លោក ធូ សាមុត ប្រធានភូមិក្រឡាញ់ ក្នុងខេត្តពោធិ៍សាត់
ផ្ដល់កិច្ចសម្ភាសន៍បន្ទាប់ពីក្រុមហ៊ុនបានដកគ្រឿងចក្រ
ចូលទៅក្នុងការដ្ឋានវិញ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១១។
ទំនាស់ដីធ្លីរវាងក្រុមហ៊ុនភាពីម៉ិច ជាមួយប្រជាពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅតែអូសបន្លាយគ្មានដំណោះស្រាយជាច្រើនឆ្នាំហើយ។
ថ្មីៗនេះក្រុមហ៊ុនបានធ្វើការឈូសឆាយប៉ះពាល់លើដីចំការរបស់ប្រជាពលរដ្ឋចំនួន ២៤គ្រួសារ ក្នុងភូមិក្រឡាញ់ ស្ថិតក្នុងឃុំក្បាលត្រាច ដែលមានទំហំប្រមាណ ៥០ហិកតារ។ ការឈូសឆាយនេះ ក៏បានប៉ះពាល់ដីរបស់លោកប្រធានភូមិក្រឡាញ់ដែរ ដែលធ្វើឲ្យលោកមានការខឹងសម្បាយ៉ាងខ្លាំង។
មេភូមិក្រឡាញ់ និងប្រជាពលរដ្ឋក្នុងភូមិប្រមាណ ១០០នាក់ បានប្រតិកម្មយ៉ាងខ្លាំងចំពោះក្រុមហ៊ុនភាពីម៉ិច (PHEAPIMEX) ដែលបានធ្វើការឈូសឆាយរំលោភយកដីស្រែចំការរបស់អ្នកភូមិ។
លោក ធូ សាមុត គឺជាមេភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោកបានឲ្យដឹងនៅព្រឹកថ្ងៃសុក្រ ទី២៣ ខែធ្នូ ថា ក្រុមហ៊ុនភាពីម៉ិច បានធ្វើការឈូសឆាយរំលោភយកដីរបស់ប្រជាពលរដ្ឋ ២៤គ្រួសារ ដែលមានទំហំសរុបប្រមាណ ៥០ហិកតារ ក្នុងនោះមានដីរបស់លោកប្រមាណ ៤ហិកតារផងដែរ។
លោកមេភូមិបន្តថា ក្នុងនាមជាអាជ្ញាធរដែនដី លោកបានទៅប្រាប់តំណាងក្រុមហ៊ុនចំពោះផលប៉ះពាល់នេះ តែគេមិនស្ដាប់ហើយថែមទាំងជំរុញឲ្យលោកទៅប្ដឹង។ លោកថា លោកបានរាយការណ៍បញ្ហានេះទៅលោកមេឃុំ និងលោកអភិបាលស្រុកដែរ តែមិនទទួលបានលទ្ធផលទើបលោកនាំប្រជាពលរដ្ឋធ្វើការតវ៉ា ដោយសង្ឃឹមថា ថ្នាក់លើនឹងជួយដោះស្រាយបញ្ហានេះ។
លោក ធូ សាមុត៖ «ខ្ញុំលែងខ្លាចងាប់ហើយ ព្រោះខ្ញុំធ្វើការបម្រើរដ្ឋតាំងពីឆ្នាំ៨៦ (១៩៨៦)។ ចេញពីរៀនមកវិញ ខ្ញុំធ្វើការបម្រើរដ្ឋរហូត ដល់មកជួបការងារដោះស្រាយឲ្យប្រជាពលរដ្ឋខ្ញុំប៉ុណ្ណឹង ដោះស្រាយមិនចេញ។ គេបំពារបំពានមកលើប្រជាពលរដ្ឋខ្ញុំ ហើយប៉ះពាល់មកលើរូបខ្ញុំទៀត តើខ្ញុំមានការពិបាកចិត្តប៉ុណ្ណា? ខ្ញុំឃើញប្រជាពលរដ្ឋវេទនាផ្ទាល់ភ្នែក ហើយខ្ញុំជួយមិនកើត។ ខ្ញុំឃើញមេព្រៃ បរិស្ថាន ក្រុមហ៊ុននាំគ្នាធ្វើបាបប្រជាពលរដ្ឋ ហើយខ្ញុំជួយមិនកើត ខ្ញុំលែងចង់ធ្វើជាមេភូមិទៀតហើយ»។
ស្ត្រីអ្នកភូមិអាយុ ៣៧ឆ្នាំ ឈ្មោះ ខ្លែប ទូច បញ្ជាក់បន្ថែមថា ប្រសិនបើក្រុមហ៊ុនមិនព្រមបញ្ឈប់ការឈូសឆាយដីរបស់គាត់ និងអ្នកភូមិទេ ហើយអាជ្ញាធរស្រុក ខេត្ត នៅតែព្រងើយកន្តើយមិនព្រមជួយដោះស្រាយទុក្ខលំបាកនេះទេ ពួកគាត់នឹងឡើងទៅធ្វើការតវ៉ាដល់ផ្ទះប្រមុខរាជរដ្ឋាភិបាលតែម្ដង៖ «សុំឲ្យក្រុមហ៊ុនឈប់ឈូសឆាយដីប្រជាពលរដ្ឋបន្តទៀត ព្រោះបានប៉ះពាល់ដីខ្ញុំ និងប្រជាពលរដ្ឋក្នុងភូមិច្រើនណាស់។ ក្រុមហ៊ុនមិនត្រឹមតែបំផ្លាញព្រៃឈើអាស្រ័យផលរបស់ពួកខ្ញុំទេ តែបំផ្លាញទាំងដំណាំដាំដុះ ដូចជាដើមខ្នុរ ដើមស្វាយដែលបានផលហើយរបស់ពួកខ្ញុំថែមទៀត។ គេឈូសបំបាត់ភស្តុតាងតែម្ដង»។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីសមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងជាតំណាងក្រុមហ៊ុនភាពីម៉ិច គឺលោក ទី គឹមតុក បានទេ នៅល្ងាចថ្ងៃទី២៤ ខែធ្នូ នេះ។
យ៉ាងនេះក្តីតំណាងក្រុមហ៊ុនរូបនេះធ្លាប់បានពន្យល់ចំពោះក្តីកង្វល់របស់ប្រជាពលរដ្ឋថា ក្រុមហ៊ុននឹងអនុវត្តតាមរូបមន្តស្បែកខ្លាក្នុងការវិនិយោគដីសម្បទានសេដ្ឋកិច្ចនេះ៖ «ក្រុមហ៊ុននេះបានជួលដីពីរដ្ឋ។ ទី១ ក្រុមហ៊ុនមិនប៉ះពាល់ផ្ទះសំបែង និងដីភូមិរបស់បងប្អូន ទី២ ដីស្រែដែលមានសន្ទូង គឺមិនប៉ះពាល់ បើមានការប៉ះពាល់បងប្អូនដាក់ពាក្យបណ្ដឹងមកខ្ញុំ ទី គឹមតុក ទទួល។ ទី៣ ដីចំការដែលបងប្អូនបានកាប់រួចហើយ គឺក្រុមហ៊ុនមិនប៉ះពាល់ដាច់ខាត»។
កាលពីថ្ងៃ២២ ខែសីហា ឆ្នាំ២០០៨ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្ដីជូនដំណឹងលេខ ១០៩១ ស.ជ.ណ ដោយយល់ព្រមផ្តល់ដីសម្បទានសេដ្ឋកិច្ចទំហំ ៣១៥.០២៨ហិកតារ ដល់ក្រុមហ៊ុនភាពីម៉ិច ដើម្បីធ្វើការអភិវឌ្ឍន៍ដាំដំណាំកសិ-ឧស្សាហកម្ម។ ដីនេះស្ថិតក្នុងដែនរដ្ឋបាលនៃខេត្តចំនួន ២ គឺខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ ស.ជ.ណ នេះ បានក្លាយជាក្តីកង្វល់ចំពោះសហគមន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃខេត្តទាំង២ នេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ថ្មីៗនេះក្រុមហ៊ុនភាពីម៉ិច បានធ្វើសកម្មភាពឈូសឆាយដាំដំឡូង និងឈូសព្រំសម្គាល់ដីដែលក្រុមហ៊ុនបានអះអាងថា ជាដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួនដែលទទួលបានពីរាជរដ្ឋាភិបាល។
ឃុំមួយចំនួនក្នុងស្រុកក្រគរ ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ បានរងផលប៉ះពាល់ជាមួយដីសម្បទានរបស់ក្រុមហ៊ុន។ ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា កង្វះការចុះសិក្សាស្វែងយល់ពីផលប៉ះពាល់ក្នុងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ នៃស្ថាប័នមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បង្កឲ្យមានប្រតិកម្មតវ៉ាពីប្រជាពលរដ្ឋជាបន្តបន្ទាប់។
ចៅអធិការវត្តក្រឡាញ់ ព្រះតេជគុណ សេក កុយ សំដែងការសោកស្ដាយចំពោះការឈូសបំផ្លាញដំណាំហូបផ្លែរបស់ប្រជាពលរដ្ឋពីសំណាក់ក្រុមហ៊ុនភាពីម៉ិច។ ព្រះតេជគុណមានថេរដីកាសំណូមពរឲ្យរាជរដ្ឋាភិបាលជួយដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋផង៖ «អាត្មាមានការសោកស្ដាយចំពោះការឈូសឆាយប៉ះពាល់ដំណាំដាំដុះរបស់ញាតិញោម។ អាត្មានៅទីនេះ គឺរំពឹងលើញាតិញោម ប្រសិនបើជាគេឈូសឆាយអស់ អាត្មាមិនដឹងជារំពឹងអ្នកណាទេ»។
អភិបាលស្រុកក្រគរ គឺលោក ទឹម សារិន មានប្រសាសន៍ឲ្យដឹងថា អាជ្ញាធរស្រុកកំពុងចុះទៅធ្វើការពិនិត្យជាក់ស្តែងទីតាំងវិវាទ បន្ទាប់មកលោកនឹងធ្វើការដោះស្រាយបញ្ហានេះ៖ «ក្នុងនាមជាអភិបាលស្រុក ខ្ញុំកំពុងដោះស្រាយបញ្ហានេះហើយ។ ព្រឹកមិញខ្ញុំបានហៅពួកគាត់មកជួបរួចហើយ»។
ចំណែកអភិបាលខេត្តពោធិ៍សាត់ គឺលោក ខូយ សុខា លោកមានប្រសាសន៍ថា បើពិនិត្យលើផែនទីដីតំបន់នេះស្ថិតក្នុងប្លង់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។ ទោះបីជាយ៉ាងនេះក្ដី លោកថា លោកបានចាត់តាំងក្រុមការងារថ្នាក់ខេត្តឲ្យចុះទៅធ្វើការសម្របសម្រួលបញ្ហានេះជាមួយក្រុមហ៊ុន ដើម្បីស្វែងរកផ្លូវកណ្ដាលមួយដែលអាចទទួលបានទាំងក្រុមហ៊ុន ទាំងប្រជាពលរដ្ឋ។
លោក ខូយ សុខា៖ «ខាងក្រុមហ៊ុនគេគ្រាន់តែដឹងថា ដីណាដែលប្រគល់ឲ្យគេគឺគេយកហើយ។ ប៉ុន្តែសម្រាប់អ្នកសម្របសម្រួល ខ្ញុំបានប្រាប់ហើយថា ជួយពិនិត្យមើលដើម្បីសម្របសម្រួលបន្ថែមទៀត។ ខ្ញុំបាននិយាយជាមួយខាងក្រុមហ៊ុនរួចហើយថា សុំឲ្យមានការសម្របសម្រួល។ ខ្ញុំជឿជាក់ថា ខាងក្រុមហ៊ុនក៏គេមិនចង់មានបញ្ហាជាមួយប្រជាពលរដ្ឋដែរ»។
យ៉ាងនេះក្ដី ក្រុមហ៊ុនភាពីម៉ិច បានបញ្ឈប់ការឈូសឆាយ និងដកគ្រឿងចក្រចូលទៅក្នុងការដ្ឋានវិញភ្លាម បន្ទាប់ពីមានការតវ៉ារបស់ប្រជាពលរដ្ឋ។
កាលពីថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០១០ កន្លងទៅ ប្រជាពលរដ្ឋបាននាំគ្នាបិទផ្លូវជាតិលេខ៥ ម្តងរួចហើយ ដើម្បីធ្វើការតវ៉ាចំពោះក្រុមហ៊ុនភាពីម៉ិច ដែលបានឈូសឆាយប៉ះពាល់ដីធ្លីរបស់ពួកគាត់ផងដែរ៕
កាលពីថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០១០ កន្លងទៅ ប្រជាពលរដ្ឋបាននាំគ្នាបិទផ្លូវជាតិលេខ៥ ម្តងរួចហើយ ដើម្បីធ្វើការតវ៉ាចំពោះក្រុមហ៊ុនភាពីម៉ិច ដែលបានឈូសឆាយប៉ះពាល់ដីធ្លីរបស់ពួកគាត់ផងដែរ៕
អាស៊ីសេរី
No comments:
Post a Comment
yes