Sunday, December 4, 2011

សមត្ថកិច្ចចម្រុះចាប់គ្រឿងញៀន នៅផ្ទះសំណាក់ហ្គោលហោល២

 ​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់​ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន ១ នាក់​នៅផ្ទះ​សំណាក់​ហ្គោល​ហោល​២ ទល់មុខ​មន្ទីរ​ពេទ្យរុស្ស៊ី ហើយ​ដកហូត​បាន​ថ្នាំ ញៀន​តែ ២ កញ្ចប់​សោះ ប៉ុន្តែ​សកម្មភាព​សមត្ថកិច្ច​ចម្រុះ​ទាំងអស់​ពេល​ចុះ​ឆែកឆេរ​ទីតាំង​គ្រឿ ង ញៀន​នោះ មើលទៅ​ដូច​សម្បើម​ខ្លាំងណាស់ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​រត់​ឈូឆរ​មក​ចោមរោម​មើល​សកម្មភាព​នោះ ដូច​ការបង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​អញ្ចឹង​។​

​ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង ៨ យប់​ថ្ងៃទី​៣​ធ្នូ ឆ្នាំ​២០១១ នៅផ្ទះ​សំណាក់​ហ្គោល​ហោល​២ អគារ​លេខ​៤០៨ ផ្លូវ​២៧១ ក្រុម​៣ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​
​ប៉ូលិស​មូលដ្ឋាន​ដែល​សហការ​បង្ក្រាប​ករ​ណី​នេះ​បាន​ឲ្យ​ដឹងថា ម្ចាស់​ករណី​បាន​ចុះបង្ក្រាប​ជា​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ រួមសហការ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ឈ្មោះ​សេង វណ្ណៈ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ស្នាក់នៅ​មិន​ពិត ប្រាកដ ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក ២ កញ្ចប់ ឧបករណ៍​ជក់​ថ្នាំញៀន​មួយចំនួន និង​លុយ​ខ្មែរ ៣៥.៥០០ រៀល រួម​បញ្ជូនទៅ​អង្គភាព​ចាត់ការ​តាមច្បាប់​។​

​ ការបង្ក្រាប​ករណី​គ្រឿងញៀន​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​អ្នកដំណើ​រ និង​ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​នោះ ដោយ​អ្នកខ្លះ​និយាយថា “​ប៉ូលិស​ចាប់​ស្រីខូច​អ្នកខ្លះ​ថា “​ប៉ូលិស​ចាប់​គ្រឿងញៀន​”​។ តាមពិត​ប៉ូលិស​ចាប់​អ្នកជួញដូរ​គ្រឿងញៀន​ដកហូត​ថ្នាំញៀន​បានត្រឹមតែ ២ កញ្ចប់​ប៉ុណ្ណោះ​សោះ​។​

​ ជាមួយ​ករណី​បង្ក្រាប​គ្រឿងញៀន​ដូចគ្នានេះដែរ នៅវេលា​ម៉ោង ១ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៤​ធ្នូ នៅ​ចំណុច​មុខផ្ទះ​លេខ​៧០៤ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ប៉ូលិស​ឃាត់​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ណន ប៊ុនថន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជា​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក ១ កញ្ចប់ និង​កាំបិតប៉័ងតោ​១ រួច​បញ្ជូនទៅ​ខណ្ឌ​ចាត់ការ​បន្ត​៕​




CEN

No comments:

Post a Comment

yes