សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 3, 2011

លោក ណាន់ ស៊ី ត្រូវ​បាន​កាត់​ទោស​កំបាំង​មុខ

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២ វិច្ឆិកា ឆ្នាំ​២០១១ បាន​បើក​សវនាការ​កាត់​ទោស​កំបាំង​មុខ​​អតីត​ឯក​អគ្គរាជ​ទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ប៊្រុយណេ ឈ្មោះ​លោក ណាន់ ស៊ី។
លោក ណាន់ ស៊ី ត្រូវ​បាន​ចោទ​ក្រោយ​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​កេង​ប្រវ័ញ្ច​ប្រាក់​របស់​រដ្ឋ​សរុប​ប្រមាណ ៤៣​ម៉ឺន​ដុល្លារ​អាមេរិក នៅ​ក្នុង​ការ​សាងសង់​ស្ថានទូត​កម្ពុជា នៅ​ប្រទេស​ប្រ៊ុយណេ (Brunei) នៅ​ឆ្នាំ​២០០៨ កន្លង​ទៅ។
តុលាការ​គ្រោង​នឹង​ប្រកាស​សាលក្រម នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ខាង​មុខ​នេះ ប៉ុន្តែ​តុលាការ​បាន​ចេញ​ដីកា​រួច​ហើយ ដើម្បី​ឲ្យ​អាជ្ញាធរ​នគរបាល​ជាតិ​កម្ពុជា តាម​ចាប់​ខ្លួន​លោក ណាន់ ស៊ី នោះ។ ដើម​បណ្ដឹង​នៃ​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ គឺ​ក្រសួង​ការបរទេស​កម្ពុជា។ លោក ណាន់ ស៊ី កំពុង​តែ​លាក់​ខ្លួន។
មេធាវី​របស់​រដ្ឋាភិបាល លោក គី តិច បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ក្រោយ​ពី​សវនាការ​នោះ​ថា លោក​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់​ដែល​បាន​កំណត់៖ «គាត់​បាន​យក​លុយ​ហ្នឹង។ ក្រសួង​ការបរទេស​តម្កល់​ទុក​ទូទាត់​ថ្លៃ​សំណង់​ហ្នឹង​អស់ ២៩​ម៉ឺន​ដុល្លារ​អាមេរិក​ជាង ហើយ​រក​ឃើញ​ការ​ចំណាយ​ផ្សេងៗ​ទៀត ដែល​មិន​ប្រក្រតី​មាន​ជំពាក់​ធនាគារ ជំពាក់​ក្រុមហ៊ុន​ផ្សេងៗ។ បូក​រួម​ចូល​គ្នា​ទៅ​ឡើង​ដល់ ៤៣​ម៉ឺន​ដុល្លារ​អាមេរិក​ជាង។ តុលាការ​នឹង​សម្រេច​ផ្ដន្ទាទោស​គាត់​ហើយ»
មេធាវី​របស់​លោក ណាន់ ស៊ី លោក កែវ យ៉ា បាន​មាន​ប្រសាសន៍​ថា លោក​បាន​ផ្ទេរ​សំណុំ​រឿង​នេះ​ឲ្យ​ទៅ​មេធាវី​ផ្សេង​ទៀត ដោយសារ​តែ​លោក​ជាប់​រវល់។
វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​មេធាវី​ថ្មី​នោះ​បាន​នៅ​ឡើយ​ទេ ​ដើម្បី​សុំ​ការ​ពន្យល់​ពី​បញ្ហា​នេះ។
ទាក់ទង​នឹង​រឿង​អាស្រូវ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង បាន​មាន​ប្រសាសន៍​បំភ្លឺ​ថា ក្រសួង​បាន​ចាត់​វិធានការ​ចំពោះ​លោក ណាន់ ស៊ី រួច​ហើយ៖ «បាទ! យើង​បណ្ដេញ​ចេញ​បាត់​ទៅ​ហើយ ហើយ​សព្វថ្ងៃ​នេះ​ឯក​អគ្គរាជ​ទូត​ថ្មី គឺ​លោក ឆាយ សុខន ទូត​ថ្មី របស់​កម្ពុជា​យើង​ប្រចាំ​នៅ​ប្រទេស​ប្រ៊ុយណេ»
លោក ណាន់ ស៊ី ជា​ជន​ជាតិ​ចាម គឺ​ជា​អតីត​តំណាងរាស្ត្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​លោក​តាម​មាត្រា​ទី​៥៩៧ និង​មាត្រា​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ​ថ្មី ក្រោម​បទ​កេង​យក​ផល​ប្រយោជន៍​ដោយ​ខុស​ច្បាប់។
រឿង​អាស្រូវ​នេះ​បាន​កើត​ឡើង​នៅ​ឆ្នាំ​២០០៨ ប៉ុន្តែ​ក្រសួង​ការបរទេស​កម្ពុជា បាន​ប្ដឹង​នៅ​ឆ្នាំ​២០១១ ក្រោយ​ពី​បាន​ដឹង​រឿង​នេះ​តាម​រយៈ​ការ​ពិនិត្យ​បញ្ជី​ចំណាយ និង​ទូទាត់​ប្រាក់​ឲ្យ​ក្រុមហ៊ុន​សាងសង់​ស្ថានទូត​កម្ពុជា នៅ​ប្រទេស​ប្រ៊ុយណេ។ ក្រុមហ៊ុន​នេះ​បាន​ផ្ញើ​សំបុត្រ​មក​ក្រសួង​ការបរទេស​កម្ពុជា។ ក្រសួង​ការបរទេស​កម្ពុជា បាន​ធ្វើ​អធិការកិច្ច​តាម​បណ្ដឹង​នោះ។
បើ​សិន​ណា តុលាការ​រក​ឃើញ​ថា លោក ណាន់ ស៊ី មាន​ទោស​កំហុស​មែន​នោះ​តុលាការ និង​ផ្ដន្ទាទោស​ឲ្យ​ជាប់​គុក​រវាង ២​ឆ្នាំ ទៅ ៥​ឆ្នាំ​ផាក​ពិន័យ​ចំនួន​ពី ៤​លាន​រៀល ទៅ ១០​លាន​រៀល៕


ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes