ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមថ្វីត្បិតតែរស់ នៅក្រោម ការកាន់ កាប់របស់វៀតណាមទាំងស្រុងក៏ ដោយបាន ព្យាយាមរក្សាភាសាខ្មែរបានច្រើន។ ប្រជាពលរដ្ឋខ្មែរ កម្ពុជាក្រោមនាពេលបច្ចុប្បន្ន អះអាងថាពួកគាត់ រក្សា ប្រពៃណីទំនៀមទម្លាប់ និងភាសានិយាយមួយចំនួន បាន មិនប្រើភាសាវៀតណាមនោះទេ ទោះបីជាពួក គាត់រស់ នៅក្នុងរបបគ្រប់គ្រងដោយរដ្ឋាភិបាល វៀតណាមក្ដី។ ពីមួយជំនាន់ទៅមួយចំនួន ពួកគាត់ បានរក្សាប្រពៃណី ទំនៀមទម្លាប់ និងភាសានិយាយ ដូចជាការហៅទីតាំង ឬទីកន្លែង និងហៅឈ្មោះនំមួយ ចំនួន ពួកគាត់មិនហៅតាមភាសាវៀតណាមទេ។ អតីតនាយទាហានរណសិរ្សរំដោះជាតិកម្ពុជា លោក លឹម សំបូរ បានរៀបរាប់ថា ថ្វីត្បិតតែគាត់បានមករស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ៣០ ឆ្នាំមកហើយក្ដី ប៉ុន្តែគាត់នៅតែមានទំនាក់ទំនងល្អជា មួយប្រជាពលរដ្ឋខ្មែរនៅទឹក ដីកំណើត ហើយក៏រក្សាភាសានិយាយ និងការបញ្ចេញសូរសំឡេង ឬហៅថាតង់ និយាយដដែល។
លោក លឹម សំបូរ បានលើកឡើងថា លោកសង្កេតឃើញប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានហៅទីកន្លែង និងឈ្មោះនំខ្លះខុសពីខ្មែរកម្ពុជាក្រោម។ លោកបានលើកឧទាហរណ៍ដូចជា ការហៅដឿងហែមផ្សារ ខ្មែរក្រោមហៅថាច្រកផ្សារ។ នំបាញ់ឆែវជាភាសាវៀតណាម ខ្មែរក្រោមហៅថា នំចាក់អំបែង បាញ់ឈូយនឿកក៏ដូចគ្នាដែរ ខ្មែរក្រោមហៅនំអណ្ដែតទឹកជាដើម។
ព្រះចៅអធិការវត្តមួយនៅខែត្រក្រមួនស សុំមិនបញ្ចេញឈ្មោះ មានថេរដីកាថា នៅមានឈ្មោះនំជាច្រើនទៀត ដែលប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ឬនៅប្រទេសកម្ពុជា ហៅខុសគ្នានឹងខ្មែរក្រោម មានដូចជា បង្អែមជាដូវ ខ្មែរកម្ពុជាក្រោមហៅថា បបរសណ្ដែក។ នគរបាលចរាចរផាកអ្នកធ្វើដំណើរ ខ្មែរក្រោមហៅថា នគរបាលពិន័យ ឬពិន័យតាមច្បាប់។
ទោះបីជាយ៉ាងណាក៏ដោយ ព្រះអង្គមានថេរដីកាបន្ថែមថា ការទទួលឥទ្ធិពលពីវៀតណាម គឺជៀសមិនផុតទេទាំងខ្មែរកណ្ដាល ទាំងខ្មែរក្រោម ពីព្រោះថា ប្រជាពលរដ្ឋខ្មែរក្រោមជាច្រើនរស់នៅលើទឹកដីកំណើតរបស់ខ្លួននោះ បានបាត់បង់ភាសានិយាយរបស់ខ្លួនដែរ ដោយសារតែពួកគាត់មួយចំនួនចូលរៀនភាសាវៀតណាមតាំងពីក្មេង និងមួយចំនួនទៀតមិនដឹងថា តើខ្មែរពីដើមហៅដូចម្ដេច ដូចជាផ្លែឈើមួយចំនួនជាដើម ពួកគាត់ហៅតាមភាសាវៀតណាម។
បន្ថែមពីលើនេះទៀត ក្រុមប្រជាពលរដ្ឋខ្មែរក្រោមបានពន្យល់ថា ព្រះចៅអធិការវត្ត ឬព្រះសង្ឃនីមួយៗ ដែលជាមេដឹកនាំសាសនាព្រះពុទ្ធបានព្យាយាមណែនាំ និងបង្រៀនអំពីប្រពៃណីទំនៀមទម្លាប់របស់ខ្លួន មិនឲ្យបាត់បង់ទេ ពិសេសភាសានិយាយ ពីព្រោះថា ការហៅឈ្មោះនំ ឬទីតាំងណាមួយនោះ បើសិនជាពាក្យខ្មែរមាន ហើយគេមិនហៅតាមខ្មែរទេនោះ មិនយូរមិនឆាប់ ពាក្យទាំងនោះនឹងបាត់បង់។ ហើយបញ្ហាសំខាន់ គេព្រួយបារម្ភចំពោះក្មេងៗជំនាន់ក្រោយ ពួកគាត់នឹងហៅតាមទម្លាប់ពីឪពុកម្ដាយ ឬសង្គម ដែលជាកត្តាធ្វើឲ្យពាក្យខ្មែរបាត់បង់ បើសិនជាពួកគាត់មិននាំគ្នាថែរក្សាទេនោះ។
លោក សឺន សូប៊ែរិ៍ ជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ លោកមានប្រសាសន៍ថា ខ្មែរកម្ពុជាក្រោមនៅក្នុងសតវត្សទី១៩ គេបានថែរក្សាប្រពៃណីទំនៀមទម្លាប់ និងភាសាខ្លាំងក្លា ដូច្នេះទំនៀមទម្លាប់ និងភាសានិយាយបានបន្សល់ទុកដល់ជំនាន់បច្ចុប្បន្ន។
ដោយឡែកសម្រាប់ប្រទេសកម្ពុជាវិញ មានវិបត្តិនយោបាយជាច្រើនដំណាក់កាល ហើយកម្ពុជាងាយនឹងទទួលឥទ្ធិពលពីបរទេស មិនថាវៀតណាមនោះទេ ការប្រើភាសានិយាយកម្ពុជាអាចទទួលឥទ្ធិពលពីបារាំង និងថៃជាដើម។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមនៅប្រទេសកាណាដា លោក ថាច់ ង៉ុកថាច់ បានឲ្យដឹងថា ការប្រើភាសាខ្មែរនេះ គួរតែវិលទៅមើលវចនានុក្រមសម្ដេចសង្ឃ ជួន ណាត វិញជាការប្រសើរ។ លោកបញ្ជាក់ចំពោះបញ្ហាហៅនំនែកមួយចំនួនតាមវៀតណាមនេះ វាអាចមកពីវៀតណាមចូលមករស់នៅស្រុកខ្មែរច្រើនក៏អាចថាបាន។
ការប្រើពាក្យវៀតណាមមួយចំនួន ដូចជាការហៅទីកន្លែង និងឈ្មោះនំខ្លះតាមវៀតណាមនោះ គេកត់សំគាល់ឃើញថា ប្រជាពលរដ្ឋខ្មែរមួយចំនួនហៅតៗគ្នា គេគិតថា ការហៅឈ្មោះទាំងនោះជាពាក្យរបស់ខ្មែរតាំងពីដើមមក ដូចជាបេនឡាន តាមពិតភាសាខ្មែរគេហៅថាចំណតឡាន។
តំណាងសហគមន៍ខ្មែរក្រោមបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំង អស់ គួរតែប្រើពាក្យខ្មែរវិញ ហើយកុំប្រើភាសាវៀតណាមបន្តទៀត ពីព្រោះថា ឈ្មោះនំ ឬហៅទីកន្លែងមួយចំនួននោះ គេអាចហៅតាមភាសាខ្មែរបាន ដើម្បីកុំឲ្យក្មេងៗជំនាន់ក្រោយមានទម្លាប់ហៅបន្តទៀត ខណៈដែលប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិរស់នៅឯករាជ្យ មិនមានអ្នកណាគាបសង្កត់ដូចពួកគាត់រស់នៅទឹកដីកំណើតរបស់ខ្លួន ដែលមានការគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាមនោះ៕
ប្រភពព័ត៌មាន៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment
yes