ភ្នំពេញ៖ ជាលើកដំបូងហើយ ដែលលោក ហ៊ុន សែន បានលើកឡើងពីសេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយទុកពេលជជែកពិភាក្សារកចំណុចរួម រហូតដល់ឆ្នាំ២០១៤។ ការលើកឡើងរបស់លោក ហ៊ុន សែន ដូច្នេះ បន្ទាប់ពីពង្រាងច្បាប់ដ៏ចម្រូងចម្រាស់ លើកទី៤ នៅតែមិនទាន់ចុះសម្រុងគ្នារវាងក្រសួងមហាផ្ទៃ ដែលជាអ្នកតាក់តែងច្បាប់ និងក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។
ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតបញ្ចប់ ការសិក្សា នៅវិទ្យាស្ថាន វ៉ាន់ដា កាលពីព្រឹកថ្ងៃទី២៨ធ្នូ ឆ្នាំ២០១១ លោក ហ៊ុនសែន បានមានប្រសាសន៍ថា «កន្លងទៅ មានការពិភាក្សាគ្នាជាច្រើនដងមកហើយ តែមិនទាន់ត្រូវគ្នា លើពង្រាងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ អីចឹងទេច្បាប់នេះ បើជជែកគ្នា មិនត្រូវនៅឆ្នាំ២០១១ គឺបន្តទៅឆ្នាំ២០១២ បើឆ្នាំ២០១២ មិនត្រូវ យើងបន្តទៅឆ្នាំ២០១៣ បើ២០១៣មិនត្រូវ គឺយើងបន្តទៅឆ្នាំ២០១៤ទៀត ដោយរាជរដ្ឋាភិបាលមិនប្រញាប់ប្រញាល់ឲ្យចេញច្បាប់នោះទេ»។
ជាមួយនឹងប្រសាសន៍ដូច្នេះ លោក ហ៊ុន សែន បានទទួលស្គាល់ភាពជាដៃគូដ៏ចាំបាច់របស់អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជា សមាគមនានា ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ។
លោក ហ៊ុនសែន បានបញ្ជាក់ថា "អង្គការក្រៅរដ្ឋាភិបាលទាំងនោះ បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការជួយអភិវឌ្ឍសង្គមជាតិ"។
យ៉ាងណាក៏ដោយ លោក ហ៊ុនសែន បានលើកឡើងថា រដ្ឋាភិបាលត្រូវតែបង្កើតច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ស្របតាម មាត្រា ៤២ នៃរដ្ឋធម្មនុញ្ញ ដែលបានចែងថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ ប៉ុន្តែត្រូវស្ថិតនៅក្រោមច្បាប់។ ដូច្នេះបើយើងមិនចង់បង្កើតច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ទាល់តែធ្វើវិសោធនកម្មលើមាត្រានេះ។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន បានបញ្ជាក់ថា បើសិនជារាជរដ្ឋាភិបាលផ្តាច់ការមែន ក្នុងការជំនះចេញច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺរដ្ឋាភិបាលមិនចាំបាច់រង់ចាំនោះទេ គឺធ្វើរួចបាត់ទៅហើយ។
សូមរម្លឹកថា ក្រសួងមហាផ្ទៃ បានតាក់តែង និងកែសម្រួលលើពង្រាងច្បាប់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចាប់តាំងពីឆ្នាំ១៩៩៥ ហើយពង្រាងច្បាប់ចុងក្រោយ នៅត្រឹមតែ ៣៤ មាត្រា និង ៩ ជំពូក ត្រូវបានដាក់ឲ្យសង្គមស៊ីវិលជាតិ និងអន្តរជាតិ ពិភាក្សា និងបញ្ចេញមតិយោបល់ កាលពីថ្ងៃទី១៩ធ្នូ ឆ្នាំ២០១១។
ក៏ ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ នៅតែមើលឃើញថា សេចក្តីព្រាងច្បាប់លើកទី៤ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ធ្វើឡើងដើម្បីត្រួតត្រា ជាជាងលើកស្ទួយ និងពង្រឹងសង្គមស៊ីវិល។ ពង្រាងច្បាប់ថ្មីនោះ ធ្វើឲ្យបាត់បង់សិទ្ធិប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
តាមសេចក្តីថ្លែងការណ៍រួម របស់សង្គមស៊ីវិល សេចក្តីព្រាងច្បាប់ លើកទី៤ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានដាក់បន្ទុកយ៉ាងខ្លាំងទៅលើសង្គមស៊ីវិលនានា នៅថ្នាក់មូលដ្ឋាន ដែលបង្កើតឡើងដោយឆន្ទៈប្រជាពលរដ្ឋផ្ទាល់ ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ដែលធ្វើការផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជា។
ការតវ៉ាទ្រង់ទ្រាយធំ ដោយមានលើកបដា ញ្ញត្តិ និងស្នាមមេដៃជាង ១ ម៉ឺននាក់ ពីសកម្មជនសិទ្ធិមនុស្សនៅសហគមន៍តាមមូលដ្ឋានទូទាំងប្រទេស បានធ្វើឡើងកាលពីថ្ងៃទី២០ធ្នូ ឆ្នាំ២០១១ នៅមុខរដ្ឋសភា ដើម្បីស្នើកុំឲ្យរដ្ឋសភាទទួលយកពង្រាងច្បាប់នោះ មកអនុម័ត៕
No comments:
Post a Comment
yes