ក្រុមអ្នកស្ម័គ្រចិត្តជនជាតិអាមេរិកាំងចំនួន ៥៩ នាក់ បាននាំគ្នាច្រៀងបទភ្លេងជាតិកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីបង្ហាញពីទឹកចិត្តចូលរួមបម្រើការងារលើកស្ទួយសន្តិភាព និងមិត្តភាព រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។
០៣-តុលា-២០១១៖ អ្នកស្ម័គ្រចិត្តអាមេរិកាំង ៥៩ នាក់
ពេលស្បថចូលបម្រើការងារនៅប្រទេសកម្ពុជា។
ក្រុមអ្នកស្ម័គ្រចិត្តនេះ បានមកបន្សាំការរស់នៅសាកល្បងរយៈពេល ២ ខែមកហើយ ជាមួយប្រជាពលរដ្ឋខ្មែរ នៅខេត្តតាកែវ មុនពេលស្បថចូលបម្រើការងារជាអ្នកស្ម័គ្រចិត្តនោះ។
ក្រុមអ្នកស្ម័គ្រចិត្តលើកទី៥ ចំនួន ៥៩ នាក់ នៃភីសខ័រ (Peace Corps) របស់សហរដ្ឋអាមេរិកបានស្បថចូលបម្រើក្នុងបេសកកម្មរយៈពេល ២ ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១១ នេះ ដើម្បីជួយអប់រំប្រជាពលរដ្ឋខ្មែររៀនភាសាអង់គ្លេស និងសុខាភិបាល នៅតាមសហគមន៍ជនបទ នៅតាមបណ្ដាខេត្តមួយចំនួន។
អ្នកស្ម័គ្រចិត្តជនជាតិអាមេរិកាំងទាំងនេះ និងរស់នៅជាមួយគ្រួសារប្រជាពលរដ្ឋខ្មែរ ដើម្បីរៀនសូត្រភាសាខ្មែរ ស្វែងយល់អំពីប្រពៃណី ទំនៀមទម្លាប់ខ្មែរ ស្វែងយល់អំពីការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរនៅមូលដ្ឋាន និងរៀនហូបចំណីអាហារខ្មែរ និងរស់នៅរបៀបជាអ្នកជនបទ។
ក្រុមអ្នកស្ម័គ្រចិត្តចំនួន ៥៩ នាក់នេះ ភាគច្រើនជាស្ត្រីពាក់អាវប៉ាក់ ស្លៀកសំពត់ហូល និងផាមួង តាមប្រពៃណីខ្មែរ នៅពេលស្បថចូលបម្រើការងារនេះ។
អ្នកស្ម័គ្រចិត្តម្នាក់ គឺនាង លា ម៉ូទិនស៊ិន (Leah Mortenson) នៅក្នុងចំណោម ៥៩ នាក់ បានថ្លែងថា នាងចូលចិត្តនឹងការរស់នៅជាមួយគ្រួសារខ្មែរ ព្រោះមានភាពអធ្យាស្រ័យ ហើយចាត់ទុកនាង ដូចជាបងប្អូនក្នុងគ្រួសារតែមួយ។
នាង លា ម៉ូទិនស៊ិន៖ សូមថ្លែងអំណរគុណដល់គ្រួសារខ្មែរទាំងអស់ ដែលបានទទួលពួកយើងឲ្យស្នាក់នៅជាមួយគ្រួសារ ដូចជាសមាជិកគ្រួសារដែរ។ ជាពិសេស សូមអរគុណដល់ទឹកចិត្តសប្បុរស និងអត់ធ្មត់របស់គ្រួសារ ដែលបានខិតខំធ្វើម្ហូបឲ្យយើងញ៉ាំរាល់ថ្ងៃ»។
ភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា លោក ជេហ្វ ដាយហ្គល (Jeff Daigle) មានប្រសាសន៍ថា ចាប់តាំងពីក្រុមអ្នកស្ម័គ្រចិត្តនេះបានមករស់នៅជាមួយគ្រួសារខ្មែរ ក្រុមអ្នកស្ម័គ្រចិត្តអាមេរិកាំងនេះ បានយល់ដឹងស៊ីជម្រៅអំពីការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ វប្បធម៌ និងភាសាខ្មែរ។
នៅពេលណាក្រុមនេះ វិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ពួកគេបានចែករំលែកបទពិសោធន៍ច្រើនដល់ជនជាតិអាមេរិកាំង៖ «ពួកគេមិនត្រឹមតែធ្វើការងារលើវិស័យអប់រំបង្រៀនភាសាអង់គ្លេស និងសុខាភិបាលប៉ុណ្ណោះទេ ពួកគេបានអប់រំដល់ប្រជាពលរដ្ឋខ្មែរ អំពីបរិស្ថានការបង្ការអំពើហិង្សាក្នុងគ្រួសារ ការបណ្ដុះបណ្ដាលអំពីជីវកម្មខ្នាតតូច និងជំនាញការងារមួយចំនួនទៀត»។
ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា ក្រុមអ្នកស្ម័គ្រចិត្តអាមេរិកាំងនេះ មិនត្រឹមតែស្វែងយល់អំពីការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេត្រូវតែមានការប្រុងប្រយ័ត្នអំពីជំងឺរាក និងអាកាសធាតុក្តៅនៅពេលទឹកជំនន់ស្រកចុះ នៅពេលខាងមុខ។
លោក ម៉ម ប៊ុនហេង៖ «ដើម្បីកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដោតលើវិស័យសំខាន់ ២ ដែលជាប់ពាក់ព័ន្ធជាមួយភ្នាក់ងារ ភីសខ័រ នោះ គឺការអភិវឌ្ឍធនធានមនុស្ស និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា»។
ក្រុមអ្នកស្ម័គ្រចិត្តជនជាតិអាមេរិកាំង គឺមានចំនួន ១៣៧ នាក់ហើយ ដែលមកបំពេញបេសកម្មបែបនេះ នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០០៧ មក។
ពួកគេបានមករស់នៅជាមួយប្រជាពលរដ្ឋខ្មែរនៅតាមជនបទនៅខេត្តចំនួន ១៥ ក្នុងនោះមានខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម កណ្ដាល តាកែវ កំពត ខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំជាដើម។
ក្រុមអ្នកស្ម័គ្រចិត្តជនជាតិអាមេរិកាំង ឬ ភីសខ័រ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦១ ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចន ហ្វេ ខេននីឌី (John F. Kennedy) ដើម្បីលើកស្ទួយសន្តិភាពពិភពលោក និងមិត្តភាព៕
ពីវិទ្យុ អាស៊ីសេរី

No comments:
Post a Comment
yes