សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, December 10, 2011

តុលាការ​កោះ​ហៅ​សកម្មជន​បក្ស​សិទ្ធិ​មនុស្ស​២​រូប​ឲ្យ​ចូល​បំភ្លឺ​ថ្ងៃ​១៣ ធ្នូ

មន្ត្រី​នាំ​ពាក្យ​នៃ​គណបក្ស​សិទ្ធិ​មនុស្ស បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ធ្នូ ថា តុលាការ​ខែត្រ​កំពង់ចាម បាន​ចេញ​ដីកា​កោះ​ហៅ​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​ពីរ​រូប នៅ​ឃុំ​ទន្លេបិទ ស្រុក​ត្បូងឃ្មុំ ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​សា​ជា​ថ្មី​ម្ដង​ទៀត នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១១ ខាង​មុខ។
លោក ប៉ុល ហំម ជា​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ថា សកម្មជន​គណបក្ស​លោក​ដែល​តុលាការ​កោះ​ហៅ​នេះ មាន​ឈ្មោះ ផាន ផា និង​ឈ្មោះ អ៊ុំ យាន អ្នក​ទាំង​ពីរ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាតិ​សាសន៍។ 
លោក ប៉ុល ហំម លើក​ឡើង​ថា ការ​កោះ​ហៅ​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​នេះ ជា​រឿង​រំខាន​ផ្នែក​នយោបាយ​របស់​គណបក្ស​សិទ្ធិ​មនុស្ស។
វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​តុលាការ​ខែត្រ​កំពង់ចាម ដើម្បី​សុំ​បំភ្លឺ​អំពី​ករណី​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​សុក្រ​ទី​៩ ធ្នូ។ 
អាជ្ញាធរ​ខែត្រ​កំពង់ចាម ធ្លាប់​បាន​ឃាត់​ខ្លួន និង​បញ្ជូន​ខ្លួន​លោក ផាន ផា និង​លោក អ៊ុំ យាន យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខែត្រ​ចំនួន ៥​ថ្ងៃ នៅ​ខណៈ​ដែល​អ្នក​ទាំង​ពីរ​ទៅ​សង្កេតការណ៍​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១១ ហើយ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា តុលាការ​បាន​ដោះលែង​អ្នក​ទាំង​ពីរ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​វិញ។ ការ​ចាប់​ខ្លួន​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គាត់​ចែកចាយ​ឯកសារ​​ប្រវត្តិសាស្ត្រ​ឲ្យ​អ្នក​ភូមិ​ទន្លេបិទ ដែល​ជា​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​ដូច​គ្នា​មើល។
លោក ប៉ុល ហំម បាន​អះអាង​ថា ការ​ចេញ​ដីកា​កោះ​ហៅ​អ្នក​ទាំង​ពីរ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ម្ដង​ទៀត​នេះ ជា​ចេតនា​នយោបាយ​បំភិតបំភ័យ​ដល់​សកម្មជន​គណបក្ស ពីព្រោះ​ថា លោក ផាន ផា និង​លោក អ៊ុំ យាន ជា​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១២ ខាង​មុខ៕



អាស៊ីសេរី

No comments:

Post a Comment

yes