លោក អាទិត្យ អ៊ីស្មូ អគ្គនាយកនាយកដ្ឋានសុខមាលការពារ និងភាពការងារ បានថ្លែងនៅថ្ងៃអង្គារនេះថា រោងចក្រសរុបចំនួន ១៤១៧២កន្លែង ត្រូវបានលិចលង់នៅក្នុងទឹកជំនន់ដ៏ធំធេងនៅតាមបណ្ដាខេត្តចំនួន ២០ ដោយបង្កផលប៉ះពាល់ដល់កម្មករចំនួន ៦៦៣ ២១៨នាក់។
លោកបន្ថែមថា គ្រាន់តែនៅក្នុងផាធំថានី រោងចក្រឧស្សាហកម្មចំនួន ៣ ៣២៦កន្លែង ត្រូវបានទឹកជន់លិច ហើយកម្មករចំនួន ២១៨ ៤៧៤នាក់ បានទទួលរងផលប៉ះពាល់។
លោក អាទិត្យ ថ្លែងថា ទឹកជំនន់ដែលបានឡើងលិចតំបន់ឧស្សាហកម្មនៅខេត្តនគរសុវណ្ណ កាលពីថ្ងៃម្សិលមិញ បានជន់លិចរោងចក្រចំនួន ២២៧កន្លែង និងបង្កឲ្យប៉ះពាល់ដល់កម្មករជាង ១៧៥ ០០០នាក់។
អគ្គនាយករូបនេះ បានថ្លែងបន្តថា លោកបានទទួលរបាយការណ៍ពីការិយាល័យការពារ និងសុខមាលភាពពលករ នៅខេត្តអយុធ្យា បាននិយាយថា រោងចក្រលិចលង់ក្នុងទឹកចំនួន ៣០កន្លែងនៅតំបន់ឧស្សាហកម្មបាងផាអ៊ីន និងរ៉ូចាណា នឹងបន្តបើកប្រាក់ខែជូនដល់កម្មកររបស់ពួកគេ។
លោកថ្លែងថា៖ «សរុបមក ក្រុមហ៊ុនចំនួន ១៥ បានបញ្ជាក់ថា ពួកគេនឹងបើកប្រាក់ខែ ១០០ភាគរយដល់កម្មករ ក្រុមហ៊ុន ១៤ នឹងបើកប្រាក់ខែ ៧៥ភាគរយ និងរោងចក្រមួយ នឹងបើកប្រាក់ខែចំនួន ៥០ភាគរយឲ្យកម្មកររបស់ពួកគេ»។
លោក អាទិត្យ បានវាយតម្លៃថា កម្មករប្រហែល ១សែននាក់នៅខេត្តអយុធ្យា ប្រឈមមុខនឹងការបាត់បង់ការងាររបស់ពួកគេ។
លោកមិនអាចវាយតម្លៃបានទេថា តើកម្មករប៉ុន្មាននាក់នៅខេត្តផាធំថានី នឹងទទួលរងគ្រោះនៅពេលនេះ ខណៈលោកត្រូវតាមដានស្ថានភាពទឹកជំនន់នៅរយៈពេល ៥ ទៅ ៦ថ្ងៃបន្តបន្ទាប់ទៀត៕
No comments:
Post a Comment
yes