មន្ត្រីប៉េអឹមចំនួន៧នាក់ត្រូវបានលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តដាក់ទោសឱ្យជាប់ឃុំឃាំងចំនួន៤នាក់ រង់ចាំចាត់ការតាមផ្លូវច្បាប់ និងដកចេញពីខេត្តចំនួន៣នាក់ ក្រោយពីរកឃើញថា បង្កហិង្សាលើប្រជាពលរដ្ឋ និងលោកមេបញ្ជាការរងយោធាស្រុក ព្រមទាំងប្រើប្រាស់អាវុធបាញ់គំរាមប្រជាពលរដ្ឋណាដែលចូលឃាត់ ខណៈពួកខ្លួនកំពុងវាយដំច្រំធាក់លើប្រជាពលរដ្ឋកាលពីវេលាម៉ោង១៩និង៣០នាទីថ្ងៃទី១៦ តុុលា ២០១១កន្លងទៅនេះ។
លោកឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបញ្ជាក់ឱ្យកោះសន្តិភាពដឹងនៅព្រឹកថ្ងៃទី១៨ តុលា នេះ ថា ចំពោះមន្ត្រីដែលប្រព្រឹត្តខុសពាលាកោងកាចទៅលើប្រជាពលរដ្ឋ លោកមិនអនុគ្រោះឡើយ ព្រោះលោកមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ដាស់តឿនជារឿយៗថា ឱ្យមន្ត្រីប្រដាប់អាវុធត្រូវចេះគោរព និងមានសុជីវធម៌ចំពោះប្រជាពលរដ្ឋ ព្រោះយើងមានកាតព្វកិច្ចបម្រើប្រជាពលរដ្ឋមិនមែនគាបសង្កត់ប្រជាពលរដ្ឋនោះទេ។ លោកបន្តថា ពេលនេះអ្នកដែលបង្កបញ្ហាចំនួន៤នាក់ ត្រូវឃុំខ្លួនក្នុងមន្ទីរឃុំឃាំងរបស់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត និង៣នាក់ទៀតត្រូវដកចេញពីខេត្ត។
ក្រុមគ្រួសាររងគ្រោះដោយសារមន្ត្រីប៉េអឹមអាវ៉ាសែវាយដំប្រើកណ្តាប់ដៃ និងជើងព្រមទាំងបាញ់កាំភ្លើងគំរាមនោះបានឱ្យដឹងថា បច្ចុប្បន្នពួកគាត់កំពុងដាក់ពាក្យបណ្តឹងទៅកាន់ស្នងការនគរបាលខេត្ត និងតុលាការ ដើម្បីឱ្យចាត់ការផ្តន្ទាទោសពួកប៉េអឹមជម្លើយទាំងអស់ឱ្យខ្លាំងក្លា និងខាងតែបាន។ មហាជននៅខេត្តស្ទឹងត្រែងបានធ្វើការរិះគន់ថា នេះជាមេរៀនសម្រាប់សង្គមជាតិមួយដែលមិនត្រូវជ្រើសរើសមន្ត្រីប៉េអឹម ខ្វះការយល់ដឹង ចំណេះដឹង សេចក្តីថ្លៃថ្នូរ និងគុណធម៌ឡើយ ហើយសូមដាក់ទោសឱ្យខ្លាំងក្លាសម្រាប់មន្ត្រីប៉េអឹមកោងកាចធ្វើបាបប្រជាពលរដ្ឋបែបនេះ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយមេបញ្ជាការប៉េអឹមមិនចង់ឱ្យមានមន្ត្រីបែបនេះនៅក្នុងអង្គភាពឡើយ។
លោកស៊ីន ស៊ីនឿន មេបញ្ជាការរងយោធាផ្នែកសឹករងស្រុកថាឡាបរិវ៉ាត់ បានឱ្យដឹងនៅព្រឹកនេះ (ទី១៨ តុលា) ដែរថា លោកបានរៀបចំឯកសារដើម្បីប្តឹងទៅតុលាការខេត្ត និងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត តែលោកមេបញ្ជាការរបស់លោកបានសម្របសម្រួល សុំឱ្យមន្ត្រីប៉េអឹមដែលចាប់វាយទាំងនោះ មកសុំទោសលោកហើយលោកក៏បានយល់ព្រមដែរតែលោកទាមទារឱ្យបង់ថ្លៃខូចខាតកិត្តិយសចំនួន២លានរៀល ទើបលោកយល់ព្រមបញ្ចប់បញ្ហាទាំងនោះ។
អ្នកច្បាប់និយាយថា ការប្រើហិង្សាបង្កស្នាមរបួស ដោយមានកាំភ្លើងគំរាមកំហែងដូចជាមន្ត្រីប៉េអឹម៧នាក់ខាងលើគឺជាបទល្មើសព្រហ្មទណ្ឌ បើទោះជាយល់ព្រមសុំទោសជនរងគ្រោះនៅទី កន្លែងណាមួយ ឬសងប្រាក់ លុបលាងកំហុសយ៉ាងណាក៏ដោយ វាគ្រាន់តែជាសំណងជួសជុលកិត្តិយសតែប៉ុណ្ណោះ បណ្តឹងអាជ្ញានៅតែត្រូវផ្តន្ទាទោសជាធរមាន ដូច្នេះត្រូវផ្តន្ទាទោសពួកប៉េអឹមជួជាតិទាំងនោះ ទៅតាមច្បាប់យោធា និងព្រហ្មទណ្ឌ ៕
ពីគេហទំព័រ៖ កោះសន្តិភាព
No comments:
Post a Comment
yes