Monday, October 17, 2011
អ្នកភូមិបឹងកក់ស្នើសុំសម្ដេចតេជោជួយអន្ដរាគមន៍មកសាលារាជធានីភ្នំពេញ បញ្ជាក់ទីតាំងផ្ទៃដី១២.៤៤នីកន្លែងណាពិតប្រាកដ
ប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ទាំង៧ភូមិស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១១ នេះបានរៀបចំធ្វើសន្និសីទកាសែតស្ដីពីការស្នើសុំឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្ដាជួយអន្ដរាគមន៍ទៅសាលារាជធានីភ្នំពេញដើម្បីឲ្យបញ្ជាក់ពីទីតាំងកំណត់ព្រំប្រទល់ទំហំដី ១២.៤៤ហិកតា ដែលរដ្ឋាភិបាលបានផ្ដល់ជាប្រទានកម្មដីជូនប្រជាពលរដ្ឋជាង៧០០គ្រួសារដេលកំពុងរស់នៅឲ្យអភិវឌ្ឍន៍នៅនិងកន្លែងជៀសវាងពីការមានទំនាស់រវៀងប្រជាពលរដ្ឋ និងក្រុមហ៊ុនឥតឈប់ឈរ ។
តំណាងអ្នកភូមិបឹងកក់អ្នកស្រី ទេព វន្នី បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែតុលា ម្សិលមិញនេះវេលាម៉ោង១.៣៩នាទី ក្រុមហ៊ុន ស៊ូកាគូអ៊ីន បានសហការជាមួយមន្ដ្រី និងសមត្ថកិច្ចចម្រុះបានយកអេស្កាវទ័រចំនួន២គ្រឿងមកវាយកម្ទេចផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នងផ្ទះស្មើនឹង៨គ្រួសារ ដោយគ្មានលិខិតជូនដំណឹងឲ្យប្រជាពលរដ្ឋជាមុននោះទេ ។ ជាមួយគ្នានេះដែរបានធ្វើឲ្យបាត់បង់ទ្រព្យសម្បិត្តដែលការធ្វើនេះ ដើម្បីបង្ខំឲ្យពួកគាត់ចាកចេញដែលវាផ្ទុយពីអនុក្រិត្យរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លេខ១៨៣ អនក្របកចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ ស្ដីពីការកែសំរួលក្រឡាផ្ទៃដីតំបន់បឹងកក់កាត់ដីទំហំ១២.៤៤ហិកតា ឲ្យប្រជាពលរដ្ឋធ្វើការអភិវឌ្ឍន៍ដោយខ្លួនឯងទាំងស្រុង ។
សូមជម្រាបថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១១ ដីការកោះប្រជាពលរដ្ឋយើងខ្ញុំ៦នាក់ភាគច្រើនជាស្ដ្រីមេផ្ទះទន់ខ្សោយដែលរងទុក្ខវេទនា រីងរៃជាយូរឆ្នាំមកហើយឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលមានឈ្មោះ ហេង មុំ ដួង គា , គង់ ចាន់ថា , តុល ស្រីពៅ , ទេព វន្នី , ង៉ែត ឃុន ក្រោមលេសថា បានជេរប្រមាថ និងគំរាមកំហែងតាមពាក្យបណ្ដឹងរបស់លោក ឆាយ ធីរិទ្ធ ជាចៅសង្កាត់ស្រះចកដែលជាម្ដាយឪពុករបស់ប្រជាពលរដ្ឋ នេះជារឿងចម្លែកមួយដែលនឹកស្មានមិនដល់ទាល់តែសោះ ព្រោះគាត់មិនមានសមត្ថភាពជួយប្រជាពលរដ្ឋយើងខ្ញុំនៅពេលប្រឈម និងបញ្ហាផងនោះ ហើយបែរជាបន្ថែមបញ្ហាដល់យើងខ្ញុំទៀត បន្ទាប់មកនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១១ មានដីការកោះចំនួនពីរបន្ថែមទៀតដែលមានឈ្មោះ ហេង មុំ និងឈ្មោះ ទេព វន្នី តាមពាក្យបណ្ដឹងរបស់លោកមេធាវី សួង សុផល ពីបទបរិហាកេរ្ដិ៍ ទង្វើរទាំងនេះគឺប្រឆាំងនិងអនុសាស្ដ្ររបស់សម្ដេចនិងមានបំណងបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅពេលដែលមានជម្លោះដីធ្លីក្នុងផ្ទះកើតឡើង ៕
ពីគេហទំព័រ៖ សារព័ត៌មានសង្គម

No comments:
Post a Comment
yes