សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 7, 2011

ម្ដាយ​លង់​ដំណេក​​កូនប្រុស​អាយុ​២​ខួប​​ដេក​ក្បែរ​រមៀល​ពីលើ​​គ្រែ​ធ្លាក់​ចូល​ទឹក​ស្លាប់​


ក្រុម​គ្រួសារ​មួយ​ដែល​មាន​ជីវភាព​ក្រលំបាក​បាន​ជួប​រឿងហេតុ​ផ្ទួនៗ​គ្នា​ គឺ​ជីតា​មាន​ជំងឺ​ទឹកនោមផ្អែម​ធ្ងន់ធ្ងរ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ពេល​នេះ​បាន​ជួប​ហេតុការណ៍​សោកសង្រេង​​គឺ​ចៅប្រុស​អាយុ​ទើបតែ​២​ខួប​ ដែល​ដេក​នៅ​លើ​គ្រែ​ក្រោមផ្ទះ​ជាមួយ​ម្ដាយ​បាន​រមៀល​ពីលើ​គ្រែ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្បែរ​គ្រែ​ដេក​ដែល​មាន​ជម្រៅ​ទឹក​ត្រឹម​ជង្គង់​ ។​
​ហេតុការណ៍​ដែល​នឹក​ស្មាន​មិន​ដល់​ខាងលើ​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​ក្រុម​គ្រួសារ​កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០១១​ នៅ​ចំណុច​ក្រោមផ្ទះ​របស់​កុមា​រា​រង​គ្រោះ​ ស្ថិត​ក្នុងភូមិ​ដីឥដ្ឋ​កោះ​ផុស​ ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ​ ។
​ក្មេង​ប្រុស​រង​គ្រោះ​ដែល​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ក្នុង​ទឹក​ក្បែរ​គ្រែ​ដេក​របស់​ខ្លួន​នេះ​ឈ្មោះ​ ស​ សុ​ផា​ អាយុ​ទើប​តែ​២​ខួប​ ម្ដាយ​ឈ្មោះ​ ស​ សុផល​ អាយុ​២១​ឆ្នាំ​ រកស៊ី​ធ្វើ​ជ្រក់ត្រសក់​លក់​ ឪពុក​ឈ្មោះ​ខៃ​ សំ​អឿ​ន​ អាយុ​២៤​ឆ្នាំ​ ទៅ​ធ្វើការ​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​ ។​
​ហេតុការណ៍​អាណោចអាធ័ម​ខាងលើ​នេះ​ត្រូវ​បាន​ស្ដ្រី​ម្នាក់​ដែល​ត្រូវជា​ជីដូន​របស់​កុមា​រា​រង​គ្រោះ​បាន​រៀបរាប់​ដោយ​ទឹកភ្នែក​ថា​ នៅ​យប់​ថ្ងៃ​កើតហេតុ​ រូប​គាត់​បាន​ជាប់រវល់​ទៅ​កំដរ​ប្ដី​ដែល​ត្រូវ​ជា​ជីតា​របស់​ក្មេង​ប្រុស​រង​គ្រោះ​នៅ​មន្ទីរ​ពេទ្យ​រុ​ស្ស៊ី​ ដោយសារ​តែ​ជំងឺ​ទឹកនោម​ផ្អែម​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ដំបៅ​ជើង​មើល​មិនជា​តម្រូវ​ឱ្យ​កាត់​។​ នៅ​យប់​នោះ​ពុំ​មាន​អ្នក​ណា​ដេក​នៅ​លើ​ផ្ទះ​នោះ​ឡើយ​ ព្រោះ​កូនចៅ​របស់​គាត់​ពិបាក​ឡើង​ចុះ​ផ្ទះ​លិច​ទឹក​ទៀត​ ហើយ​ពួក​វា​ក៏​នាំ​គ្នា​ដេក​លើ​គ្រែ​ក្រោមផ្ទះ​ដើម្បី​ងាយស្រួល​ងើប​រើ​ជ្រក់ត្រសក់​យក​ទៅ​លក់​នៅ​ផ្សារ​ ។​ 
​ស្ដ្រី​រូប​នោះ​បាន​បន្ដ​ទៀត​ថា​ ស្រាប់តែ​នៅ​វេលា​ម៉ោង​២​និង​៤៤​នាទី​ កូន​របស់​គាត់​បាន​ងើប​មក​រើ​ជ្រក់ត្រសក់​ហើយ​មិន​ឃើញ​ចៅ​ដេក​នៅ​លើ​គ្រែ​នោះ​ឡើយ​ស្រាប់តែ​រាវ​ក្នុង​ទឹក​ក្បែរ​គ្រែ​ក៏​ប្រទះ​ឃើញ​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ​ធ្វើ​ឱ្យ​មានការ​ក្ដុកក្ដួល​រំជួលចិត្ដ​ទាំង​កណ្ដាល​យប់​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​តែ​ម្ដង​ ។​ 
​ស្ដ្រី​ជា​ម្ដាយ​ឈ្មោះ​ ស​ សុផល​ បាន​យំ​រៀបរាប់​ក្បែរ​សាកសព​កូនប្រុស​ជាទី​ស្រឡាញ់​របស់​ខ្លួន​ថា​ នៅ​យប់​នោះ​ដោយ​អស់កម្លាំង​ពី​ក្បាល​ព្រលប់​ក្នុង​ការ​ធ្វើ​ជ្រក់ត្រសក់​ដាក់​ក្នុង​ពាង​ ហើយ​ក៏​នាំ​កូន​ប្អូនស្រី​ប្រុស​២​នាក់​ទៀត​ដេក​លើ​គ្រែ​រួម​គ្នា​ដោយ​ដាក់​កូនប្រុស​ឱ្យ​ដេក​ក្បែរ​។​ ជា​រៀង​រាល់​យប់​តែងតែ​ភ្ញាក់​ឡើង​ដើម្បី​មើល​កូន​រហូត​គឺ​ពុំដែល​ដេក​លង់​នោះ​ទេ​។​ នៅ​យប់​ថ្ងៃ​កើតហេតុ​ដោយ​អស់កម្លាំង​ ពេក​ពេលដេក​គឺ​ពុំ​បានដឹង​ខ្លួន​នោះ​ឡើយ​ហើយ​ក៏​ពុំ​បានដឹង​ថា​កូនប្រុស​របស់​ខ្លួន​រមៀល​ធ្លាក់​ពីលើ​គ្រែ​ពេល​ណា​នោះ​ឡើយ​ ស្រាប់តែ​ភ្ញាក់​ឡើង​ដើម្បី​រើ​ជ្រក់ត្រសក់​យក​មក​លក់​ក៏​មិនឃើញ​កូន​នៅ​លើ​គ្រែ​នាំ​គ្នា​ឆោឡោ​រាវរក​ឃើញ​ក្នុង​ទឹក​ក្បែរ​ជើង​គ្រែ​ដែល​ដេក​ជាមួយ​គ្នា​ ។​
​ស្ដ្រី​ជា​ម្ដាយ​បាន​រៀបរាប់​ដោយ​ការ​អាណិតអាសូរ​ទៀត​ថា​ នេះ​ជា​កូនប្រុស​ទី​១​ កន្លង​មករ​ពិស​ណាស់​ហើយ​ជា​ក្មេង​ឆ្លាត​ថែម​ទៀត​ផង​ មិន​គួរ​ណា​ជួប​ហេតុ​ការណ៍​អាក្រក់​ដូច្នេះ​សោះ​ ។​ 
​បន្ទាប់​ពី​ទទួល​បាន​នូវ​ដំណឹង​អកុសល​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ផង​របង​ជា​មួយ​មានការ​អាណិត
អាសូរ​យ៉ាង​ខ្លាំង​នាំ​គ្នា​ដើរ​លុយ​ទឹក​ត្រឹម​ជង្គង់​ទៅ​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​សព​ ហើយ​គ្រួសារ​ខ្លះ​ទៀត​បាន​រៃ​អង្គាស​ជា​ប្រាក់​ដើម្បី​រៀបចំ​ធ្វើ​ក្ដារ​មឈូស​បញ្ចុះសព​ក្មេង​ប្រុស​រង​គ្រោះ​។​ ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​ដែល​កើត​មាន​ចំពោះ​ក្រុម​គ្រួសារ​កុមា​រា​រង​គ្រោះ​រួច​មក​ប្រជាពលរដ្ឋ​ សូម​អំពាវនាវ​ដល់​សប្បុរសជន​មេត្ដា​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​សព​ក្មេង​ប្រុស​រង​គ្រោះ​នេះ​ផង​ ៕




ពីគេហទំព័រ៖ នគរវត្ត

No comments:

Post a Comment

yes