Monday, October 17, 2011

នារីវ័យក្មេង​មានវិបត្តិ​ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន


 នារី​​វ័យ​ក្មេង​ម្នាក់​បាន​រត់​ឡើង​លើ​ស្ពាន​ជ្រោយ​ចង្វា​ដើម្បី​លោត​​ទឹក​សម្លាប់ខ្លួន​ តែ​ត្រូវ​​សមត្ថ​កិច្ច​អង្គ​ភាព​គោល​ដៅ​ទី​៣ ការ​ពារ​ស្ពាន​ជ្រោយ​ចង្វា​ រួម​ជាមួយ​​បង​ប្អូន​ចាប់​​ឃាត់​ទាន់​ ហើយនាំ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ហេតុ​ការណ៍​​នេះ​ធ្វើ​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​១៤ ខែតុលា​។


 នារី​​​​មិន​ចង់​រស់​នោះសមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ឈ្មោះ​ចាន់​ អានិត អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ វិទ្យា​ល័យ​ព្រះ​ស៊ីសុវត្ថិ​ មាន​ទី​លំនៅ​ក្បែរ​សាលា​ក្នុង​ខណ្ឌ​ដូន​ពេញ​។ ទាក់​ទិនមូល​ហេតុ​​លោត​ទឹក​ប៉ង​សំលាប់​ខ្លួន​នោះនាង​​ប្រាប់​សមត្ថ​កិច្ច​​ថា ដោយ​សារ​តែ​ខឹង​ឪពុក​មាន​ស្រី​ថ្មី។


 ប្រភព​​ព័ត៌​មាន​ឱ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​តុលា​ ស្ត្រី​រូប​នោះ​​ផឹក​ស្រា​ស្រវឹង​ ហើយ​រត់​តាម​ផ្លូវ​លេខ៤៧​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ រួច​​រត់​ឡើង​ស្ពាន​ជ្រោយ​ចង្វា​ពី​ប៉ែក​ខាង​លិច​ក្នុង​គោល​បំណង​លោត​ទឹក​សម្លាប់ខ្លួន ​ដោយ​មាន​បងប្អូន​​ និង​ដេញ​តាម​ពីក្រោយ​។ នៅ​ពេល​នោះ​បង​ប្អូន​ប៉ូលិស​ការ​ពារ​ស្ពាន​ជ្រោយ​ចង្វា​បាន​នាំ​គ្នា​ឃាត់​​នាង​ទាន់ រួច​នាំ​ទៅ​អង្គ​ភាព​ដើម្បីសួរ​នាំ​។


 នៅ​ចំពោះ​មុខសមត្ថ​កិច្ច​ នារី​រូប​នោះ​គិត​តែ​ពី​យំ​ស្រែក​រហូត​ដល់​​សន្លប់​​ដេក​​ស្តូក​ស្តឹង​។ មុន​​ដួល​សន្លប់​​នាង​យំ​រៀប​រាប់​​ថា «ឪពុក​​មាន​ស្រី​ខ្ញុំ​​ពុំ​ចង់​រស់​នៅ​ឡើយ​»។ នាង​ឱ្យ​ដឹង​ថា ឪពុក​នាង​ធ្វើ​ការ​នៅ​នាយក​ដ្ឋាន​ភាព​យន្ត​។ ខណៈ​នាង​ចាន់ អានិត សន្លប់​ បុរស​ម្នាក់​ដែល​អះ​អាង​ថា ជាបង​ប្អូន​បាន​នាំ​យក​ទៅ​កាន់​មន្ទីរ​ពេទ្យ​។​


 ដោយ​ឡែក​ក្នុង​ហេតុ​ការណ៍​ដូច​គ្នា​នេះ​ដែរ​កាល​ពី​វេលា​ម៉ោង​១០ និង​៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែ​តុលា ស្ត្រី​ខ្មែរ​ម្នាក់​មាន​ប្តី​ជា​ជន​ជាតិ​តៃ​វ៉ាន់​ជិះ​ម៉ូតូ​ឌុប​ទៅ​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើស្ពាន​ជ្រោយ​ចង្វា​ តែ​ត្រូវ​សមត្ថ​កិច្ច​ប៉ូលិស​ចេញ​ទូក​ទៅ​ជួយ​សង្គ្រោះ​ទាន់​។ ស្ត្រី​រូប​នោះ​ឈ្មោះ​ម៉ី លីញ អាយុ​៣០​ឆ្នាំ មាន​ទី​លំនៅក្នុង​បុរី​សាន់​វេផ្ទះ​​លេខ​១១ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួល​គោក​​។


 នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​​ស្ត្រីមាន​វិបត្តិ​​ឱ្យ​ដឹង​ថា ​នាងលោត​ទឹក​ប៉ង​សម្លាប់ខ្លួន​ដោយ​សារ​តែ​ប្តី​វាយ​ធ្វើ​បាប​រហូត​ដល់​ខៀវ​ភែ្នក​ ព្រោះតែ​រឿង​ប្រចណ្ឌ​។ ប្តី​របស់​នាង​ឈ្មោះ​សៀង អាយុ​៥៥​ឆ្នាំ​ ជា​ជន​ជាតិ​ចិន​តៃ​វ៉ាន់​ ជា​អ្នក​រក​ស៊ី​គួក​ជេដី​ រស់​នៅ​ជាមួយ​គ្នា​រយៈ​ពេល​២​ឆ្នាំ​មក​ហើយ ។ ​ប្តី​របស់​នាង​មាន​កូន​២​នាក់​ជាមួយ​ប្រពន្ធ​មុន។ ការ​រួម​រស់​ជាមួយ​គ្នា​មិន​មាន​សេចក្តី​សុខ​ទេ ដោយ​សារ​ប្តី​ប្រចណ្ឌ​ និង​វាយ​ធ្វើ​បាប​មក​លើ​រូប​នាង​ឥត​ស្រាក​ស្រាន​សោះ​។


 ដោយ​សារ​ទ្រាំ​រស់​នៅ​នឹង​ការ​វាយ​ធ្វើ​បាប​មិន​បាន​នាងក៏​​ជិះ​ម៉ូតូ​ឌុប​ទៅ​លោត​ទឹក​សម្លាប់​ខ្លួន​ តែ​ត្រូវ​​ប៉ូលិស​ជួយ​ស្រង់​ទាន់​ ព្រម​ទាំង​​អប់រំ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕










ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes