Monday, October 17, 2011

សង្ឃ​កំហូច​ដាក់​ថ្នាំ​រំលោភ​ស្ត្រី​ក្នុង​វត្ត​ត្រូវ​បាន​តុលាការ​ខេត្ត​កណ្ដាល​លើក​លែង​ទោស​

 ​អតីត​សង្ឃ​កំហូច​គង់​នៅ​វត្ត​មហារាជដ្ឋាន​​ស្ថិត​នៅ​ក្នុង​ភូមិ​ ភ្នំ ​ឃុំ ​ផ្សារ​ដែក​ ស្រុក ​ពញាឮ​ ​ខេត្ត​កណ្ដាល ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ផ្សឹក​ដោយសារ​ពាក់ព័ន្ធ​នឹង​អំពើ​ដាក់​ថ្នាំ​សណ្ដំ​រំលោ​ភ​ស្ត្រី​ក្រមុំ​​នៅ​ក្នុង​វត្ត​ត្រូវ​បាន​ក្រុមប្រឹក្សា​ជំនុំជំរះ​តុលាការ​ខេត្ត​កណ្ដាល​សម្រេច​លើក​លែង​ចោទ​ប្រកាន​​ទាំង​ស្រុង ​ជា​ហេតុ​ធ្វើ​ឲ្យ​ជនរងគ្រោះ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង។​


សេចក្ដីរាយការណ៍​ពី​ខេត្ត​កណ្ដាល​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១១ ក្រុមប្រឹក្សា​ជំ​នុះ​ជំ​រះ​តុលាការ​ខេត្ត​កណ្ដាល​ដែលមាន​លោក ចៅក្រម ស៊ិន វិ​រៈ ជា​ប្រធាន​ក្រុមប្រឹក្សា លោក ថូ​វ ចាន់​ផូ ជា​ចៅក្រម លោក កេង សុ​ម៉ា​រិ​ទ្ធ ជា​ចៅក្រម​ប្រឹក្សា និង លោក វង្ស ប៊ុន​សិទ្ធ ជា​តំណាង​អយ្យការ​បាន​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៤៩១ អក​ចុះ​ថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០១០ សម្រេច​លើកលែងទោស​ចោទប្រកាន់​លើ​ឈ្មោះ ចេង ឌី​ណែ​ត ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ កើត​នៅ​ភូមិ ​ខ្លែង ឃុំ ខ្លែង ស្រុក​សណ្ដាន់ ខេត្ត​​កំពង់ធំ មុខរបរ​ពេល​ប្រព្រឹត្តិ​បទល្មើស ជា​សង្ឃ គង់នៅ​វត្ត មហារាជ​ដ្ឋា​ន ឪពុក​ឈ្មោះ ចេង ហុក​តេ ម្ដាយ​ឈ្មោះ ទេស ចាន់​តារា ឲ្យ​រួចផុត​ពី​បទ​ចោទ​រំលោភ​សេពសន្ថវៈ ប្រព្រឹត្តិ​កាលពី​ថ្ងៃទី ​៣១​ ខែ ​ឧសភា  ឆ្នាំ ២០១០ នៅ​លើ​កុដិ ក្នុង​វត្ត មហារាជដ្ឋា​ន​ស្ថិត​ក្នុងភូមិ ភ្នំ ឃុំ​ផ្សារ​ដែក ស្រុក ពញាឮ ខេត្ត​ក​កណ្ដាល។


សាលក្រម​របស់​ក្រុមប្រឹក្សា​ជំនុំជំរះ​តុលាការ​ខេត្ត​កណ្ដាល​ខាង​លើនេះ ក៏បាន​បើកផ្លូវ​ឲ្យ​ជនរងគ្រោះ​ប្ដឹង​ឧទ្ធរណ៍ តាម​កំណត់​ច្បាប់​ផង​ដែរ ប៉ុន្តែ​សេចក្ដីសម្រេច​នេះ​បាន​ធ្វើ​ឲ្យ​ជនរងគ្រោះ ព្រមទាំង​ក្រុម​គ្រួសារ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង និង បាន បញ្ចេញ​កំហឹង​ឈឺចាប់​ដោយ​ចាត់ទុកថា ធម៌ និង អគតិ​បំផុត​មក​លើ​ជនរងគ្រោះ ដែល​ជា​ក្មេង​មាន​វ័យ១៨ឆ្នាំ ហើយ ជនរងគ្រោះ​បាន​ប្រាប់​ឪពុក​របស់​ខ្លួន ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​របស់​តុលាការខេត្ត​កណ្ដាល​លើ​សេចក្ដីសម្រេច​ទាំងស្រុង។


ប្រភព​ព័ត៌មាន​បា​ន​បន្ត​ទៀត​ថា​មុនពេល​មានការ​ប្រកាស​សាលក្រម នេះ​ក្រុម​​ប្រឹក្សា​ជំនុំជំរះ តុលាការខេត្ត​កណ្ដាល​បាន​លើកយក​សំណុំរឿង​សង្ឃ​កំហូច​ ចេង ឌី​ណែ​ត ​ដាក់​ថ្នាំ​សណ្ដំ​ហើយ​រំលោភ​ផ្លូវភេទ​លើ​នារី​រងគ្រោះ មក​តាក់​ក្ដី ចំនួន ២ដង​រួច​មកហើយ កាលពី​ខែ កញ្ញា កន្លងទៅ។ ប៉ុន្តែ​ទើប​យក​មក​ប្រកាស​សាលក្រម​នៅ​ព្រឹក​ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១១ ក្រោយ​ពេល​ដែល​តុលាការ​បាន​ធ្វើ​មេអណ្ដើក​ផ្សះផ្សា​ឲ្យ​ជនរងគ្រោះ​ទទួល​សំណង​រដ្ឋប្បវេណី​ប៉ះប៉ូវ​កិត្តិ​យ​របស់​ខ្លួន​ចំនួន ៣០០០ដុល្លារ ប៉ុន្តែ​ក្រុម​គ្រួសារ​ជនរងគ្រោះ​មិន​ព្រម​ទទួលយក​ដោយ​ចង់​ឲ្យ​តុលាការ ផ្ដន្ទាទោស​ជន​ត្រូវ​ចោទ​តាមច្បាប់ ព្រោះ​អំពើ​ល្មើស​ដែល​ជន​ចាប់​ចោ​ទ​បាន​ប្រព្រឹត្តិ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កិត្តិយស និង អនាគត​របស់​នារី​រ​ង​គ្រោះ។ នៅពេល​ប្រកាស​សាលក្រម​តុលាការ​បែរជា​លើកលែងទោស​ចោទប្រកាន់​ជនជាប់ចោទ​ទាំងស្រុង​ទៅវិញ​ ទោះបីជា​អំឡុង​ពេល​សវនាការ​ជន​ជាប់ចោទ​បាន​សារភាព​ពី​ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​ជនរងគ្រោះ​ក៏ដោយ។


សូម​បញ្ជាក់ថា នៅ​ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១០ វេលា​ម៉ោង ១០ និង ៣០នាទី​ព្រឹក ឈ្មោះ ចេង ឌី​ណែ​ត (ជា​សង្ឃ) បាន​ទូរស័ព្ទ មក​ឈ្មោះ ស៊ុំ ស្រីណាល់​ អាយុ ១៨ឆ្នាំ ជា​សិស្ស សាលា ឲ្យ​មក​កុដិ​ជួប​លោក ពេលនោះ ឈ្មោះ ស៊ុំ ស្រីណាល់ ក៏បាន​មក​ជួប ហើយក៏​ត្រូវ​ឈ្មោះ ចេង ឌី​ណែ​ត យក​ទឹកក្រូច​មួយ​កំប៉ុង​គាស់​រួចជាស្រេច​ឲ្យ​ឈ្មោះ ស៊ុំ ស្រី​ណា​ល់ ពេល​ហូប​ហើយ​ស្រាប់​តែ​មាន​អាការៈ​វិលមុខ ងងុយដេក ហើយក៏​លែង​ដឹងខ្លួន​ទៅ។ ឆ្លៀត​ពេល​ដែល​ជនរងគ្រោះ​លែង​ដឹងខ្លួន សង្ឃ​កំហូច ចេង ឌី​ណែ​ត បាន​រំលោភ សេពសន្ថវៈ លើ​ជនរងគ្រោះ​បានសម្រេច​បំណង​ដល់ទី​ជម្រៅ លុះ​ពេល ស៊ុំ ស្រី​ណា​ល់​ដឹងខ្លួន​ឈ្មោះ ចេង ឌី​ណែ​ត បាន​គំរាម​មិន​ឲ្យ​ប្រាប់​នរណា​ដឹង​ឡើយ បើ​មិន​អញ្ចឹង​នឹង​សម្លាប់ចោល ប៉ុន្តែ​ជនរងគ្រោះ​មិន​ខ្លា​ច​ការ​គំរាម ហើយ​ក៏បាន​ប្រាប់​ឪពុកម្ដាយ​ឲ្យ​ប្ដឹង​សមត្ថកិច្ច​លុះដល់ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០១០ ក៏​មាន​គណៈកម្មការ​ធម្មការ និង​សមត្ថកិច្ច​បាន​ចុះទៅ​ផ្សឹក សង្ឃ​កំហូច ចេង ឌី​ណែ​ត ហើយ​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ចាច់​ការ​តាមច្បាប់។ ​បន្ទាប់មក​នៅ​ថ្ងៃទី០១ ខែ មិថុនា​ឆ្នាំ ២០១០ ព្រះរាជា​អាជ្ញា ​និង តុលាការ ខេត្ត​កណ្ដាល​បានសម្រេច​ចោទប្រកាន់ ឈ្មោះ​ចេង ឌី​ណែ​ត ពី​បទ​រំលោភ​សេពសន្ថវៈ ហើយ ឃុំខ្លួន​តាំងពី​ពេល​នោះ​មក៕






ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes