Tuesday, October 4, 2011

អ្នក​ស្ម័គ្រ​ចិត្ត​អាមេរិកាំង​ចំនួន ៥៩ នាក់ មក​បម្រើ​ការងារ​នៅ​​ប្រទេស​កម្ពុជា

ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ជន​ជាតិ​អាមេរិកាំង​ចំនួន ៥៩ នាក់ បាន​នាំ​គ្នា​ច្រៀង​បទ​ភ្លេង​ជាតិ​កម្ពុជា និង​សហរដ្ឋ​អាមេរិក ដើម្បី​បង្ហាញ​ពី​ទឹក​ចិត្ត​ចូលរួម​បម្រើ​ការងារ​លើក​ស្ទួយ​សន្តិភាព និង​មិត្តភាព រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក។

RFA/Sok Serey
០៣-តុលា-២០១១៖ អ្នក​ស្ម័គ្រ​ចិត្ត​អាមេរិកាំង ៥៩ នាក់ 
ពេល​ស្បថ​ចូល​បម្រើ​ការងារ​នៅ​ប្រទេស​កម្ពុជា។


 ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​នេះ បាន​មក​បន្សាំ​ការ​រស់​នៅ​សាកល្បង​រយៈ​ពេល ២ ខែ​មក​ហើយ ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​ខេត្ត​តាកែវ មុន​ពេល​ស្បថ​ចូល​បម្រើ​ការងារ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​នោះ។

ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​លើក​ទី​៥ ចំនួន ៥៩ នាក់ នៃ​ភីសខ័រ (Peace Corps) របស់​សហរដ្ឋ​អាមេរិក​បាន​ស្បថ​ចូល​បម្រើ​ក្នុង​បេសកកម្ម​រយៈ​ពេល ២ ឆ្នាំ នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី ៣ ខែ​តុលា ឆ្នាំ ២០១១ នេះ ដើម្បី​ជួយ​អប់រំ​ប្រជា​ពលរដ្ឋ​ខ្មែរ​រៀន​ភាសា​អង់គ្លេស និង​សុខាភិបាល នៅ​តាម​សហគមន៍​ជនបទ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។
អ្នក​ស្ម័គ្រ​ចិត្ត​ជនជាតិ​អាមេរិកាំង​ទាំង​នេះ និង​រស់​នៅ​ជាមួយ​គ្រួសារ​ប្រជា​ពលរដ្ឋ​ខ្មែរ ដើម្បី​រៀន​សូត្រ​ភាសា​ខ្មែរ ស្វែង​យល់​អំពី​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ ស្វែង​យល់​អំពី​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​មូលដ្ឋាន និង​រៀន​ហូប​ចំណី​អាហារ​ខ្មែរ និង​រស់​នៅ​របៀប​ជា​អ្នក​ជនបទ។
ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន ៥៩ នាក់​នេះ ភាគ​ច្រើន​ជា​ស្ត្រី​ពាក់​អាវ​ប៉ាក់ ស្លៀក​សំពត់​ហូល និង​ផាមួង តាម​ប្រពៃណី​ខ្មែរ នៅ​ពេល​ស្បថ​ចូល​បម្រើ​ការងារ​នេះ។
អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់ គឺ​នាង លា ម៉ូទិនស៊ិន (Leah Mortenson) នៅ​ក្នុង​ចំណោម ៥៩ នាក់ បាន​ថ្លែង​ថា នាង​ចូល​ចិត្ត​នឹង​ការ​រស់​នៅ​ជាមួយ​គ្រួសារ​ខ្មែរ ព្រោះ​មាន​ភាព​អធ្យាស្រ័យ ហើយ​ចាត់​ទុក​នាង ដូច​ជា​បងប្អូន​ក្នុង​គ្រួសារ​តែ​មួយ។
នាង លា ម៉ូទិនស៊ិន៖ សូម​ថ្លែង​អំណរ​គុណ​ដល់​គ្រួសារ​ខ្មែរ​ទាំង​អស់ ដែល​បាន​ទទួល​ពួក​យើង​ឲ្យ​ស្នាក់​នៅ​ជាមួយ​គ្រួសារ ដូច​ជា​សមាជិក​គ្រួសារ​ដែរ។ ជាពិសេស សូម​អរគុណ​ដល់​ទឹក​ចិត្ត​សប្បុរស និង​អត់ធ្មត់​របស់​គ្រួសារ ដែល​បាន​ខិតខំ​ធ្វើ​ម្ហូប​ឲ្យ​យើង​ញ៉ាំ​រាល់​ថ្ងៃ»។
ភារៈ​ធារី​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា លោក ជេហ្វ ដាយហ្គល (Jeff Daigle) មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​នេះ​បាន​មក​រស់​នៅ​ជាមួយ​គ្រួសារ​ខ្មែរ ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​អាមេរិកាំង​នេះ បាន​យល់​ដឹង​ស៊ី​ជម្រៅ​អំពី​ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ វប្បធម៌ និង​ភាសា​ខ្មែរ។
នៅ​ពេល​ណា​ក្រុម​នេះ វិល​ត្រឡប់​ទៅ​កាន់​សហរដ្ឋ​អាមេរិក​វិញ ពួក​គេ​បាន​ចែក​រំលែក​បទ​ពិសោធន៍​ច្រើន​ដល់​ជន​ជាតិ​អាមេរិកាំង៖ «ពួក​គេ​មិន​ត្រឹមតែ​ធ្វើ​ការងារ​លើ​វិស័យ​អប់រំ​បង្រៀន​ភាសា​អង់គ្លេស និង​សុខាភិបាល​ប៉ុណ្ណោះ​ទេ ពួក​គេ​បាន​អប់រំ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ អំពី​បរិស្ថាន​ការ​បង្ការ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​បណ្ដុះបណ្ដាល​អំពី​ជីវកម្ម​ខ្នាត​តូច និង​ជំនាញ​ការងារ​មួយ​ចំនួន​ទៀត»។
ជាមួយ​គ្នា​នោះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​អាមេរិកាំង​នេះ មិន​ត្រឹម​តែ​ស្វែង​យល់​អំពី​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ពួក​គេ​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​អំពី​ជំងឺ​រាក និង​អាកាស​ធាតុ​ក្តៅ​នៅ​ពេល​ទឹក​ជំនន់​ស្រក​ចុះ នៅ​ពេល​ខាង​មុខ។
លោក ម៉ម ប៊ុនហេង៖ «ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដោត​លើ​វិស័យ​សំខាន់ ២ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ភ្នាក់ងារ ភីសខ័រ នោះ គឺ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​សុខុមាលភាព​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា»។
ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ជន​ជាតិ​អាមេរិកាំង គឺ​មាន​ចំនួន ១៣៧ នាក់​ហើយ ដែល​មក​បំពេញ​បេសកម្ម​បែប​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ ២០០៧ មក។
ពួក​គេ​បាន​មក​រស់​នៅ​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ជនបទ​នៅ​ខេត្ត​ចំនួន ១៥ ក្នុង​នោះ​មាន​ខេត្ត​ស្វាយរៀង ព្រៃវែង កំពង់ចាម កណ្ដាល តាកែវ កំពត ខេត្ត​ព្រះសីហនុ កោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្ត​កំពង់ធំ​ជាដើម។
ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ជន​ជាតិ​អាមេរិកាំង ឬ ភីសខ័រ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៦១ ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចន ហ្វេ ខេននីឌី (John F. Kennedy) ដើម្បី​លើក​ស្ទួយ​សន្តិភាព​ពិភព​លោក និង​មិត្តភាព៕

ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes