Saturday, October 15, 2011
ឧក្រិដ្ឋជនជាកូនអ្នកមាន ដោយសារឈ្លក់រង្វេងនឹងល្បែងស៊ីសង បានក្លាយខ្លួនជាក្រុមចាប់មនុស្សជំរិតទារប្រាក់
ដោយ ៖ ប្រុសកោះ
រាជធានីភ្នំពេញ ៖ កោះសន្តិភាពបានចេញផ្សាយលេខម្សិលមិញមួយឈុតហើយ ស្តីពីព័ត៌មានចាប់មនុស្សជម្រិតទារប្រាក់៥០ម៉ឺនដុល្លារតែរយៈពេល៧ម៉ោង សមត្ថកិច្ចបង្ក្រាបនិងចាប់ខ្លួនឧក្រិដ្ឋជនបាន៣នាក់ និងរំដោះចំណាប់ខ្មាំងដោយសុវត្ថិភាព។
នេះជាព័ត៌មានមួយទាន់ហេតុការណ៍ និងក្តៅគគុក នៅពេលសមត្ថកិច្ចកំពុងប្រតិបត្តិការ ក៏ដូចជាក្រុមឧក្រិដ្ឋជនកំពុងធ្វើសកម្មភាពយ៉ាងព្រហើនទាំងកណ្តាលថ្ងៃ រហូតដល់វេលាម៉ោង៧យប់ ទើបក្រសោបជនល្មើសបានទាំងអស់ ហើយចាត់ទុកថា ការផ្សាយលើកដំបូងជាព័ត៌មានមិនទាន់លំអិត ឬក្បោះក្បាយនៅឡើយទេ ព្រោះមានចំណុចខ្លះស្រពិចស្រពិលនៅឡើយ ។
ថ្ងៃទី១៤ តុលា ជាថ្ងៃបន្ទាប់ត្រូវបានប្រភពព័ត៌មានច្បាស់ការណ៍ពីលោកវរសេនីយ៍ទោជួន ណារិន្ទ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់រាជធានីភ្នំពេញបានឱ្យដឹងថា ករណីចាប់ជម្រិតមួយនេះ ផ្តើមចេញពីក្រុមឧក្រិដ្ឋជនសុទ្ធតែជាសមាសភាពពួកចាញ់ល្បែងស៊ីសងអស់ប្រាក់ម្នាក់ៗពី៥០ ទៅ៦០ម៉ឺនដុល្លារអាមេរិក ដែលពួកគេទាំង៣នាក់នេះសុទ្ធតែជាកូនអ្នកមានធូរធាមិនមែនកូនអ្នកក្រខ្សត់ទេ ។ លោកវរសេនីយ៍ទោបានបន្តថា នៅវេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៣ តុលា យុវសិស្សឈ្មោះអ៊ួន អេងប៊ុង អាយុ១៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅផ្ទះលេខ៧CEo ផ្លូវ១១១ ក្រុមទី២៦ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ បានចេញពីសាកលវិទ្យាល័យបញ្ញាសាស្ត្រសាខាបឹងកេងកេង ស្ថិតនៅផ្លូវលេខ៣៧០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
ខណៈពេលយុវនិស្សិតអ៊ួន អេងប៊ុង ចេញពីសាលាមានបំណងដើរទៅកាន់រថយន្តម៉ាកCRV ពណ៌ស្លែរបស់ខ្លួន មានពាក់ស្លាកលេខភ្នំពេញ 2G 8858 ដែលផ្ញើទុកមុខទីធ្លាសាលា។ ពេល ដើរជិតដល់រថយន្ត ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅបិទស្កុតក្រហម១គ្រឿងឈប់ចាំរួចជាស្រេច ។ មនុស្សទាំង៣នាក់ នោះមាន១-ឈ្មោះជួន ប៊ុនហ៊ីម ហៅម៉ាប់ ហៅទី និងហៅប៊ុន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះលេខ៩D ផ្លូវ១១១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ក្បែរផ្ទះយុវនិស្សិតរងគ្រោះដែរ ឪពុកម្តាយជាអ្នកលក់ដូរ ។ ២-ឈ្មោះអឹុង តិចស្រេង ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨A ផ្លូវលេខ២០០៤ សង្កាត់កាកាប ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ឪពុកម្តាយជាអ្នករកស៊ីធូរធា និង៣-ឈ្មោះឈួ ឆេងប៉ ហៅហេង ហៅសំណាង ហៅអាសង់ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ១AEo ផ្លូវ១០៧ សង្កាត់អូរប្ញស្សីទី៤ ខណ្ឌ៧មករា ។ នៅពេលជនរងគ្រោះបម្រុងចូលរថយន្ត ឈ្មោះជួន ប៊ុនហ៊ីម ហៅម៉ាប់ ហៅទី បានស្ទាក់សួរ និងរកលេខទូរស័ព្ទរបស់ឪពុកជនរងគ្រោះ ធ្វើជាលេសដើម្បីបានរួមដំណើរជាមួយជនរងគ្រោះ ។ ពេលឈ្មោះម៉ាប់ និយាយស្តីទៅកាន់ជនរងគ្រោះ ជនរងគ្រោះក៏មិនបដិសេធដែរ ហើយបាននិយាយគ្នាប្រហែល២នាទី ទើបជនរងគ្រោះចាក់សោទ្វារថយន្តបំណងជិះចេញទៅផ្ទះ ។ ឃើញដូច្នេះឈ្មោះម៉ាប់ ដែលស្គាល់ជនរងគ្រោះបានសុំជិះរថយន្តទៅជាមួយ និងសុំឱ្យឈ្មោះឆេង ប៉ ជិះទៅផងដែរ ។ ដោយឡែកឈ្មោះអឹុង តិចស្រេង បានជិះម៉ូតូវីវ៉ាបិទតែមក្រហមតែម្នាក់ឯងចេញបាត់ទៅ ។
លោកវរសេនីយ៍ទោជួន ណារិន្ទ បានបន្តថា ពេលបើករថយន្តចេញពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ គឺជនរងគ្រោះជាម្ចាស់រថយន្តជាអ្នកកាច់ចង្កូត ឈ្មោះម៉ាប់ ហៅទី អង្គុយខាងមុខអែបអ្នកបើកបរ ហើយឈ្មោះឈួ ឆេងប៉ ហៅណាង ហៅហេង ហៅអាសង់ ជិះនៅបាំងខាងក្រោយ ។ ពេលចេញផុតពីសាកលវិទ្យាល័យបន្តិច ឈ្មោះម៉ាប់ បាននិយាយទៅកាន់ជនរងគ្រោះថា ឱ្យជួយជូនពួកគេដាក់កន្លែងលេងបាល់ទះនៅជិតច្រកចូលស្ពានកោះពេជ្រ ហើយជនរងគ្រោះក៏បើកជូនតាមសំណូមពរ ។
លុះទៅដល់ពាក់កណ្តាលផ្លូវឈ្មោះឈួរ ឆេងប៉ ហៅអាសង់ បានលូកយកកាំបិតចុងស្រួចដែលពួកគេត្រៀមរួចជាស្រេច មានស្កុត និងខ្សែចំណងទៅភ្ជង់បំពង់.កជនរងគ្រោះដែលកំពុងកាច់ចង្កូតរថយន្តឱ្យឈប់ ហើយឱ្យឆ្លងមកអង្គុយខាងក្រោយទុកឱកាសឱ្យឈ្មោះជួន ប៊ុនហ៊ីម ហៅម៉ាប់ ជាអ្នកបើកវិញម្តង ។
ពេលនោះឈ្មោះអ៊ួន អេងប៊ុង ដែលជាជនរងគ្រោះត្រូវឈ្មោះប៉ ហៅអាសង់ ភ្ជង់ និងកាំបិតជាប់.ករហូត ព្រមទាំងយកស្កុតរុំដៃទាំង២ ទៅមុខធ្វើជាចំណងកុំឱ្យជនរងគ្រោះរើបម្រះដើម្បីងាយស្រួលពួកគេចាត់ការបន្ត ។ ពេលឈ្មោះម៉ាប់កាច់ចង្កូតរថយន្តភ្លាម វាបានបើកត្រឡប់ក្រោយវិញ និងឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣ ភ្នំពេញកំពត ។ ពេលបើកចេញពីរាជធានីភ្នំពេញ ជិតដល់ស្ពានទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ឈ្មោះម៉ាប់ បានយកទូរស័ព្ទជនរងគ្រោះហៅចូលលេខឪពុកគេ ហើយគំរាមជម្រិតទារប្រាក់ចំនួន៥០ម៉ឺនដុល្លារសហរដ្ឋអាេមរិក ដោយនិយាយថា ពេលនេះកូនប្រុសស្ថិតក្នុងដៃពួកគេហើយ បើមិនយកប្រាក់៥០ម៉ឺនដុល្លារធ្វើជាថ្ងូរទេ កុំសង្ឃឹមថា បានឃើញមុខកូនឱ្យសោះ ។
លោកជូន ណារិន្ទ បាននិយាយបន្តថា បន្ទាប់ពីឧក្រិដ្ឋជនជម្រិតទារប្រាក់ទៅឪពុកជនរងគ្រោះ១លើក ជា២លើក និងជាបន្ទាន់បំផុតនោះ អ្នកអាណាព្យាបាលជនរងគ្រោះបានទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ច ដើម្បីសហការបង្ក្រាបលើករណីនេះ ។
ពេលនោះហើយទើបលោកឧត្តមសេនីយ៍ត្រីទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ បានរាយការណ៍ជូនលោនជួន សុវណ្ណ អគ្គស្នងការរង ទទួលការងារសន្តិសុខព្រហ្មទណ្ឌរាជធានី លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានចាត់បញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌជាបន្ទាន់ គឺមាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងដឹកនាំដោយលោកវរសេនីយ៍ទោឈាង មុនី ប្រធាន ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ទោ សុង លី ប្រធានការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ និងរូបលោកផ្ទាល់ (ជួន ណារិន្ទ)ដោយមានការចង្អុលបញ្ជាពីលោកឧត្តមសេនីយ៍ឯកម៉ក់ ជីតូ ប្រធាននាយកដ្ឋាននគរបាលយុត្តិធម៌ក្រសួងមហាផ្ទៃ ឱ្យសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ក្នុងនោះគឺខេត្តតាកែវ ដែលជាមុខព្រួញសំខាន់របស់ក្រុមឧក្រិដ្ឋជននាំជនរងគ្រោះទៅកាន់ទីនោះ។
លោកជួន ណារិន្ទ បានរៀបរាប់បន្តថា រយៈពេល៧ម៉ោងគឺខ្លីបំផុតកម្លាំងសហការមានក្រសួងមហាផ្ទៃ រាជធានី និងខេត្ត បង្ក្រាបលើករណីនេះបានទាន់ពេលវេលា ខណៈឧក្រិដ្ឋជនប៉ះចំកម្លាំងប៉ូលិសខេត្តតាកែវ នៅចំណុចមុខក្លោងទ្វារចូលវត្តអង្គញ់ ក្នុងភូមិស្វាយ ផ្លូវលំ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។ ពេលនោះកម្លាំងជំនាញរបស់លោកបានដេញប៉ផាប់ចាប់ពភីង ពីក្រោយរហូត ព្រមទាំងបានប្រកាសតាមវិទ្យុទាក់ទងផង ទូរស័ព្ទមិនដាច់សូរសំឡេងផង តាមប្រមាញ់ក្រុមនេះទីបញ្ចប់យើងចាប់បាន២នាក់នៅខេត្តតាកែវ និងម្នាក់នៅភ្នំពេញ រំដោះបានជនរងគ្រោះ និងរថយន្ត១គ្រឿងមកវិញ ។
ក្រោយពីឃាត់ខ្លួនឧក្រិដ្ឋជន២នាក់ដែលចាប់ខ្លួនជាក់ស្តែង បានបញ្ជូនទៅសាកសួរជំហានដំបូងនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីរកបក្សពួកបន្ត ។ បន្ទាប់មកត្រូវបានបញ្ជូន ទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃទាំងយប់ ។ ដោយសារករណីចាប់ជំរិតទារប្រាក់នេះ បានកើតនៅរាជធានីភ្នំពេញ ហើយម្ចាស់ករណីជានគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងព្រហ្មទណ្ឌកម្រិតស្រាលផង ព្រហ្មទណ្ឌក្រសួងបានប្រគល់ជនល្មើសទាំង២ទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ក្រោយពីចាប់បានបក្សពួក២នាក់នៅខេត្តតាកែវ នគរបាលបានចម្លើយគ្រប់គ្រាន់ហើយថា ពួកនេះនៅសេសសល់បក្សពួកម្នាក់ទៀតកំពុងជិះម៉ូតូវីវ៉ាបិទស្កុតក្រហមពាក់ស្លាកលេខភ 1145 ភ.ព នៅរាជធានីភ្នំពេញ ដែលមានភារកិច្ចចាំឃ្លាំមើលនៅផ្ទះជនរងគ្រោះ តើមានសកម្មភាពអ្វីខ្លះនោះ។ នៅម៉ោងប្រមាណជាង៧យប់ ជនម្នាក់ឈ្មោះអឹុង តិចស្រេង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួននៅក្បែរផ្ទះជនរងគ្រោះតែម្តង ។
នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ឧក្រិដ្ឋជនទាំង៣នាក់បានឆ្លើយសារភាពប្រហាក់ប្រហែលគ្នាថា ការចាប់ជម្រិតនេះឈ្មោះជួន ប៊ុនហ៊ីម ហៅម៉ាប់ ហៅទី និងហៅប៊ុន ជាអ្នកផ្តើមគំនិត ដោយមានសមាសភាពចូលរួម២នាក់ទៀតតែប៉ុណ្ណោះ គឺឈ្មោះឈួ ឆេងប៉ ហៅហេង ហៅសំណាង ហៅអាសង់ និងឈ្មោះអុឹង តិចស្រេង ។ ចម្លើយឈ្មោះជួន ប៊ុនហ៊ីម ហៅម៉ាប់ នៅសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌឱ្យដឹងថា ខ្លួនជាអ្នកផ្តើមគំនិត ព្រោះខ្លួនជាមនុស្សធ្លាប់ស្គាល់ និងដឹងពីជីវភាពគ្រួសារជនរងគ្រោះដែលគេជឿថា ចាប់ជំរិតកូនអាជីវករលក់ដុំខោអាវជជុះនៅផ្សារអូឡាំពិកខាងលើនេះ ប្រាកដជាបានប្រាក់ពេលណាមិនបែកធ្លាយដល់សមត្ថកិច្ច ។ករណីចាប់ជំរិតយុវសិស្សឈ្មោះអ៊ួន អេងប៊ុង នោះគឺខ្លួនបានរៀបចំផែនការមុន៣ថ្ងៃ ដោយជួបជុំដើម្បីរកមធ្យោបាយ និងឧបករណ៍សម្រាប់ធ្វើសកម្មភាព ។ ឈ្មោះម៉ាប់ ឆ្លើយទៀតថា ពួកគេមិនមានប្រាក់ទិញអាវុធទេ គឺប្រើប្រាស់កាំបិតមុខស្រួចសម្រាប់គំរាម និងចាក់សម្លាប់ជនរងគ្រោះនៅពេលណាបែកការណ៍ និងមានស្កុត១ដុំ ម៉ូតូវីវ៉ា១គ្រឿងបិតតែមក្រហមកុំឱ្យសមត្ថកិច្ច ចាប់អារម្មណ៍ពេលទាល់ច្រក បកតែមនោះចេញវិញ ។ ខ្លួនមានគំនិត និងរៀបចំគម្រោងចាប់ គំរាមជំរិតទារប្រាក់នោះមូលហេតុថ្មីៗនេះខ្លួនបានចាញ់ល្បែងអស់ប្រាក់សន្ធឹកសន្ធាប់សរុបទាំងមុនមកជិត៦០ម៉ឺនដុល្លារអាេមរិក។ ប្រាក់ចាញ់ល្បែងនៅកាស៊ីណូទាំងអស់នោះជាប្រាក់របស់ឪពុកម្តាយ និងប្រពន្ធកូនមួយចំនួនដែលគេលួចយកទៅលេង ហើយមួយចំនួនទៀតខ្ចីអ្នកជិតខាង ឬអ្នកស្គាល់គ្នា ។ បន្ទាប់ពីចាញ់ល្បែងអស់ពីខ្លួន និងជំពាក់គេវ័ណ្ឌ.កខ្លួនមិនហ៊ានចូលផ្ទះទេ ម្យ៉ាងទៀតម្ចាស់ប្រាក់ដែលខ្លួនខ្ចី ចេះតែតាមទារ ។ ប្រការនោះហើយបានធ្វើឱ្យខ្លួនបង្ខំចិត្តមានតែផ្លូវម្យ៉ាងគត់បង្កើតគំនិតរកបក្សពួក ចាប់ជម្រិតប្រាក់ ដើម្បីបានប្រាក់លោះបំណុលគេវិញ និងបានចូលផ្ទះ ។ តាមចម្លើយនេះបានឱ្យដឹងទៀតថា ពេលចាប់យុវសិស្សជាជនរងគ្រោះបាននៅក្នុងដៃហើយ ពេលចេញផុតពីក្រុងភ្នំពេញ ក៏ចាប់ផ្តើមធ្វើសកម្មភាពភ្លាម។
ដំបូងឈ្មោះប៉ ហៅអាណាង ឬហៅអាសង់ យកកាំបិតភ្ជង់កជនរងគ្រោះយកស្កុតរុំដៃទាំង២ទៅមុខ និងវាយបំបាក់ស្មារតីជនរងគ្រោះដើម្បីឱ្យមានការភ័យខ្លាចងាយស្រួលទាក់ទងអង្វ.កទៅឪពុកម្តាយយកប្រាក់ប្រគល់ឱ្យពួកខ្លួនតាមការទាមទារ។ ពេលទៅដល់ជិតស្ពានទឹកថ្លា ជាយរាជធានីភ្នំពេញឈ្មោះម៉ាប់ ចាប់ផ្តើមទារប្រាក់ពីឪពុកជនរងគ្រោះតាមរូបភាពគំរាមកំហែងដល់ជីវិតដំបូងទារ៥០ម៉ឺនដុល្លារ ។ ឪពុកជនរងគ្រោះអង្វរ.កសុំ៥ពាន់ដុល្លារ ខ្លួនក៏បិទទូរស័ព្ទឈឹង។ លុះទៅជិតដល់ផ្សារអង្គតាសោម ខ្លួនបានទូរស័ព្ទទៅឪពុកជនរងគ្រោះម្តងទៀត ចុះថ្លៃនៅ៤០ម៉ឺនដុល្លារ ។ឪពុកជនរងគ្រោះឡើង៧ពាន់ដុល្លារ ខ្លួនក៏បិទទូរស័ព្ទទៀត។ បើករថយន្តបណ្តើរ ទូរស័ព្ទគំរាមទារប្រាក់បណ្តើរដែលជារៀងរាល់លើកឪពុកជនរងគ្រោះតែងតែសុំជួបសម្តីកូន ហើយកូនមានតែភាសាអង្វ.កឪពុកឱ្យរកវិធីណាជួយជីវិតកូនផង ដែលពេលនេះធ្លាក់ក្នុងកណ្តាប់ដៃឧក្រិដ្ឋជន ហើយ ។ ពេលរថយន្តបើកចេញផុតពីផ្សារអង្គតាសោមក៏បត់ឆ្វេង វិញឆ្ពោះទៅទីរួមខេត្តតាកែវ ។ ផុតបន្តិចក៏បានទូរស័ព្ទម្តងទៀតដោយគំរាមទារប្រាក់នៅត្រឹម៣០ម៉ឺនដុល្លារ ពេលនោះឪពុកជនរងគ្រោះបានឱ្យ១៥.០០០ដុល្លារខ្លួនក៏បិទទូរស័ព្ទដោយប្រើពាក្យចុងក្រោយថា ចាំយកខ្មោចកូនអ្នកឯងទៅ។ មួយសន្ទុះក៏ទាក់ទងឡើងវិញ ដោយចុះថ្លៃមកនៅ២០ម៉ឺនដុល្លារ ឪពុកជនរងគ្រោះឱ្យ២ម៉ឺនដុល្លារ ។ ពេលនោះខ្លួននៅតែមិនទាន់ព្រមទទួលយកប្រាក់តាមការកំណត់នោះឡើយ ហើយបានទុកពេលឱ្យឪពុកជនរងគ្រោះគិតឡើងវិញម្តងទៀត ដោយដាក់សំណួរថា ស្រឡាញ់ប្រាក់ ឬស្រឡាញ់ជីវិតកូន ។ កំពុងតែ សន្ទនាតថ្លៃគ្នារឿងលុយកាក់ ដើម្បីដោះដូរចំណាប់ខ្មាំងនោះ រថយន្តបានបើកទៅដល់ផ្លូវបំបែកចូលខេត្តតាកែវ និងផ្លូវជាតិលេខ២ ស្រាប់តែនៅពីមុខឃើញមានសមត្ថកិច្ច ដាក់ពង្រាយកម្លាំងជាច្រើន និងដាក់របាំងកាត់ផ្លូវទៀត ។ ឈ្មោះម៉ាប់បានយល់សភាពការណ៍ថា ពិតជាបែកការណ៍ហើយ ក៏បញ្ជាទៅឈ្មោះប៉ ឱ្យចាក់សម្លាប់ជនរងគ្រោះចោលទៅ ។
ភ្លាមៗឈួ ឆេងប៉ បានធ្វើតាមបញ្ជាអាម៉ាប់ ក៏យកកាំបិតចុងស្រួចចាក់ជនរងគ្រោះនៅក្នុងរថយន្ត២ ទៅ ៣កាំបិត ។ ពេលនោះជនរងគ្រោះបានស្រែក និងរើបម្រះទាំងដៃជាប់ចំណងស្កុត រួចក៏មានការភិតភ័យខ្លាំងបានទាត់ទម្លាយទ្វាររថយន្តលោតចុះដីបណ្តាលឱ្យពួកគេសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ។ ហើយបើស្លាប់ពួកគេត្រូវរួចខ្លួនព្រោះសមត្ថកិច្ចពិបាកក្នុងការស្រាវជ្រាវ ។ ប៉ុន្តែនៅពេលដឹងថា សមត្ថកិច្ចបានត្រៀមស្ទាក់ចំខាងមុខហើយ ពួកគេក៏បានលោតចុះពីរថយន្តរត់សំដៅរកកន្លែង ដើម្បីគេចខ្លួន ពេលនោះត្រូវបានកម្លាំងសហការផ្ទុះអាវុធឡើងលើតិចតួច ដើម្បីជាការបំបាក់ស្មារតីចាប់ខ្លួនទាំងរស់ ។ ឱកាសនោះ ពួកគេទាំង២នាក់ក៏មិនប្រឆាំងនឹងគ្រាប់កាំភ្លើងដែរ ដោយបន្ទន់ខ្លួនឱ្យសមត្ថកិច្ចចាប់តាមសម្រួល ។
មិនខុសពីឈ្មោះឈួ ឆេងប៉ ទេ បានសារភាពពីឧបាយកលខ្លួនជាឧក្រិដ្ឋជនចូលរួមពីសកម្មភាពជាមួយឈ្មោះម៉ាប់ ថា ខ្លួនក៏ចាញ់ ល្បែងនៅកាស៊ីណូអស់ប្រាក់ចំនួន៥០ម៉ឺនដុល្លារ ដែរ ប្រាក់នោះជាទ្រព្យសម្បត្តិ របសឪពុកម្តាយ និងប្រពន្ធកូន មួយចំនួនទៀតខ្ចីបុលគេ លក់អស់ហើយកេរអាកររហូតមិនហ៊ានចូលផ្ទះ ត្រូវឪពុកម្តាយ ប្រពន្ធកូនកាត់កាលចោល។ ប្រការនេះហើយបានធ្វើឱ្យជីវិតរបស់ខ្លួនតែលតោលគិតខ្លីតាមការអូសទាញពីមិត្តភក្តិ បង្កើតអំពើល្មើសច្បាប់ ធ្លាក់ខ្លួនចូលជ្រៅទៅក្នុងជនសង្គមងងិត ឥឡូវទីបំផុតបានត្រឹមសោកា ។ ឈ្មោះអ៊ឹង តិចស្រេង វិញ ក៏មានប្រវត្តិ ចាញ់ល្បែងស៊ីសងនៅកាស៊ីណូអស់ប្រាក់ប្រមាណជាង៤០ម៉ឺនដុល្លារ និងមិនហ៊ានចូលផ្ទះទេ ក៏បានរួមគំនិតជាមួយឈ្មោះម៉ាប់ និងឈ្មោះប៉ នឹកថា បានសម្រេច ទីបំផុតសមត្ថកិច្ចចាប់ខ្លួន ។ ពួកគេទាំង៣នាក់សារភាពដូចគ្នាទៀតថា ពួកគេមិនមែនកូនអ្នកក្រីក្រទេ គឺឪពុកម្តាយសុទ្ធតែ រកស៊ីធូរធា តែដោយសារពួកគេឈ្លក់វង្វេង និងល្បែងស៊ីសង ពួកគេពុំមានអាជីពជាក្រុមជនសង្គមងងិតនោះទេ ។
លោកវរសេនីយ៍ទោ ជួន ណារិន្ទ បញ្ជាក់ចុងក្រោយថា បានជាមានការឈានទៅដល់បង្ក្រាបបទល្មើសចាប់ជំរិតទារប្រាក់ និងរំដោះបានជនរងគ្រោះមកវិញឆាប់បែបនេះ ដោយសារមានការផ្តល់យោបល់បន្តបន្ទាប់ពីសំណាក់លោកឧត្តមសេនីយ៍ឯកសុខផល និងលោកឧត្តមសេនីយ៍ឯកកង សុខន អគ្គស្នងការរងនគរបាលផងដែរ ព្រោះពេលកើតមានករណីចាប់ជំរិតនេះ លោកឧត្តមសេនីយ៍ទាំង២បញ្ជាផ្ទាល់ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ច នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការដ្ឋានរាជធានីភ្នំពេញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីច្បាប់ ។
ដោយឡែកជនរងគ្រោះស្ថិតក្នុងស្ថានភាព សង្គ្រោះធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតនៅឡើយ ។ លោកអ៊ួន សុខហេង អាយុ៤៤ឆ្នាំ ត្រូវជាឪពុកយុវនិស្សិតឈ្មោះអ៊ួន អេងប៊ុង បានលើកដៃបួងសួងដល់រាជរដ្ឋាភិបាល ពិសេសកម្លាំងប្រដាប់អាវុធ នគរបាលជាតិ កងរាជអាវុធហត្ថ ក្រសួងមហាផ្ទៃ ស្នងការនគរបាលរាជធានី និងខេត្តតាកែវ ដែលជួយបង្ក្រាប និងរំដោះកូនប្រុសគាត់ចេញពីកណ្តាប់ដៃឧក្រិដ្ឋជនឱ្យរួចជីវិត បើទោះជា ត្រូវរបួសស្នាមធ្ងន់ធ្ងរបន្តិចក្តី និងដឹងគុណជានិច្ចរាល់ទង្វើដ៏ល្អទាំងអស់នេះមិនអាចកាត់ថ្លៃបានឡើយ ៕




No comments:
Post a Comment
yes