Monday, October 17, 2011

បុកទៀត​ហើយ!​ គឺ​រថយន្ត​​​លោកព្រហ្ម​​ម៉ាញ​​​បុកអ្នកជិះ​ម៉ូតូ​របួសធ្ងន់​​​២នាក់ ​បើក​រត់​​​ដល់​ភ្លើង​ស្តុប​​មន្ទីរពេទ្យ​​ព្រះកុសុមៈ​


 រថយន្ត​​​ម៉ាក CHEVROLET មួយគ្រឿង​​​របស់​លោក​ព្រហ្ម ម៉ាញ ​អ្ន​ក​ចម្រៀង​​​អាយ៉ៃ​ជើងចាស់ បាន​បើកបរ​​បោះ​ពួយ​ក្នុង​ល្បឿន​​យ៉ាងលឿន​​ ដែល​តាម​​​ការអះអាង​ថា ត្រឡប់​មក​​ពីកម្សាន្ត​​នៅខេត្តព្រះសីហនុ​ ​​បាន​ជ្រុលទៅ​បុកជាមួយម៉ូតូ​១គ្រឿង ពេញ​ទំហឹង​​​លាន់​​សូរ​ដូច​រន្ទះ​ បណ្តាល​ឱ្យ​​​​របួស​ធ្ងន់​ធ្ងរ​​២​នាក់ ​​​ស្ទើរស្លាប់ស្ទើររស់​ បន្ទាប់​មក​​រថយន្តនោះ​​​បាន​បើក​​រត់គេចខ្លួន​​​សំដៅចូល​​​ភ្នំពេញ​មិន​បាន​​​ឈប់​​​​ដើម្បី​ដោះស្រាយ​​​គ្នា​តាម​ផ្លូវ​ច្បាប់​​​សិន​នោះ​ឡើយ ​។


 សំណាញ់​ច្បាប់​នៅ​តែ​​ល្អិត​ស្វិត​ដដែល​ រថ​យន្ត​លោក​ព្រហ្ម ម៉ាញ​ បើក​​​​រត់​ដល់​ត្រង់ចំណុច​​​​ម្តុំ​​ភ្លើង​ស្តុប​​​​ពេទ្យ​​លោកសង្ឃ​​ (ព្រះ​កុសុមៈ) ក៏ត្រូវ​​​បានកម្លាំង​​ប៉ូលិស​​​​​ចរាចរណ៍​​រាជធានី​ភ្នំពេញ ដែល​​​ឈរ​ជើង​​​​នៅគោលដៅ​​នោះ ស្ទាក់​ចាប់​បាន ព្រោះ​​​​ពេល​បុក​ម៉ូតូ​បណ្តាល​ឱ្យ​មនុស្ស​​ពីរនាក់​​​របួសធ្ងន់​​ហើយ​​​នោះ ​ប៉ូលិស​​ស្រុក​អង្គស្នួល​បាន​ផ្តល់​ព័ត៌​មាន​ដល់​សមត្ថកិច្ច​​រាជធានី​​ភ្នំពេញ​​ ឱ្យ​ជួយស្ទាក់​​​ចាប់​ ហើយ​​ពេល​នោះ​ក៏មានការ​ប្រកាស​​​​​តាមវិទ្យុទាក់ទង ​​​ផ្អើល​មួយ​ចំហៀង​​​​ក្រុង ​ដោយ​សារ​រថយន្ត​​​តាម៉ាញ ​ទីបំផុត​រត់​មិន​រួច​។ ​ប៉ុន្តែ​​​អ្វីដែល​​គេ​​​​នឹកស្មាន​​​​មិនដល់​នោះ ក្រោយ​ពេល​​​សមត្ថ​កិច្ច​​ឃាត់​រថយន្ត​​​​បាន និង​​​មានអ្នក​កាសែត​​មួយ​ចំនួន​បានទៅ​​ថត​រូប​​​យកព័ត៌​មាន​ ​ស្រាប់តែ​​​ឃើញស្ត្រី​​​​ស្រស់ស្អាត​​​​ម្នាក់​អាយុ​ប្រហែល​ជាង​​​២០ឆ្នាំប៉ុណ្ណោះ ​​​បានចុះពី​លើ​​រថ​យន្ត​​​​​នោះ​ចង្អុល​​​​មុខ​ជេរ​ប្រមាថ​អ្នក​កាសែត​​​​​យ៉ាង​ចាស់​ដៃ បញ្ចេញ​ឫកពា​ទំនើង ​មិន​ស័ក្តិ​សម​​​​នឹង​រូប​​​​​ស្រស់​សោភានោះឡើយ ​ម្យ៉ាងទៀតគំរាម​​​​​ប្តឹង​អ្នក​កាសែតបើ​​​ហ៊ាន​​ចុះផ្សាយ។ សូម​នាង​​ទៅរៀន​ច្បាប់​​ស្តីពី​​របប​សារព័ត៌មាន​​​​ឱ្យបាន​ស៊ី​ជម្រៅ​​សិនទៅ​។


 ឧប្បត្តិហេតុ​​​គ្រោះថ្នាក់​​​ចរាចរណ៍​នោះ​បាន​កើតឡើង​​​​កាលពីវេលាម៉ោង​​​៦​និង​​​៤០នាទីល្ងា​ច​ថ្ងៃទី​​​១៦ ​តុលា ​​២០១១ ​​លើកំណាត់ផ្លូវជាតិ​លេខ​​​​​៤ ​ត្រង់​​​ចំណុចភូមិ​​ត្រពាំង​​ច្រនាង ​​ឃុំ​ពើក ស្រុក​​​អង្គស្នួល​ ខេត្ត​កណ្តាល ។​ រថយន្ត​ម៉ាក CHEVROLET មួយ​គ្រឿង​នោះ ពណ៌​​ខ្មៅ ពាក់​ស្លាក​​​លេខ​បណ្តោះ​អាសន្ន ១៥៩១ ជិះ​គ្នា​៤​ទៅ​៥​នាក់ ជា​ក្រុម​គ្រួសារ​​រប​ស់​លោក​ព្រហ្ម​​ ម៉ាញ​ ហើយ​ស្ត្រី​ម្នាក់​ដែល​ជេរ​ប្រមាថ​អ្នក​កាសែត​នោះ​គេ​ពុំ​ដឹងថា ជា​សាច់​​ញាតិ​របស់​លោក​​​​ព្រហ្ម​ មា៉ញមែន ឬ​មិន​មែន​​នោះឡើយ ។ ម្យ៉ាងទៀត​ក្រោយ​ពេល​ឃាត់​​បាន​​ប៉ូលិស​ចរា​ចរ​រាជធានីភ្នំពេញ​បាន​ប្រគល់​រថយន្ត​នោះ​ទៅ​ឱ្យ​ប៉ូលិស​ស្រុក​​អង្គ​ស្នួល ​នាំ​យក​ទៅ​រក្សា​ទុក ហើយ​មាន​បុរស​ម្នាក់​​ឈ្មោះ​​សឹុម សាខន ​អាយុ​៤៤​ឆ្នាំ ​ជាកសិ​ករ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង ចេញ​មុខ​អះអាង​ប្រាប់​​ប៉ូលិសថា ​ខ្លួន​ជាអ្នក​បើ​ក​​បរ​រថយន្ត​នោះ ចំណែក​​លោក​ព្រហ្ម​​ម៉ាញ​អត់​បាន​ទៅ​ជា​មួយ​នោះ​ទេ គឺ​លោក​កំពុង​​ជាប​់រវល់​នៅ​ឯ​ផ្ទះ​យាយ​យ៉យ​ដែល​ជា​តារា​កំប្លែក​ដែរ ។ លុះ​​ក្រោយ​មក​ទៀត​បុរស​នោះ​​បាន​ប្រាប់​ប៉ូលិស​​ផ្សេង​វិញ​ថា រថយន្ត​នោះ​ខ្លួ​ន​បាន​ទិញ​ពី​លោក​ព្រហ្ម​មា៉ញ​កាល​ពី​អំឡុង​​ខែសីហា ​កន្លង​ទៅ​នេះ មិន​មែន​ជា​រថយន្ត​រប​ស់​លោក​ព្រហ្ម​មា៉ញ​​នោះ​
ទេ ។ ប៉ុន្តែ​​ប៉ូលិស​ចរាចរណ៍​រាជធានីភ្នំពេញ​​​បាន​​បញ្ជាក់​​​​ច្បាស់​ណាស់​ថា ​​ពេលឃាត់​​​រថយន្តបាន ឬ​រថយន្ត​​​​អស់​ផ្លូវ​រត់ គេ​ឃើញ​​លោក​ព្រហ្ម ម៉ាញ​​បើកទ្វារ​​ចុះ​​ចេញពី​​រថយន្ត​​ច្បាស់​​​ក្រឡែត ​​រួច​ហើយ​ជិះ​​ម៉ូតូឌុប​ទៅបាត់​...​​ស្រុកខ្មែរ​​ មនុស្ស​ភាគតិច​​​​ណាស់ដែល​មិនស្គាល់​​​តាម៉ាញ​។

 ដោយ​ឡែ​កម៉ូតូ​​ជន​រងគ្រោះ​ដែល​ត្រូវ​រថ​យន្ត​នោះ​បុក​ម៉ាក​វីវ៉ា ពណ៌ខ្មៅ ពាក់​ស្លាក​​លេខ​ភ្នំពេញ ​1N-3800 ជិះ​គ្នា​​ពីរនាក់​​បើក​បរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ​​ម៉ៅ មិន ​អាយុ​២៣​ឆ្នាំ ជា​និស្សិត​​នាយ​ទាហាន​​សកម្ម​ត្មាត​ពង​មាន​ស្រុក​កំណើត​​ស្រុក​បរិបូណ៍ ខេត្តកំពង់ឆ្នាំង ​រង​របួស​បាក់​​ជើង​ស្តាំ ឯ​ម្នាក់​ទៀត​ដែល​ជាអ្នក​​រួម​ដំណើរ​​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នោះ​ទេ ​រង​របួស​ធ្ងន់​ធ្ងរ​ដែរ ។



ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes