ស្រ្តីពលករនៅមជ្ឈមណ្ឌលក្រុមហ៊ុន T&P ក្នុងខណ្ឌសែនសុខកន្លងមក។
ការហាមប្រាមការបញ្ជូនពលករបម្រើតាមផ្ទះជនជាតិកម្ពុជាទៅប្រទេសម៉ាឡេស៊ី ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃសៅរ៍ មិនគួរត្រូវលុបចោលនោះទេ រហូតទាល់តែប្រទេសទាំងពីរអនុវត្តវិធានការបញ្ឈប់មិនឲ្យមានការស្លាប់ ការរំលោភសេពសន្ថវៈ ការវាយដំ ការឃុំខ្លួនទាំងបង្ខំ និងការជ្រើសរើសពលករក្រោមអាយុ។
ក្រុមអង្គការរួមមានដូចជា អង្គការសិទ្ធិមនុស្ស លីកាដូ អង្គការ Tenaganita និងគណបក្សសម- រង្ស៊ី បានស្វាគមន៍ការហាមប្រាមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែ បានថ្លែងថា ឥឡូវនេះគឺត្រូវតែអនុវត្តឲ្យបានតឹងរ៉ឹងរួមទាំងយន្តជាប់កាតព្វកិច្ចផ្លូវច្បាប់ ដើម្បីបង្ក្រាបការកេងប្រវ័ញ្ចខ្លាំងក្លានៅក្នុងឧស្សាហកម្មនេះ។
កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្រ្តី បានចុះហត្ថលេខាលើសារាចរណែនំាមួយដែលហាមប្រាមបណ្តោះអាសន្នទៅលើក្រុមហ៊ុនជ្រើសពលករមិនឲ្យបញ្ជូនពលករទៅម៉ាឡេស៊ី បន្ទាប់ពីរកឃើញថា មានពលករក្រោមអាយុចំនួន៣៥នាក់ នៅមណ្ឌលបណ្តុះបណ្តាលរបស់ក្រុមហ៊ុនជ្រើសរើសពលករT&P ដែលធ្លាប់មានពាក់ព័ន្ធនឹងការស្លាប់ និងជ្រើសពលករក្រោមអាយុ។
សារាចរណែនំានោះបានលើកឡើងថា ៖ «ថ្មីៗនេះរដ្ឋាភិបាលរកឃើញថា ការបញ្ជូនពលករបម្រើ តាមផ្ទះទៅប្រទេសម៉ាឡេស៊ី មានបញ្ហាអវិជ្ជមានជាច្រើន»។
ប៉ុន្តែកាលពីម្សិលមិញ ប្រធានក្រុមហ៊ុនជ្រើសរើសពលករពីរ គឺក្រុមហ៊ុន Ung Rithy និងក្រុមហ៊ុន Phillimore ទាំងពីរនាក់បានថ្លែងថា ពួកគាត់មិនទាន់បានទទួលសារាចរណែនាំនេះទេ។
កាលពីសប្តាហ៍មុន ក្រុមហ៊ុនជ្រើសរើសពលករ T&P បានក្លាយជាក្រុមហ៊ុនជ្រើសរើសពលករកម្ពុជាទី១ ដែលត្រូវលុបអាជ្ញាប័ណ្ណចេញ ដោយសារបញ្ហារំលោភបំពានសិទ្ធិកម្មករ និងបន្ទាប់ពីមានការអំពាវនាវជាច្រើនខែពីអង្គការសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី ឲ្យបិទក្រុមហ៊ុននោះ និងក្រុមហ៊ុនដទៃទៀត ដែលរកឃើញថា មានការរំលោភបំពានច្បាប់។
តំណាងរាស្រ្តគណបក្សសមរង្ស៊ី លោកស្រី មូរ សុខហួរ ជាសកម្មជនរូបក្នុងចំណោមអ្នកអំពាវនាវទាំងនោះបានថ្លែងពីម្សិលមិញថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យមានការហាមប្រាមនេះ ដោយមិនស្ទាក់ស្ទើរ បន្ទាប់ពីលោកស្រីបានទៅជួបផ្ទាល់ក្នុងពេលសម្រាកនៃកិច្ចប្រជុំសភា។
លោកស្រីបានថ្លែងថា ៖ «មិនមានការបញ្ចុះបញ្ចូលទេ ខ្ញុំទៅជួបលោកផ្ទាល់ជាមួយនឹងការគោរពគ្នាទៅវិញទៅមក ហើយខ្ញុំលើកបញ្ហានេះ ហើយលោកនិយាយថា ខ្ញុំយល់ព្រមជាមួយអ្នក»។
លោកស្រីថ្លែងថា ការប្រព្រឹត្តមិនល្អទៅលើពលករចំណាកស្រុកកម្ពុជា បានក្លាយជាបញ្ហាសង្គមមួយ។
លោកស្រី Irene Fernandez នាយិកាអង្គការសិទ្ធិមនុស្ស Tenaganita ដែលមានមូលដ្ឋាននៅម៉ាឡេស៊ី បានថ្លែងថា កម្ពុជាត្រូវការសូមឲ្យរដ្ឋាភិបាលម៉ាឡេស៊ីធ្វើឲ្យមាននូវកិច្ចសន្យាការងារស្តង់ដារ ដែលផ្តល់នូវសិទ្ធិការងារមូលដ្ឋាន ដូចជាការឈប់សម្រាកមួយថ្ងៃក្នុងមួយសប្តាហ៍ និងការធានាប្រាក់ខែ។
លោកស្រីបានថ្លែងបន្តថា ការប្រព្រឹត្តឲ្យបានស្មើភាពលើពលករបរទេស គឺជាគោលការណ៍ទី១ ដែលរដ្ឋាភិបាលម៉ាឡេស៊ីគួរបញ្ចូល មុនការហាមប្រាមត្រូវបានដកចេញ ហើយលោកស្រី អំពាវនាវឲ្យមានការគាំពារសុខភាព យន្តការដាក់ពាក្យបណ្តឹង និងការធានាថា លិខិតធ្លងដែននឹងមិនត្រូវបានដកហូត៕
ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:
Post a Comment
yes