Sunday, November 20, 2011
កូនប្រុសលោកកាដាហ្វីឈ្មោះសៃអ៊ីហ្វអាល់អ៊ិស្លាមចាប់ខ្លួននៅភាគខាងត្បូងលីប៊ី
អ្នកទទួលខុសត្រូវខាងយោធាម្នាក់របស់ក្រុមប្រឹក្សាជាតិបណ្តោះអាសន្នលីប៊ី CNT រាយការណ៍កាលពីថ្ងៃទី១៩ វិច្ឆិកា ថា សៃអីុហ្វអាល់អ៊ិស្លាមជាកូនប្រុសម្នាក់របស់អតីតមេដឹកនាំលីប៊ី លោកមូអាម៉ា កាដាហ្វី ត្រូវចាប់ខ្លួនបានហើយ នៅសេបហា ភាគខាងត្បូងលីប៊ី ។
ក្នុងសន្និសីទសារព័ត៌មានមួយនាទីក្រុងទ្រីប៉ូលីដោយមិនបញ្ជាក់ច្បាស់ថែមទៀត លើការចាប់ខ្លួនកូនប្រុសលោកកាដាហ្វីរូបនេះ អ្នកទទួលខុសត្រូវខាងយោធារបស់ CNT រូបនេះលោកបូបការបូប ម៉ាឡាថ្លែងថា យើងចាប់សៃអ៊ីហ្វ អាល់អ៊ិស្លាមបានហើយ ។ CNT នឹងផ្តល់ភាពលំអិតអំពីការចាប់ខ្លួននេះនាពេលខាងមុខ។ លោកបូបម៉ាឡាបន្តថា សៃអ៊ីហ្វអាល់អ៊ិស្លាមនឹងត្រូវបញ្ជូនមកកាន់ទីក្រុងហ្ស៊ីនតានជាទីក្រុងមួយស្ថិតនៅចម្ងាយប្រមាណជា១០០គីឡូម៉ែត្រភាគនិរតីក្រុងទ្រីប៉ូលី ។
ការចាប់ខ្លួនសៃអីុហ្វ ត្រូវបានប្រកាស ខណៈ ពេលដែល CNT ត្រៀមប្រកាសនាថ្ងៃទី២០ វិច្ឆិកា ពីការបង្កើតរដ្ឋាភិបាលថ្មីមួយ ។
មនុស្សជាច្រើនពាន់នាក់បានមកជួបជុំគ្នានៅតាមដងវិថីទាំងឡាយនៃក្រុងទ្រីប៉ូលី ដើម្បីសម្តែងការអបអរសាទរចំពោះការចាប់ខ្លួនកូនប្រុសលោកកាដាហ្វីរូបនោះ ។
សៃអីុហ្វ អាល់អ៊ិស្លាម បានរត់គេចខ្លួនចាប់តាំងពីកងកម្លាំង CNT វាយដណ្តើមយកបានរដ្ឋធានី ទ្រីបូ៉លី កាលពីដំណាច់ខែសីហាមក ។ សៃអ៊ីហ្វ ត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិតាមរកចាប់ខ្លួនពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិក្នុងការបង្ក្រាបពួកបាតុករប្រឆាំងលោកកាដាហ្វី៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes