សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 15, 2011

ឧក្រិដ្ឋជន​ជា​កូន​អ្នក​មាន​ ដោយ​សារ​ឈ្លក់​រង្វេង​នឹង​ល្បែង​ស៊ីសង បាន​ក្លាយ​ខ្លួន​ជា​ក្រុម​ចាប់​មនុស្សជំរិត​ទារ​ប្រាក់


 ដោយ​ ៖ ប្រុសកោះ


 រាជធានីភ្នំពេញ ៖ កោះ​សន្តិភាព​បាន​ចេញ​​ផ្សាយ​លេខ​ម្សិលមិញ​​​មួយឈុត​ហើយ ស្តី​ពី​ព័ត៌មាន​​​ចាប់​មនុស្សជម្រិត​ទារ​ប្រាក់​៥០ម៉ឺន​ដុល្លារតែរយៈ​ពេល៧ម៉ោង ​សមត្ថកិច្ច​​បង្ក្រាប​​និង​ចាប់​ខ្លួនឧក្រិដ្ឋ​​ជន​បាន​៣​នាក់​ និងរំដោះ​​​ចំណាប់​ខ្មាំងដោយសុវត្ថិភាព​។


 នេះ​ជា​​ព័ត៌មាន​​មួយទាន់​ហេតុការណ៍​​​ និង​ក្តៅ​គគុក នៅពេល​​​សមត្ថកិច​្ច​​​កំពុង​​ប្រតិបត្តិ​ការ​​ ក៏​ដូច​ជា​​ក្រុម​ឧក្រិដ្ឋ​ជន​កំពុង​ធ្វើ​សកម្ម​ភាព​យ៉ាង​ព្រហើន​​ទាំង​កណ្តាលថ្ងៃ រហូតដល់​វេលាម៉ោង​៧យប់ ​​ទើប​​​ក្រសោប​ជន​ល្មើស​​បានទាំង​អស់ ​​ហើយ​ចាត់​ទុកថា ការ​ផ្សាយ​លើក​ដំបូង​ជាព័ត៌​មាន​មិនទាន់លំអិត​​ ឬក្បោះ​ក្បាយនៅឡើយទេ ​​ព្រោះ​មានចំណុច​​​ខ្លះ​ស្រពិច​ស្រពិលនៅ​ឡើយ​ ។


 ថ្ងៃទី១៤ តុលា ជាថ្ងៃ​បន្ទាប់​​​ត្រូវ​បាន​ប្រភព​ព័ត៌មាន​​​​ច្បាស់​​ការណ៍​ពី​លោក​វរ​សេនីយ៍​​ទោ​​​ជួន ណារិន្ទ ​ប្រធាន​ការិយាល័យ​នគរបាល​​ព្រហ្មទណ្ឌ ​​កម្រិត​ធ្ងន់​​​រាជធានីភ្នំពេញ​​​បានឱ្យ​ដឹង​ថា ​​ករណី​​ចាប់​ជម្រិត​​​មួយនេះ​​ ផ្តើមចេញ​​ពី​ក្រុមឧក្រិដ្ឋ​ជន​​សុទ្ធ​តែ​​ជា​​សមាសភាព​​ពួកចាញ់​ល្បែង​ស៊ីសង​​អស់​ប្រាក់​​ម្នាក់ៗពី​៥០ ទៅ៦០​​ម៉ឺន​ដុល្លារអាមេរិក ​​ដែល​ពួកគេ​ទាំង​៣នាក់​នេះសុទ្ធ​តែ​ជា​កូន​អ្នក​មាន​ធូរធា​មិន​មែន​កូន​អ្នក​​ក្រខ្សត់ទេ ។ លោកវរ​សេ​នីយ៍​ទោ​បានបន្តថា នៅ​វេលាម៉ោង​១១ និង​៣០​នាទី​​ថ្ងៃត្រង់​ថ្ងៃទី១៣ តុលា យុវសិស្ស​ឈ្មោះ​​​អ៊ួន ​អេង​ប៊ុង ​អាយុ​១៨ឆ្នាំ ​​មាន​អាសយដ្ឋាន​​​ស្នាក់នៅ​ផ្ទះ​លេខ​​៧CEo ផ្លូវ​១១១ ក្រុមទី២៦ ​សង្កាត់បឹង​ព្រលិត​​​ ខណ្ឌ​៧មករា ​​រាជធានីភ្នំពេញ បាន​ចេញ​ពី​សាកលវិទ្យា​ល័យ​បញ្ញា​សាស្ត្រ​​​សា​ខា​បឹង​កេង​កេង​​ ស្ថិត​​នៅផ្លូវ​លេខ​៣៧០ សង្កាត់​បឹង​កេង​ក​ង​ទី១ ​ខណ្ឌចំការមន ។


 ខណៈ​ពេលយុវ​និស្សិត​​​អ៊ួន ​អេងប៊ុង ​​ចេញ​​​ពី​សាលា​​មានបំណង​​ដើរ​ទៅ​កាន់​រថយន្តម៉ាក​​CRV  ពណ៌ស្លែរបស់ខ្លួន មានពាក់​​ស្លាកលេខ​ភ្នំពេញ 2G 8858 ដែលផ្ញើ​ទុក​​មុខទីធ្លា​សាលា។ ពេល ​ដើរ​ជិត​​ដល់រ​ថយន្ត​ ស្រាប់តែ​​មាន​​ជន​សង្ស័យ​​​៣​នាក់​ជិះ​ម៉ូតូម៉ាកវីវ៉ា​​ ពណ៌ខ្មៅបិទ​ស្កុត​ក្រហម១​​គ្រឿង​ឈប់​​ចាំ​រួចជាស្រេច​ ។ មនុស្ស​​ទាំង​៣នាក់ ​​នោះ​មាន​១​-ឈ្មោះ​​ជួន ប៊ុនហ៊ីម ​ហៅម៉ាប់​​ ហៅ​ទី ​​និង​​ហៅ​​ប៊ុន ​ភេទប្រុស​ អាយុ៣០ឆ្នាំ ​មាន​ទី​​លំនៅ​ផ្ទះ​លេខ​៩D ផ្លូវ​១១១ ​សង្កាត់បឹង​ព្រលិត​ ខណ្ឌ​៧មករា ​ក្បែរ​ផ្ទះ​យុវនិស្សិត​​រងគ្រោះ​ដែរ ឪពុក​ម្តាយ​ជា​អ្នក​លក់ដូរ ។ ២-​ឈ្មោះ​​អឹុង តិច​ស្រេង ភេទប្រុស ​អាយុ​២៩ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​លេខ​១៨A ផ្លូវ​លេខ​២០០៤ សង្កាត់​​កាកាប ខណ្ឌ ដង្កោ ​​រាជធានីភ្នំពេញ ​ឪពុក​ម្តាយ​​ជា​អ្នក​រកស៊ី​​ធូរធា​​ និង​៣-ឈ្មោះឈួ ​ឆេងប៉ ហៅ​ហេង ​ ហៅសំណាង ​​ហៅអាសង់ ​​ភេទ​ប្រុស ​អាយុ​៣២ឆ្នាំ ស្នាក់នៅ​ផ្ទះ​លេខ​១AEo ផ្លូវ​១០៧​​ សង្កាត់​អូរប្ញស្សីទី៤ ​​ខណ្ឌ​៧មករា ។​ នៅ​ពេល​ជនរងគ្រោះ​​បម្រុង​​ចូលរថយន្ត​​ ឈ្មោះ​​​ជួន ប៊ុន​ហ៊ីម ​​ហៅម៉ាប់ ហៅទី ​បានស្ទាក់​​​សួរ​ និងរក​​លេខ​ទូរស័ព្ទ​របស់ឪពុក​ជនរងគ្រោះ ធ្វើ​ជា​លេស​​ដើម្បី​បាន​រួម​ដំណើរ​ជាមួយ​ជនរងគ្រោះ ។​​ ពេល​ឈ្មោះ​​​​ម៉ាប់ ​និយាយ​ស្តីទៅកាន់ជនរង​គ្រោះ​​​ ជន​​រង​គ្រោះ​ក៏មិន​បដិសេធ​​ដែរ ហើយ​បាននិយាយ​គ្នា​ប្រហែល​​២នាទី​ ទើបជនរង​គ្រោះ​​​ចាក់សោ​ទ្វា​​​រថយន្ត​​បំណងជិះ​ចេញ​ទៅ​ផ្ទះ ។ ឃើញ​ដូច្នេះ​​ឈ្មោះ​ម៉ាប់ ដែល​ស្គាល់​ជន​រងគ្រោះ​​បានសុំ​ជិះ​រថ​យន្ត​ទៅជាមួយ​ និងសុំឱ្យ​ឈ្មោះឆេង ប៉ ជិះ​ទៅផង​ដែរ ​។ ដោយឡែក​ឈ្មោះ​អឹុង តិចស្រេង ​បានជិះម៉ូតូវីវ៉ា​បិទ​តែម​ក្រហមតែម្នាក់​ឯង​​​ចេញ​បាត់ទៅ ។


 លោក​វ​រសេនីយ៍ទោ​ជួន ណារិន្ទ ​​បានបន្ត​ថា ​​ពេលបើក​រថយន្ត​ចេញពី​សាកល​វិទ្យាល័យ​​បញ្ញា​សាស្ត្រ​​​ គឺ​ជនរងគ្រោះជា​​ម្ចាស់​រថយន្ត​​ជា​អ្នក​​​កាច់​ចង្កូត​ ​ឈ្មោះម៉ាប់ ហៅទី ​អង្គុយ​ខាងមុខ​អែប​​អ្នកបើកបរ​ ហើយឈ្មោះ​​ឈួ ​ឆេងប៉ ​ហៅ​ណាង ​ហៅហេង ហៅ​អាសង់ ជិះ​នៅ​បាំង​ខាង​ក្រោយ ។ ពេលចេញ​ផុតពី​សាកលវិទ្យាល័យ​បន្តិច ​ឈ្មោះម៉ាប់​ បាននិយាយ​​​ទៅ​កាន់​​ជនរ​ង​គ្រោះ​​​ថា ឱ្យជួយ​​​ជូន​ពួកគេ​​ដាក់កន្លែង​លេង​បាល់​​ទះ​នៅជិត​ច្រកចូល​ស្ពាន​កោះពេជ្រ​​ ហើយជនរ​ង​គ្រោះក៏បើកជូនតាម​សំណូមពរ ។


 លុះ​ទៅដល់ពាក់កណ្តាល​ផ្លូវឈ្មោះ​ឈួរ ឆេងប៉ ​​​ហៅ​អាសង់ បាន​លូកយក​កាំបិត​ចុង​ស្រួច​​​ដែល​ពួកគេ​ត្រៀម​រួចជាស្រេច​ ​មានស្កុត និង​ខ្សែចំណង​​​ទៅភ្ជង់​បំពង់​.កជនរងគ្រោះ​​​ដែល​កំពុងកាច់ចង្កូត​​​រថ​យន្តឱ្យឈប់ ហើយ​ឱ្យ​​​​ឆ្លង​មក​អង្គុយខាង​ក្រោយ​ទុក​ឱកាស​​​ឱ្យឈ្មោះ​ជួន ប៊ុន​ហ៊ីម ​​ហៅម៉ាប់ ​ជា​អ្នកបើក​វិញ​ម្តង ។


 ពេលនោះ​​ឈ្មោះអ៊ួន អេងប៊ុង ​ដែលជា​​ជន​រងគ្រោះ​​ត្រូវឈ្មោះ​ប៉ ហៅ​អាសង់ ​ភ្ជង់​ និង​កាំ​បិត​​ជាប់.ករហូត​​ ព្រមទាំង​​យកស្កុត​រុំដៃ​​ទាំង២ ​ទៅមុខ​ធ្វើជាចំណង​កុំឱ្យជនរងគ្រោះ​​រើបម្រះ​​ដើម្បី​ងាយស្រួល​ពួកគេ​ចាត់ការបន្ត ។ ពេល​ឈ្មោះ​ម៉ាប់កាច់​ចង្កូត​រថយន្ត​ភ្លាម វាបាន​​បើក​ត្រឡប់​​ក្រោយវិញ និងឆ្ពោះ​ទៅកាន់​​ផ្លូវ​ជាតិ​លេខ​៣ ភ្នំពេញ​កំពត ។ ពេលបើក​ចេញពី​​រាជ​ធានីភ្នំពេញ ​​​​ជិត​ដល់ស្ពាន​ទឹកថ្លា សង្កាត់​​ក្រាំង​ពង្រ ​ខណ្ឌ​ដង្កោ ​ឈ្មោះម៉ាប់ ​បានយកទូរស័ព្ទ​​ជន​​រង​គ្រោះ​​​​ហៅចូល​លេខ​ឪពុក​គេ ​ហើយ​គំរាម​​ជម្រិត​ទារ​ប្រាក់​ចំនួន​៥០ម៉ឺន​​​ដុល្លារ​សហរដ្ឋអា​េមរិក ​ដោយ​និយាយ​ថា​ ពេលនេះកូនប្រុស​ស្ថិត​ក្នុង​​​​ដៃ​ពួក​​គេ​ហើយ បើមិន​យកប្រាក់​៥០ម៉ឺន​​​ដុល្លារ​​ធ្វើជា​​ថ្ងូរ​ទេ ​​កុំ​សង្ឃឹមថា បានឃើញ​​មុខ​កូន​ឱ្យសោះ ។


 លោកជូន ណារិន្ទ បាន​និយាយ​​បន្តថា ​​បន្ទាប់​ពីឧក្រិដ្ឋជន​​​ជម្រិត​​ទារ​ប្រាក់​​ទៅឪពុក​ជន​រងគ្រោះ​​១​លើក ជា​២លើក និងជាបន្ទាន់​បំផុត​នោះ ​អ្នកអាណា​ព្យា​បាល​ជនរងគ្រោះ​​បាន​ទូរ​ស័ព្ទ​​​រាយ​ការណ៍​​ជូន​​សមត្ថកិច្ច​​​ ដើម្បី​សហការ​បង្ក្រាប​​លើករណីនេះ ។


 ពេលនោះហើយ​ទើបលោក​ឧត្តម​សេនីយ៍ត្រី​ទូច ណារ៉ុថ ​ស្នងការ​នគរបាល​​រាជធានីភ្នំពេញ ​បាន​រាយ​ការណ៍ជូនលោនជួន សុវណ្ណ ​​អគ្គ​ស្នង​ការរង ​​ទទួលការ​ងារ​សន្តិសុខ​​ព្រហ្មទណ្ឌ​រាជធានី  លោក​នាយឧត្តមសេនីយ៍​ផ្កាយ​មាស៤ នេត សាវឿន ​​អគ្គស្នង​ការ​នគរបាលជាតិ​បានចាត់​​បញ្ជា​កម្លាំង​​ជំនាញ​ព្រហ្ម​ទណ្ឌ​​​ជាបន្ទាន់ គឺ​មាន​នាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ​ក្រសួង​ដឹក​នាំ​​​ដោយ​លោកវរសេនីយ៍​​ទោឈាង មុនី ​ប្រធាន ​ការិយាល័យព្រហ្មទណ្ឌ​​កម្រិត​ធ្ងន់ ​លោក​វរ​សេ​នីយ៍​ទោ សុង លី ​ប្រធាន​ការិយាល័យ​នគរ​បាល ព្រហ្ម​ទណ្ឌកម្រិត​​​ស្រាល​រាជធានីភ្នំពេញ​​ និងរូប​លោកផ្ទាល់​ (ជួន ណារិន្ទ)​​​ដោយមានការ​ចង្អុល​បញ្ជា​ពីលោកឧត្តម​សេនីយ៍ឯក​ម៉ក់ ជីតូ ​​ប្រធាន​នាយកដ្ឋាននគរបាល​យុត្តិធម៌​​ក្រសួង​មហា​ផ្ទៃ ​ឱ្យ​សហការ​ជាមួយស្នងការដ្ឋាននគរបាល​ខេត្ត​ ក្នុង​នោះ​គឺ​ខេត្ត​​តាកែវ ដែលជា​មុខព្រួញ​សំខាន់របស់​ក្រុម​​ឧក្រិដ្ឋ​ជន​​នាំ​ជន​រងគ្រោះ​ទៅកាន់ទីនោះ។


 លោកជួន ណារិន្ទ ​​បាន​រៀបរាប់បន្តថា ​​រយៈ​ពេល​៧ម៉ោង​គឺខ្លី​បំផុត​​កម្លាំង​សហការ​​​មាន​ក្រសួង​មហាផ្ទៃ ​រាជធានី និងខេត្ត​​ បង្ក្រាប​​លើ​ករណីនេះ​បានទាន់​ពេលវេលា​  ខណៈឧក្រិដ្ឋជន​​​​ប៉ះចំកម្លាំង​​​ប៉ូលិស​​ខេត្ត​តាកែវ នៅចំណុច​មុខ​ក្លោង​ទ្វារ​​ចូលវត្ត​អង្គញ់ ក្នុង​ភូមិ​ស្វាយ​ ផ្លូវលំ ​​ឃុំសំរោង ​ស្រុកសំរោង ​​ខេត្ត​តាកែវ ។ ពេល​នោះ​​កម្លាំង​​​ជំនាញ​របស់លោក​បាន​ដេញ​​ប៉ផាប់​ចាប់ពភីង ពីក្រោយ​រហូត ​ព្រម​ទាំង​បានប្រកាស​​​តាម​វិទ្យុ​ទាក់ទង​​ផង ទូរស័ព្ទ​​​​មិនដាច់​​សូរសំឡេង​​ផង តាមប្រមាញ់​​ក្រុមនេះ​ទីបញ្ចប់​យើង​ចាប់បាន​២នាក់​នៅ​ខេត្ត​តាកែវ ​​និងម្នាក់​នៅ​ភ្នំពេញ​ រំដោះ​បានជនរងគ្រោះ​​ និងរថ​យន្ត​​១គ្រឿងមកវិញ ។


 ក្រោយ​ពីឃាត់ខ្លួន​​ឧក្រិដ្ឋ​ជន២នាក់​​ដែល​ចាប់ខ្លួន​ជាក់ស្តែង ​​បានបញ្ជូន​ទៅ​សាកសួរ​ជំហានដំបូងនៅស្នងការ​ដ្ឋាននគរបាល​ខេត្ត​តាកែវ ​​ដើម្បី​រក​​បក្សពួក​បន្ត​ ។ បន្ទាប់មក​ត្រូវ​បាន​បញ្ជូន ​ទៅ​កាន់នាយកដ្ឋាន​​នគរបាល​ព្រហ្ម​ទណ្ឌ​​​ក្រសួង​​​មហា​ផ្ទៃ​​​ទាំងយប់ ។ ដោយសារ​ករណី​ចាប់ជំរិត​​ទារប្រាក់នេះ បានកើតនៅ​រាជ​ធានីភ្នំពេញ ​ហើយម្ចាស់​​​ករណី​ជា​នគរបាល​ការិ​យាល័យ​​ព្រហ្ម​ទណ្ឌ​​​កម្រិត​​ធ្ងន់ និង​ព្រហ្មទណ្ឌ​​​​កម្រិត​ស្រាល​​ផង ​​​ព្រហ្មទណ្ឌ​​​ក្រសួង​បាន​ប្រគល់​ជនល្មើស​ទាំង​២​​ទៅ​កាន់​​ការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិតធ្ងន់ ​ដើម្បី​ចាត់ការតាមនីតិវិធី​​​ច្បាប់ ។ 


 ក្រោយពី​​ចាប់​បានបក្សពួក​​​២នាក់​​នៅ​ខេត្ត​តាកែវ​ នគរ​បាល​​​​បានចម្លើយ​គ្រប់គ្រាន់​ហើយថា ​ពួកនេះ​​នៅ​​​​សេស​សល់​បក្សពួក​ម្នាក់ទៀត​​​​កំពុងជិះម៉ូតូវីវ៉ា​​​​បិទ​ស្កុត​ក្រហម​ពាក់ស្លាកលេខ​​​ភ 1145 ភ.ព នៅរាជ​ធានីភ្នំពេញ​ ដែលមាន​ភារ​កិច្ច​​​ចាំឃ្លាំមើល​​នៅ​ផ្ទះ​​ជនរងគ្រោះ​ តើ​​មាន​សកម្ម​​ភាពអ្វី​ខ្លះនោះ​​។ នៅ​ម៉ោង​​ប្រមាណ​​ជាង​៧​យប់​ ជនម្នាក់ឈ្មោះអឹុង ​តិច​ស្រេង ​​ក៏ត្រូវ​សមត្ថ​កិច្ច​​​ចាប់ខ្លួននៅក្បែរ​​​ផ្ទះជន​រងគ្រោះ​​តែម្តង ។


 នៅការិយាល័យ​​នគរបាល​​ព្រហ្មទណ្ឌ​​​កម្រិត​ធ្ងន់​​​​រាជធានីភ្នំពេញ ​​ឧក្រិដ្ឋជន​ទាំង​៣នាក់​​បាន​​ឆ្លើយ​​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា ការចាប់​ជម្រិត​នេះឈ្មោះ​ជួន ប៊ុនហ៊ីម ​​​ហៅម៉ាប់ ​ហៅទី ​​​និងហៅ​ប៊ុន ជាអ្នក​​ផ្តើមគំនិត ដោយមាន​សមាស​ភាព​​ចូលរួម២​នាក់ទៀតតែប៉ុណ្ណោះ ​គឺ​ឈ្មោះ​​​ឈួ ឆេងប៉ ​ហៅហេង ហៅ​សំណាង ​​ហៅ​អាសង់ និងឈ្មោះ​អុឹង តិចស្រេង  ។ ចម្លើយ​​ឈ្មោះ​ជួន ប៊ុន​ហ៊ីម ​​ហៅម៉ាប់​​ នៅ​សមត្ថ​កិច្ច​​នគរ​បាលព្រហ្ម​ទណ្ឌ​ឱ្យ​ដឹងថា ខ្លួន​ជាអ្នក​​ផ្តើមគំនិត​ ព្រោះខ្លួន​​ជាមនុស្សធ្លាប់ស្គាល់ និង​ដឹងពីជីវភាព​​គ្រួសារ​ជនរងគ្រោះ​ដែលគេជឿថា ​​​​ចាប់ជំរិត​កូនអាជីវករលក់​ដុំខោអាវ​​ជជុះ​​នៅ​ផ្សារ​​អូឡាំ​ពិក​ខាងលើនេះ ​​ប្រាកដ​ជា​បានប្រាក់​ពេលណា​មិន​បែកធ្លាយ​​ដល់សមត្ថកិច្ច ។​ករណី​ចាប់​ជំរិត​យុវសិស្ស​​ឈ្មោះ​អ៊ួន ​អេងប៊ុង នោះគឺ​ខ្លួន​បាន​រៀបចំ​ផែនការ​​មុន៣​ថ្ងៃ ​ដោយជួប​​ជុំ​​​​ដើម្បី​​រកមធ្យោបាយ​ និងឧបករណ៍​​សម្រាប់​​ធ្វើ​សកម្មភាព ។​ ឈ្មោះ​ម៉ាប់ ឆ្លើយទៀត​ថា ​ពួក​គេ​​មិនមានប្រាក់ទិញ​អាវុធ​ទេ គឺប្រើប្រាស់​កាំបិត​​មុខស្រួច​​សម្រាប់​គំរាម​ និងចាក់សម្លាប់​ជនរង​គ្រោះ​​​នៅពេល​ណាបែកការណ៍​ និង​មាន​ស្កុត​១ដុំ ​​ម៉ូតូវីវ៉ា១គ្រឿង​​បិត​តែមក្រហម​កុំឱ្យសមត្ថកិច្ច ចាប់អារម្មណ៍​​ពេលទាល់ច្រក​ ​បកតែម​នោះ​ចេញ​វិញ ។​ ខ្លួន​មានគំនិត និង​រៀបចំគម្រោង​​​ចាប់ គំរាម​​​​ជំរិត​ទារ​ប្រាក់នោះ​មូលហេតុ​​​ថ្មីៗ​នេះខ្លួន​បានចាញ់ល្បែង​អស់ប្រាក់​សន្ធឹកសន្ធាប់​​សរុប​ទាំង​មុន​មកជិត​៦០ម៉ឺន​ដុល្លារអាេមរិក។ ​ប្រាក់​ចាញ់ល្បែង​នៅ​កាស៊ីណូ​​ទាំងអស់​​នោះជា​ប្រាក់​របស់ឪពុក​ម្តាយ និង​ប្រពន្ធ​កូន​មួយចំនួនដែល​គេ​លួច​យកទៅលេង​ ហើយមួយចំនួនទៀត​​​​ខ្ចីអ្នកជិតខាង​ ឬអ្នកស្គាល់គ្នា ។ បន្ទាប់ពីចាញ់​ល្បែង​​​អស់ពីខ្លួន​ និងជំពាក់​គេវ័ណ្ឌ.ក​​​​ខ្លួន​មិន​ហ៊ាន​ចូលផ្ទះទេ ​​ម្យ៉ាងទៀតម្ចាស់ប្រាក់​ដែលខ្លួន​ខ្ចី ចេះ​តែ​តាម​ទារ ។ ​ប្រការនោះ​ហើយ​បាន​ធ្វើឱ្យខ្លួន​​បង្ខំ​ចិត្ត​​​​មានតែ​ផ្លូវ​ម្យ៉ាង​​គត់​បង្កើត​​គំនិត​​រកបក្ស​ពួក ​ចាប់​​ជម្រិត​ប្រាក់​​ ដើម្បី​បាន​ប្រាក់​លោះ​បំណុល​​គេ​វិញ និងបានចូលផ្ទះ ។ តាម​ចម្លើយនេះបានឱ្យ​ដឹង​ទៀតថា ពេល​ចាប់​យុវ​សិស្ស​​​ជា​ជនរងគ្រោះ​​​បាននៅ​​ក្នុង​ដៃ​ហើយ ពេលចេញផុត​ពី​ក្រុង​ភ្នំពេញ​​ ក៏ចាប់​ផ្តើម​ធ្វើ​​សកម្ម​ភាពភ្លាម។


 ដំបូងឈ្មោះ​​ប៉ ​ហៅអាណាង ឬ​ហៅ​អាសង់ យកកាំបិត​​ភ្ជង់កជនរងគ្រោះយក​ស្កុត​​​រុំ​ដៃ​ទាំង២​ទៅមុខ និងវាយ​​បំបាក់​​ស្មារតី​ជន​រង​គ្រោះ​ដើម្បីឱ្យ​មានការ​ភ័យ​ខ្លាច​ងាយស្រួល​ទាក់ទង​​អង្វ.ក​​ទៅ​ឪពុក​ម្តាយ​យកប្រាក់​ប្រគល់​ឱ្យ​ពួកខ្លួនតាមការ​​ទាម​ទារ។ ពេលទៅដល់​ជិត​ស្ពានទឹកថ្លា ជាយរាជ​ធានី​ភ្នំពេញ​​​ឈ្មោះម៉ាប់ ចាប់​ផ្តើមទារប្រាក់​ពីឪពុក​ជនរងគ្រោះ​​តាម​រូប​ភាព​គំរាមកំហែង​​​ដល់ជីវិត​ដំបូង​ទារ​​៥០ម៉ឺន​ដុល្លារ ។ ឪពុក​ជនរងគ្រោះ​​​អង្វរ.ក​សុំ៥ពាន់​ដុល្លារ ខ្លួន​ក៏​បិទ​ទូរស័ព្ទ​​​ឈឹង។ លុះ​ទៅ​ជិតដល់​ផ្សារ​​អង្គ​តាសោម ​ខ្លួន​បាន​ទូរស័ព្ទ​​​ទៅឪពុក​ជន​រងគ្រោះ​ម្ត​ង​ទៀត ​​ចុះ​ថ្លៃនៅ៤០ម៉ឺន​ដុល្លារ ។​​ឪពុកជនរងគ្រោះ​​​ឡើង​៧​ពាន់ដុល្លារ ខ្លួន​ក៏​បិទ​ទូរស័ព្ទ​​​ទៀត។ បើករថយន្ត​បណ្តើរ​ ទូរស័ព្ទ​​​គំរាម​​ទារប្រាក់​បណ្តើរ​​​ដែលជារៀង​រាល់​លើក​ឪពុក​ជន​រងគ្រោះ​​តែងតែ​សុំជួប​សម្តីកូន ហើយ​កូន​មានតែ​​ភាសា​​អង្វ.ក​​ឪពុក​ឱ្យរកវ​ិធីណា​ជួយ​ជីវិត​​​​កូនផង ដែលពេលនេះធ្លាក់ក្នុងកណ្តាប់​ដៃ​ឧក្រិដ្ឋ​​​ជន​ ហើយ ។ ពេល​រថ​យន្ត​​បើកចេញ​ផុត​ពីផ្សារ​​អង្គ​តាសោមក៏បត់ឆ្វេង ​វិញ​​ឆ្ពោះទៅ​​ទីរួមខេត្ត​តាកែវ ។ ​ផុតបន្តិច​​ក៏បាន​ទូរ​ស័ព្ទម្តង​​​ទៀត​ដោយ​​គំរាម​ទារប្រាក់​នៅត្រឹម​៣០ម៉ឺន​​​​ដុល្លារ​ ពេលនោះ​​ឪពុក​ជនរងគ្រោះ​​​បាន​ឱ្យ​១៥.០០០​ដុល្លារ​ខ្លួន​ក៏​បិទ​ទូរស័ព្ទ​​ដោយប្រើ​​​ពាក្យ​ចុង​ក្រោយថា ចាំ​យក​​ខ្មោច​កូនអ្នកឯង​​ទៅ។ មួយសន្ទុះ​ក៏ទាក់ទង​ឡើង​វិញ ដោយចុះ​​ថ្លៃ​​មក​នៅ​២០ម៉ឺនដុល្លារ ឪពុក​ជន​រង​គ្រោះ​​ឱ្យ​២ម៉ឺន​​ដុល្លារ ។ ពេលនោះ​ខ្លួន​នៅតែ​​មិនទាន់​​ព្រម​​ទទួល​​យកប្រាក់​តាមការ​កំណត់​​នោះឡើយ ​ហើយ​បានទុក​ពេលឱ្យ​ឪពុក​ជន​រង​គ្រោះ​​​គិត​ឡើង​វិញ​​ម្ត​ង​ទៀត ​ដោយ​ដាក់​សំណួរ​ថា ​​ស្រឡាញ់​​ប្រាក់ ឬស្រឡាញ់​ជីវិតកូន ។ ​កំពុង​​តែ សន្ទនា​តថ្លៃគ្នា​រឿងលុយ​កាក់ ដើម្បី​ដោះដូរ​​ចំណាប់ខ្មាំង​នោះ​ រថយន្តបាន​​បើក​ទៅ​ដល់​​ផ្លូវ​បំបែក​ចូលខេត្ត​តាកែវ ​និងផ្លូវ​ជាតិ​លេខ​២ ​​ស្រាប់តែ​​នៅពីមុខ​ឃើញ​​មាន​សមត្ថកិច្ច ​ដាក់​ពង្រាយកម្លាំង​​​ជាច្រើន​ និងដាក់​របាំង​​​​កាត់​ផ្លូវ​​​ទៀត ។ ឈ្មោះ​ម៉ាប់បានយល់​សភាព​ការណ៍​ថា ពិត​ជា​បែ​កការណ៍​​ហើយ ក៏បញ្ជា​​ទៅ​ឈ្មោះ​ប៉ ​ឱ្យចាក់​សម្លាប់​ជនរងគ្រោះ​​​ចោលទៅ ។


 ភ្លាមៗ​​ឈួ ឆេងប៉ បានធ្វើ​​តាមបញ្ជា​អាម៉ាប់ ក៏យក​កាំបិត​​ចុង​ស្រួច​ចាក់ជនរងគ្រោះ​នៅក្នុង​​រថយន្ត​២ ទៅ​ ៣កាំបិត ។ ​ពេលនោះ​​​ជនរង​គ្រោះ​​បាន​​ស្រែក និងរើ​បម្រះ​​ទាំងដៃ​ជាប់ចំណង​ស្កុត រួចក៏​មានការភិត​ភ័យ​​​ខ្លាំង​​បានទាត់​ទម្លាយ​ទ្វាររថយន្ត​​លោត​ចុះ​​ដី​បណ្តាលឱ្យពួកគេ​សន្និ​ដ្ឋានថា ជនរងគ្រោះ​​ពិត​ជា​ស្លាប់ ។ ហើយបើ​ស្លាប់ពួកគេ​​ត្រូវ​រួចខ្លួនព្រោះ​​​សមត្ថកិច្ច​ពិបាក​ក្នុងការ​ស្រាវជ្រាវ ។ ប៉ុន្តែ​​នៅ​ពេល​ដឹង​ថា ​សមត្ថ​កិច្ច​​​បានត្រៀម​ស្ទាក់​ចំ​ខាង​​មុខហើយ​ ពួកគេ​ក៏បាន​លោតចុះ​ពី​រថយន្ត​​រត់សំដៅ​រកកន្លែង ​ដើម្បី​គេចខ្លួន​​ ​ពេលនោះ​ត្រូវ​បាន​កម្លាំង​​​​សហការ​ផ្ទុះអាវុធ​ឡើង​លើ​តិច​តួច​ ដើម្បី​​​ជាការបំបាក់​ស្មារតី​​ចាប់ខ្លួន​ទាំងរស់ ។ ​ឱកាសនោះ ពួកគេ​​ទាំង​២នាក់​ក៏មិន​ប្រឆាំង​នឹង​​គ្រាប់កាំភ្លើង​ដែរ ​ ​ដោយ​បន្ទន់​ខ្លួនឱ្យសមត្ថកិច្ច​​ចាប់តាមសម្រួល ។


 មិនខុសពី​ឈ្មោះឈួ ឆេងប៉ ​ទេ បានសារ​ភាព​​ពីឧបាយកល​ខ្លួ​ន​ជាឧក្រិដ្ឋ​​ជន​ច​ូលរួម​ពី​សកម្មភាព​ជាមួយឈ្មោះម៉ាប់ ​ថា ខ្លួនក៏ចាញ់ ល្បែង​នៅកាស៊ីណូ​អស់ប្រាក់ចំនួន៥០​ម៉ឺនដុល្លារ ​ដែរ ប្រាក់នោះ​ជាទ្រព្យសម្បត្តិ​ ​​របសឪពុក​​ម្តាយ ​និងប្រពន្ធកូន មួយចំនួនទៀត​​​ខ្ចី​បុលគេ ​លក់​អស់ហើយ​កេរអាករ​​រហូតមិន​ហ៊ាន​​ចូលផ្ទះ ​ត្រូវ​ឪពុកម្តាយ​​​ ប្រពន្ធកូន​កាត់កាល​ចោល។ ប្រការ​នេះ​ហើយ​បានធ្វើឱ្យ​​​ជីវិតរបស់ខ្លួន​​​តែល​តោល​គិតខ្លីតាមការ​អូសទាញ​ពីមិត្តភក្តិ​​​​ បង្កើត​​​អំពើ​​​ល្មើសច្បាប់ ​​​​ធ្លាក់ខ្លួន​ចូលជ្រៅ​​​ទៅក្នុង​ជន​សង្គម​​ងងិត ​ ឥឡូវ​​ទីបំផុត​បានត្រឹម​​សោកា ។​​ ឈ្មោះ​អ៊ឹង តិចស្រេង វិញ ក៏មាន​ប្រវត្តិ ចាញ់​ល្បែង​ស៊ីសង​​នៅកាស៊ីណូ​អស់ប្រាក់​ប្រមាណ​ជាង​៤០​ម៉ឺនដុល្លារ ​និងមិនហ៊ាន​​ចូលផ្ទះ​​​​ទេ ​ក៏បានរួមគំនិត​ជាមួយ​ឈ្មោះម៉ាប់ និងឈ្មោះប៉ ​​នឹកថា បាន​សម្រេច​ ​ទីបំផុត​សមត្ថកិច្ច​​ចាប់ខ្លួន ។ ពួកគេ​​ទាំង​៣នាក់សារភាព​ដូចគ្នា​ទៀតថា ​ពួកគេមិន​​មែន​កូនអ្នក​ក្រីក្រទេ  គឺឪពុកម្តាយ​សុទ្ធ​តែ​​ រកស៊ី​ធូរធា តែដោយ​សារពួកគេ​ឈ្លក់​វង្វេង​​ និង​​ល្បែង​ស៊ីសង​ ពួកគេពុំ​មានអាជីព​ជាក្រុម​ជន​សង្គម​ងងិត​​​នោះ​ទេ ។


 លោក​វរ​សេនីយ៍​ទោ ជួន ណារិន្ទ បញ្ជាក់​ចុង​ក្រោយថា ​​បានជា​មានការឈាន​ទៅ​ដល់​បង្ក្រាប​​​បទល្មើស​​​ចាប់ជំរិត​​ទារប្រាក់ និងរំដោះ​បានជនរងគ្រោះ​​មកវិញឆាប់បែបនេះ ដោយ​សារមានការ​ផ្តល់យោបល់​​​បន្តបន្ទាប់ពីសំណាក់​លោកឧត្តមសេនីយ៍​​​ឯក​​សុខ​ផល ​​​និង​លោកឧត្តម​សេនីយ៍ឯក​​កង សុខន អគ្គ​ស្នងការ​​​​រង​នគរ​បាល​ផង​ដែរ ព្រោះ​ពេល​​កើតមានករណី​​​​ចាប់ជំរិត​នេះ លោកឧត្តម​សេនីយ៍​​ទាំង​២​បញ្ជា​ផ្ទាល់ ។ ​ជន​សង្ស័យ​​​ត្រូវបាន​សមត្ថកិច្ច ​នគរបាល​​​​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​​កម្រិតធ្ងន់ ស្នង​ការដ្ឋានរាជ​ធានី​ភ្នំពេញ រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​​ទៅកាន់​សាលាដំបូង​រាជធានីភ្នំពេញតាម​នីតិ​វិធីច្បាប់ ។


 ដោយឡែក​​ជនរងគ្រោះ​ស្ថិត​​ក្នុងស្ថានភាព ​​សង្គ្រោះ​ធ្ងន់ធ្ងរនៅក្នុង​មន្ទីរពេទ្យ​​កាល់ម៉ែត​​នៅឡើយ ។​​ លោកអ៊ួន ​​សុខហេង អាយុ​៤៤ឆ្នាំ ​​​​ត្រូវជាឪពុក​​យុ​វនិស្សិត​​ឈ្មោះអ៊ួន ​​អេងប៊ុង បាន​លើកដៃ​បួងសួង​​​ដល់រាជរដ្ឋាភិបាល​​​ ពិសេស​​កម្លាំង​ប្រដាប់អាវុធ​​​​​ នគរបាលជាតិ​ កងរាជ​អាវុធ​​ហត្ថ ក្រសួង​​​មហាផ្ទៃ ស្នងការ​​​នគរ​​បាល​រាជធានី​ និងខេត្ត​តាកែវ ​​ដែលជួយ​​បង្ក្រាប​​​ និង​រំដោះ​​កូនប្រុស​គាត់​​​ចេញពីកណ្តាប់​​ដៃឧក្រិដ្ឋ​ជនឱ្យរួច​ជីវិត​​​ បើទោះ​ជា ​ត្រូវរបួស​​ស្នាម​ធ្ងន់ធ្ងរ​បន្តិចក្តី និងដឹង​គុណ​ជានិច្ចរាល់​ទង្វើ​​ដ៏ល្អ​ទាំង​អស់​នេះមិន​អាច​កាត់ថ្លៃ​បានឡើយ  ​៕

No comments:

Post a Comment

yes