ព្រឹត្តិការណ៍មនុស្សជាន់គ្នានៅស្ពានតូចមួយ ក្នុងកន្លែងកំសាន្តកោះពេជ្រ កាលពីយប់ថ្ងៃ២២ ខែវិច្ឆិកា ឆ្នាំ២០១០ បានកន្លងទៅ ១ឆ្នាំហើយ។
ព្រឹត្តិការណ៍មនុស្សជាន់គ្នាស្លាប់ច្រើនរយនាក់ដ៏តក់ស្លុតមួយ ដែលបានកើតឡើងនៅយប់នាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យជាតិអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក បានកន្លងផុតទៅមួយឆ្នាំហើយ តែការស្លាប់ និងមនុស្សរបួសដែលនៅរស់ នៅនឹកឃើញរឿងរ៉ាវទាំងនោះនៅឡើយ។ ការលំបាកជាច្រើនបានបន្សល់ឲ្យមនុស្សដែលនៅរស់។
ក្រុមគ្រួសារដែលមានកូនចៅបានស្លាប់ក្នុងព្រឹត្តិការណ៍យប់ថ្ងៃ២២ ខែវិច្ឆិកា ឆ្នាំ២០១០ អ្នកស្រី ឡេង យុន រស់នៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល យំសោកថាកូនស្រីគាត់ ២នាក់បងប្អូន បានស្លាប់ក្នុងព្រឹត្តិការណ៍យប់ថ្ងៃ២២ ខែវិច្ឆិកា។ អ្នកស្រីថា កូនស្រីច្បងឈ្មោះ លឿង ដាណែត អាយុ២២ឆ្នាំ ប្អូនស្រីឈ្មោះ លឿង ស្រីយ៉ា អាយុ១៩ឆ្នាំ។ អ្នកស្រីថា ថវិកាផ្ដល់សម្រាប់ឧបត្ថម្ភក្នុងសពកូនម្នាក់ប្រមាណ ១ម៉ឺន២ដុល្លារ គិតថាច្រើនមែន តែមិនអាចកាត់ផ្ដាច់ការនឹករលឹកកូនទាំង២បានទេ ៖"រៀនចប់បាក់ឌុបអស់ហើយ។ ស្រណោះណាស់ទល់សព្វថ្ងៃខ្ញុំ មិនទាន់ឈប់ស្រណោះទេ។ ដល់ពេលខួបវាដែលថ្ងៃអុំទូកស្លាប់ហ្នឹងខ្ញុំអង្គុយយំម្នាក់ឯង។ ខ្ញុំអត់ទាំងបើកទូរទស្សន៍មើលផង ខ្ញុំនឹកឃើញស្រណោះកូននៅផ្ទះសុខៗ គ្រាន់តែនឹកឃើញ ស្រណោះកូនតែប៉ិននឹងគ្រាន់តែអង្គុយយំតែមិនដឹងធ្វើម៉េចបើកូនស្លាបទៅហើយ។ រដ្ឋគេជួយឧបត្ថម្ភហ្នឹង ប្រមាណថា ម្នាក់បានជាងមួយម៉ឺននឹង។ ហើយខ្ញុំយកមកបានធ្វើបុណ្យសពកូនខ្ញុំរយៈពេលបាន៣ដងនឹង ខ្ញុំធ្វើអស់ពីចិត្តហើយ"។
អ្នកស្រី ជួប សាត នៅភូមិខ្សាច់ ឃុំអរិយក្សត្រដែរឲ្យដឹងថា កូនស្រីគាត់ឈ្មោះ ឡូន រំដួល អាយុ២៨ឆ្នាំ បានស្លាប់ក្នុងព្រឹត្តិការណ៍ជាន់គ្នាលើស្ពានកោះពេជ្រ យប់ថ្ងៃ២២ ខែវិច្ឆិកា បន្សល់ចៅ២នាក់ ឲ្យគាត់ជួយចិញ្ចឹម។ ឯប្ដីក៏នៅក្នុងព្រឹត្តិការណ៍នោះដែរ គេជាន់ឲ្យរបួសជើង។ កូនប្រសាគាត់នោះបានចេញទៅ រត់ហៅភ្ញៀវដាក់ឡានរកកម្រៃចិញ្ចឹមជីវិត និងកូនតូចៗ ទាំង២។ ប៉ុន្តែសុខភាពកូនប្រសាគាត់មិនសូវល្អទេ ៖ "ដល់ទៅរត់ឡាក់ៗ អ៊ីចឹងទៅ ដល់ឥឡូវ រៀងហើមជើង ដល់ហើមជើង ឈប់ទៅ ដល់ជាជើង ហៅគេទៀតទៅ។ ហើយអាបញ្ហាកោះពេជ្រហ្នឹង គឺថាឈរយូរៗ ទន់ទៅតែម្ដង ត្រឹមក្បាលជង្គង់ចុះក្រោមហ្នឹង ដល់ឥឡូវផ្លែជើង កន្លែងកំភួនជើង ឡើងស្លោកប៉ុណ្ណឹងរួចទៅ ឥឡូវឡើងផ្លែ"។
វិទ្យុ អាស៊ីសេរី
No comments:
Post a Comment
yes