Thursday, October 13, 2011
ពិធីបុណ្យអុំទូកឆ្នាំនេះអាចនឹងលុបចោលដោយសារតែគ្រោះទឹកជំនន់ធ្ងន់ធ្ងរ
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលបានប្រាប់កម្ពុជាថ្មីថា ព្រះរាជពិធីបុណ្យអុំទូកអកអំបុក សំពះព្រះខែនៅឆ្នាំនេះ អាចនឹងត្រូវលុបចោលដោយសារតែគ្រោះមហន្តរាយទឹកជំនន់ធ្ងន់ធ្ងរពេក។ មន្រ្តីដដែលបានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលនឹងយកពេលវេលានេះទៅជួយសង្រ្គោះប្រជាជន កំពុងរងគ្រោះដោយទឹកជំនន់នៅតាមបណ្ដាខេត្តក្រុងចំនួន១៧។
លោកខៀវ កាញារីទ្ធ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រាប់កម្ពុជាថ្មីថាគណៈរដ្ឋមន្រ្តីកម្ពុជានឹងបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីពិសេសនៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែតុលានេះ ដើម្បីផ្ដោតលើប្រធានបទតែមួយគត់ គឺពិនិត្យលើផលប៉ះពាល់ដោយគ្រោះទឹកជំនន់។ លោកខៀវ កាញារីទ្ធ បាននិយាយថា សម្ដេចតេជោហ៊ុន សែន នឹងចេញសេចក្ដីថ្លែងការណ៍ពិសេសមួយ ថាតើរដ្ឋាភិបាលត្រូវដោះស្រាយដោយរបៀបណា ហើយប្រឈមនឹងអ្វីខ្លះជុំវិញគ្រោះមហន្តរាយទឹកជំនន់ដែលកំពុងគ្របដណ្ដប់លើខេត្តក្រុងទាំង១៧នៃប្រទេសកម្ពុជា។
លោកខៀវ កាញារីទ្ធ បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលអាចនឹងពិចារណាលុបចោលព្រះ រាជពិធីបុណ្យអុំទូកសម្រាប់ឆ្នាំនេះមែន ដោយសារគ្រោះមហន្តរាយទឹកជំនន់កំពុងប្រឈម ដូច្នេះរាជរដ្ឋាភិបាល ត្រូវតែចេញដោះស្រាយគឺយើងមិនត្រូវសប្បាយនៅពេលពលរដ្ឋមានទុក្ខនោះទេ។ លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នឹងយកថវិកាចំណាយទៅលើការរៀបចំ ពិធីបុណ្យអុំទូកទៅជួយប្រជាជនដែលកំពុងលិចទឹក។ យើងសុខចិត្តខុសទំនៀមទំលាប់ប្រពៃណី តែ ត្រូវសង្រ្គោះជីវិតប្រជាជនដែលប្រឈមនឹងសេចក្ដីស្លាប់នៅចំពោះមុខ។
លោកញឹម វណ្ណដា អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយថា គ្រោះមហន្តរាយឆ្នាំនេះមានទំហំធំធេងហួសពីការស្មាន។ លោកបន្តថា តួលេខអ្នកស្លាប់ ក្រៅផ្លូវការមានចំនួន២០៧នាក់ តែសេចក្ដីរាយការណ៍នៅមានជាបន្តបន្ទាប់ទៀត។ លោកនិយាយថា បើទោះបីទឹកទន្លេមេគង្គបានស្រកបន្តិចមែន តែទឹកទន្លេសាបនៅតែបន្តឡើងជានិច្ច ហើយភ្លៀង នៅតែបន្តធា្លក់ ដែលធ្វើឲ្យមានក្ដីបារម្ភតទៅទៀត៕
ពីគេហទំព័រ៖កម្ពុជាថ្មី
Subscribe to:
Post Comments (Atom)

No comments:
Post a Comment
yes