Friday, October 14, 2011

មាន​ក្រពើ​រួច​ពី​កសិដ្ឋាន​ប្រមាណ​១០០០​ក្បាល​ខណៈ​ពេល​ទឹក​ជំនន់


យោង​តាម​ប្រភព​គេហទំព័រ​សារព័ត៌មាន​ថៃ​ចេញ​ផ្សាយ​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០១១​នេះ​បាន​ឲ្យ​ដឹង​ថា ប៉ូលិស​ថៃ​នៅ​ភូមិ​ភាគ​ទី​៦ បាន​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ហោះ​ហើរ​ពិនិត្យ​មើល​ខេត្ត​មួយ​ចំនួន​ដែល​រង​ការ​លិច​លង់​ដោយ​គ្រោះ​ទឹក​ជំនន់ ជា​ពិសេស​ខេត្ត​ឧទ័យឋានី ដែល​កំពុង​មាន​កំពស់ ទឹក​ជំនន់​លិច​ដាច់​កន្ទុយ​ភ្នែក​នោះ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​ជន​ជាតិ​ថៃ​ម្នាក់​ឈ្មោះ​អាម៉ន​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ នៅ​ក្នុង​ខេត្ត​ខាង​លើ​នេះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្នុង​ស្ថាន​ការណ៍​គ្រោះ​ទឹក​ជំនន់​រយៈ​ពេល​ជាង​១​ខែ​នេះ ទឹក​នៅ​តែ​គ្មាន​តម្រុយ​ថា​នឹង​ស្រក​​ចុះ​​នោះ​ទេ តែ​បែរ​ជា​កើន​ឡើង​រើយ​ៗ​រហូត​មាន​កំពស់​​ជិត ៣​ម៉ែត្រ​ទៅ​ហើយ។

បុរស​ម្ចាស់​កសិដ្ឋាន​ក្រពើ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា កំពស់​ទឹក​ជំនន់​នេះ​ភាគ​ច្រើន​រង​ឥទ្ធិពល ពី​ទន្លេ​ចំនួន​៣​ គឺ​ទន្លេ​សាក់​កេរាំង ទន្លេ​ខ្វេ​តាកដែត និង​ទន្លេ​ចៅប្រាយ៉ា មាន​សន្ទុះ​ទឹក​ខ្លាំង​ធ្វើ​ឲ្យ​របង​ការពារ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​បាក់​បែក​អស់​ជាង​១០​ម៉ែត្រ ហើយ​ក្រពើ​ទាំង​អស់​ចិញ្ចឹម​នៅ​ក្នុង​កសិដ្ឋាន​នេះ​មាន​ចំនួន​ជាង​៣០០០​ក្បាល បាន​របូត​ចេញ​ទៅ​តាម​ទឹក​ប្រមាណ​១០០០​ក្បាល។

ម្ចាស់​កសិដ្ឋាន​បន្ថែម​ទៀត​ថា ការ​ខាត​បង់​របស់​ខ្លួន​លើក​នេះ​មាន​ទឹក​ប្រាក់​មិន​តិច​ជាង​១០ ទៅ​​២០​លាន​បាត​នោះ​ទេ គិត​ទាំង​ការ​សាង​សង់​របង​កំពស់​១​ម៉ែត្រ​បន្ថែម​ទៀត​ដើម្បី​ការពារ​ក្រពើ​រួច​ចេញ​ដោយ​ពេល​នេះ​ទឹក​នៅ​សល់​ត្រឹម​តែ​១៥​សង់​ទីម៉ែត្រ​ប៉ុណ្ណោះ​នឹង​លិច​របង​ការពារ​​ដែល​មាន​កំពស់​៣​ម៉ែត្រ​នោះ​ហើយ៕




ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes