Sunday, December 4, 2011
ល្បិចថ្មីបន្លំជាបុគ្គលិកក្រុមហ៊ុនដឹកដែកឱ្យការដ្ឋានសំណង់បោកយកលុយជាង៦.០០០ដុល្លារត្រូវចាប់ខ្លួន
ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២ ធ្នូ ២០១១ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ការឃាត់ខ្លួនជនសង្ស័យគឺធ្វើឡើងបន្ទាប់ពីជនរងគ្រោះបានប្ដឹងទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលពីករណីឆបោកដែលជនសង្ស័យរូបនេះប្រើល្បិចថ្មី ដោយបន្លំជាបុគ្គលិកក្រុមហ៊ុនលក់សម្ភារសំណង់។
មន្ដ្រីនគបាលព្រហ្មទណ្ឌបានឱ្យដឹងថា ដើមបណ្ដឹងឈ្មោះសោម ណូ ភេទប្រុស អាយុ៤១ឆ្នាំ ទីលំ នៅផ្ទះលេខ៣៨៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំកាមន រងគ្រោះដោយចាញ់បោកអស់ប្រាក់ចំនួន៦២៧៤,០៩ដុល្លារ។ ចំណែកជនសង្ស័យដែលត្រូវឃាត់ខ្លួននេះឈ្មោះសួន សុវណ្ណារ៉ា ហៅរដ្ឋា ស្នាក់នៅផ្ទះជួលលេខ២៧ ផ្លូវលេខ៦៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញមុខរបរមិនពិតប្រាកដ។
តាមបណ្ដឹងរបស់ជនរងគ្រោះឱ្យដឹងថា កាលពីថ្ងៃទី៣ វិច្ឆិកា ២០១១ សួន សុវណ្ណារ៉ា ហៅរដ្ឋា និងឈ្មោះប៊ុន លីបានទំនាក់ទំនងទៅការដ្ឋានរបស់គាត់នៅម្ដុំបឹងត្របែក ដោយបង្ហាញប័ណ្ណតម្លៃទំនិញ (ដែក) ដោយមានស្លាកសញ្ញាក្រុមហ៊ុន HML នៅលើវិក្កយបត្រ ឃើញដូចនេះជនរងគ្រោះក៏បានបញ្ជាទិញដោយឱ្យឈ្មោះរដ្ឋាដឹកដែកទៅដាក់ការដ្ឋាន ស្រាប់តែឈ្មោះនេះយកវិក្កយបត្រទៅទូទាត់ប្រាក់ដោយប្រាប់ថា និងដឹកដែកមកតាមក្រោយ ប៉ុន្ដែពេលប្រគល់ប្រាក់ចំនួន៦២៤៧,០៩ដុល្លារស្រាប់តែឈ្មោះនេះគេចខ្លួនបាត់តែម្ដង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាប្រើល្បិចបន្លំបោកយកលុយឈ្មោះសោម ណូ ចំនួន៦២៤៧,០៩ដុល្លារពិតប្រាកដមែនដោយប្រើលេខទូរស័ព្ទ២ខ្សែ ដើរតួជាមេផង និងជាកូនចៅអ្នកដើរលក់ផង។ នេះគឺជាល្បិចបោកថ្មីមួយទៀត ដែលសមត្ថកិច្ចសូមអំពាវនាវដល់ក្រុមហ៊ុន និងការដ្ឋានសំណង់នានាគួរតែមានការប្រុងប្រយ័ត្នក្រែងចាញ់ល្បិចកលជនខិលខូច៕
កោះសន្តិភាព

No comments:
Post a Comment
yes