្រោះ​ទាក់ទិន​ទៅ​នឹង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ និង​មាន​ផល​ប៉ះពាល់​ដល់​ប្រពៃណី​ទំនៀម​ទម្លាប់​ប្រជាពលរដ្ឋ​ដែល​រស់​ពឹង​អាស្រ័យ​ជាមួយ​ធនធាន​ធម្មជាតិ​ជា​ច្រើន​ជំនាន់​មក​ហើយ៕

ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes