Monday, October 17, 2011
នារីវ័យក្មេងមានវិបត្តិប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន
នារីវ័យក្មេងម្នាក់បានរត់ឡើងលើស្ពានជ្រោយចង្វាដើម្បីលោតទឹកសម្លាប់ខ្លួន តែត្រូវសមត្ថកិច្ចអង្គភាពគោលដៅទី៣ ការពារស្ពានជ្រោយចង្វា រួមជាមួយបងប្អូនចាប់ឃាត់ទាន់ ហើយនាំត្រឡប់ទៅផ្ទះវិញ។ ហេតុការណ៍នេះធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែតុលា។
នារីមិនចង់រស់នោះសមត្ថកិច្ចឱ្យដឹងថា ឈ្មោះចាន់ អានិត អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២ វិទ្យាល័យព្រះស៊ីសុវត្ថិ មានទីលំនៅក្បែរសាលាក្នុងខណ្ឌដូនពេញ។ ទាក់ទិនមូលហេតុលោតទឹកប៉ងសំលាប់ខ្លួននោះនាងប្រាប់សមត្ថកិច្ចថា ដោយសារតែខឹងឪពុកមានស្រីថ្មី។
ប្រភពព័ត៌មានឱ្យដឹងថា នៅល្ងាចថ្ងៃទី១៤ ខែតុលា ស្ត្រីរូបនោះផឹកស្រាស្រវឹង ហើយរត់តាមផ្លូវលេខ៤៧ក្នុងទិសដៅពីត្បូងទៅជើង រួចរត់ឡើងស្ពានជ្រោយចង្វាពីប៉ែកខាងលិចក្នុងគោលបំណងលោតទឹកសម្លាប់ខ្លួន ដោយមានបងប្អូន និងដេញតាមពីក្រោយ។ នៅពេលនោះបងប្អូនប៉ូលិសការពារស្ពានជ្រោយចង្វាបាននាំគ្នាឃាត់នាងទាន់ រួចនាំទៅអង្គភាពដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច នារីរូបនោះគិតតែពីយំស្រែករហូតដល់សន្លប់ដេកស្តូកស្តឹង។ មុនដួលសន្លប់នាងយំរៀបរាប់ថា «ឪពុកមានស្រីខ្ញុំពុំចង់រស់នៅឡើយ»។ នាងឱ្យដឹងថា ឪពុកនាងធ្វើការនៅនាយកដ្ឋានភាពយន្ត។ ខណៈនាងចាន់ អានិត សន្លប់ បុរសម្នាក់ដែលអះអាងថា ជាបងប្អូនបាននាំយកទៅកាន់មន្ទីរពេទ្យ។
ដោយឡែកក្នុងហេតុការណ៍ដូចគ្នានេះដែរកាលពីវេលាម៉ោង១០ និង៥នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ស្ត្រីខ្មែរម្នាក់មានប្តីជាជនជាតិតៃវ៉ាន់ជិះម៉ូតូឌុបទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា តែត្រូវសមត្ថកិច្ចប៉ូលិសចេញទូកទៅជួយសង្គ្រោះទាន់។ ស្ត្រីរូបនោះឈ្មោះម៉ី លីញ អាយុ៣០ឆ្នាំ មានទីលំនៅក្នុងបុរីសាន់វេផ្ទះលេខ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
នៅចំពោះមុខសមត្ថកិច្ចស្ត្រីមានវិបត្តិឱ្យដឹងថា នាងលោតទឹកប៉ងសម្លាប់ខ្លួនដោយសារតែប្តីវាយធ្វើបាបរហូតដល់ខៀវភែ្នក ព្រោះតែរឿងប្រចណ្ឌ។ ប្តីរបស់នាងឈ្មោះសៀង អាយុ៥៥ឆ្នាំ ជាជនជាតិចិនតៃវ៉ាន់ ជាអ្នករកស៊ីគួកជេដី រស់នៅជាមួយគ្នារយៈពេល២ឆ្នាំមកហើយ ។ ប្តីរបស់នាងមានកូន២នាក់ជាមួយប្រពន្ធមុន។ ការរួមរស់ជាមួយគ្នាមិនមានសេចក្តីសុខទេ ដោយសារប្តីប្រចណ្ឌ និងវាយធ្វើបាបមកលើរូបនាងឥតស្រាកស្រានសោះ។
ដោយសារទ្រាំរស់នៅនឹងការវាយធ្វើបាបមិនបាននាងក៏ជិះម៉ូតូឌុបទៅលោតទឹកសម្លាប់ខ្លួន តែត្រូវប៉ូលិសជួយស្រង់ទាន់ ព្រមទាំងអប់រំឱ្យត្រឡប់ទៅផ្ទះវិញ ៕
ពីគេហទំព័រ៖ កោះសន្តិភាព
Subscribe to:
Post Comments (Atom)



No comments:
Post a Comment
yes