សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 7, 2011

ទឹកជំនន់​​បាងកក​អាច​ធ្វើ​ឲ្យរដ្ឋាភិបាល​រើ​ទីតាំង​រាជធានី?

  បើគ្មាន​អ្វីផ្លាស់ប្តូរ ពីពេលនេះ ដល់​ឆ្នាំ ២០៥០ ទីក្រុង​បាងកក​នឹងលិច​ចូល​ទៅក្នុង​ទឹកសមុទ្រ។ នេះ​ជាការនិយាយ​បង្កា​រទុកមុន​របស់​អ្នកជំនាញ​ថៃ ខាងផ្នែក​ប្រែប្រួល​អាកាសធាតុ នៅ​សកល​វិទ្យាល័យ​ជូឡាឡុងកន។ រហូតមកដល់​ថ្ងៃ​ចន្ទ​ទី ៧ វិច្ឆិកា​នេះ ទឹកដី​មួយភាគប្រាំ​​របស់​ទីក្រុង​បាងកក​នៅ​តែ​ជន់លិច​ដោយ​ទឹកជំនន់ ដែល​បង្ក ដោយ​ទឹកភ្លៀង​មូសុង កាលពី​ខែ​កក្កដាមុន។ ទឹកជំនន់​ដែល​មិនងាយ​នឹង​ស្រក​អស់​ពីទីក្រុង អាចជា​ប្រផ្នូល ឲ្យ​ដឹង​មុន​ពី​អនាគត​របស់​បាងកក ដែល​ជា​រាជធានី​ចុងក្រោយ​របស់​ព្រះរាជាណាចក្រ​​ថៃ។


  រដ្ឋាភិបាល​ថៃ​បាន​សុខចិត្ត​លះបង់​សង្កាត់​ខ្លះ​របស់ទីក្រុង​បាងកក​ឲ្យ​ជន់លិច​ដើម្បី​អាច​បង្ហូរទឹក​ទៅកាន់​ឈូងសមុទ្រ។ ប៉ុន្តែ រហូត​មកដល់​ពេលនេះ ទឹកជំនន់​ដែល​ហូរ​ធ្លាក់​មក​ពីភាគ​​ខាង​ជើង​ប្រទេស ហាក់​នៅ​នឹងថ្កល់ នៅក្រុង​បាងកក។ វាមិន​មែន​ជា​រឿង​ចៃដន្យ​ទេ ដែល​ទឹកជំនន់​ហូរ​ចេញ ដោយយឺតៗ​ពី​ទីក្រុង​បាងកក​សំដៅ​ទៅ​សមុទ្រ។

បើប្រៀបធៀប​នឹង​កម្រិត​ទឹកសមុទ្រ ទីក្រុង​បាងកក​ស្ថិតនៅ​ខ្ពស់​ជាង​​​ទឹកសមុទ្រ​តែពីរម៉ែត្រ​ប៉ុណ្ណោះ។ យោងតាមការ​សិក្សា​របស់​ធនាគារ​ពិភពលោក ទីក្រុង​បាងកក​ត្រូវ​បានសង់​ឡើង នៅកន្លែង​ដែល​អាច​លិចទឹក។ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ រាជធានីថៃ​មួយនេះ​បាន​ស្រុតចុះ​ក្នុង​ដី កម្រាស់​១០​សង់ទីម៉ែត្រ ជារៀងរាល់ឆ្នាំ។ បាងកក​ស្រុតចុះ ដោយសារតែ​ស្រទាប់ទឹក​ក្រោមដី​បាក់ស្រុត ក្រោយពី​គេ​បូមយកទឹក យ៉ាងក្រាស់ក្រែលដើម្បី​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ជីវិត​មនុស្ស​ជាង ១២​លាននាក់ និង​រោងចក្រ​ឧស្សាហកម្ម ក្នុង​ទីក្រុង​មួយនេះ។ ធនាគារ​ពិភពលោក​វិញ​​នៅបាន​សរសេរ​ពីគ្រោះធម្មជាតិ​ទឹកជំនន់​ដែល​នឹង​កើត៤​លើក​ ជា​បន្តបន្ទាប់គ្នា នៅទីក្រុង​បាងកក រហូត​ដល់ឆ្នាំ ២០៥០។

 ប៉ុន្តែ តាម​ការសិក្សា​ដដែល ចំណាត់ការ​របស់​រដ្ឋាភិបាល​ដើម្បីការពារ​ស្រទាប់ទឹក​ក្រោមដី​បាន​ជួយ​ទីក្រុង​បាងកក​ឲ្យ​​ស្រុតចុះ​ក្រោមដី ​ត្រឹមតែ​មួយ​សង់ទីម៉ែត្រ​ប៉ុណ្ណោះ។ ការវាយតម្លៃ ដែល​ត្រូវ​លោក​អាណុង​ស្នីទវង្ស អ្នកជំនាញថៃ នៅ​សកលវិទ្យាល័យ​ជូឡាឡុងកន​​មិនយល់ស្រប​ជាមួយ ដោយថា ទីក្រុង​បាងកក​នៅតែស្រុតចុះ​ក្រោមដី​ប្រមាណ ៣​សង់ទីម៉ែត្រ​ជា​រៀងរាល់ឆ្នាំ។
 
ស្រទាប់ទឹក​ក្រោមដី​ចុះខ្សោយ​ជា​រឿងមួយ។ ប៉ុន្តែ ការប្រែប្រួល​អាកាសធាតុ​ដែល​ធ្វើ​ឲ្យ​កម្រិត​ទឹក​សមុទ្រ​កើន​ឡើង​ពី​១៩ ទៅ ២៩​សង់ទីម៉ែត្រ ក្នុង​៤០ឆ្នាំទៀត ទើប​ជាគ្រោះថ្នាក់​​ពិតប្រាកដ​ដែល​គំរាមកំហែង​អនាគត​ទីក្រុង​បាងកក។ លោក​អាណុង​ស្នីទវង្ស​បាន​ព្រមាន​ថា ប្រសិន​បើរដ្ឋាភិបាល​មិន​ចាត់​វិធានការ​បន្ទាន់ ហើយ​កម្ពស់ទឹកសមុទ្រ​នៅតែកើនឡើង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ នោះក្នុង​រយៈពេល ៥០ឆ្នាំ ទឹកដី​ភាគច្រើន​របស់​ក្រុង​បាងកក នឹង​លិច​ចូល​ទៅក្នុង​សមុទ្រ។
 
អ្នកជំនាញ​ថៃ​បាន​ទាញសញ្ញា​ប្រកាស​អាសន្ន និង​បាន​ក្រើន​រំលឹក​រដ្ឋាភិបាល​ថៃ ពី​ការរើ​ទីក្រុង ទៅ​នៅទីតាំង​ថ្មី ដែល​គេធ្លាប់​​បាន​ធ្វើ​កន្លងមក​ក្នុង​អតីតកាល។ រាជធានី​បាងកក​ផ្ទាល់ ត្រូវ​បាន​កសាងឡើង នៅឆ្នាំ ១៧៨២ បន្ទាប់ពី​ប្រទេស​ថៃ​រើ​រាជធានី​ពីអាយុធ្យា​ក្រោយចាញ់ចម្បាំង​ជាមួយ​ភូមា។
 
សម្រាប់​វិស្វករ​អង់គ្លេស​ដែល​តាមដាន​ករណី​ក្រុងបាងកក ប្រសិន​បើ​រដ្ឋាភិបាល​ថៃ​ចង់​បន្ត​តាំង​ទីក្រុង​របស់ខ្លួន នៅបាងកក​ដដែល គេ​ត្រូវ​វិនិយោគ​ច្រើន ក្នុង​ពី ១០ ទៅ ២០ឆ្នាំ​ទៅមុខ​ដើម្បីសាង​សង់​ប្រព័ន្ធ​ការពារ​ទឹកជំនន់។ តម្លៃវិនិយោគ​នឹង​មាន​ទំហំធំធេង ព្រោះតាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី គេត្រូវ​វិនិយោគ​យ៉ាងហោច ១០ពាន់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ ដើម្បី​សាងសង់​សំណង់​ទប់ទល់​នឹង​គ្រោះធម្មជាតិ ដែលជា​លទ្ធផល​នៃ​ការផ្លាស់ប្តូរ​អាកាសធាតុ៕


BY: RFI

No comments:

Post a Comment

yes