អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ (Alexander Trofimov) ជក់បារី
បន្ទាប់ពីការប្រកាសសាលក្រម នៅសាលាដំបូងរាជធានីភ្នំពេញ
កាលពីថ្ងៃ១៤ ខែមីនា ឆ្នាំ២០០៨។
មន្ត្រីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅថ្ងៃសៅរ៍ ទី២៤ បានអះអាងថា ការស្នើសុំព្រះមហាក្សត្រដោះលែងទណ្ឌិតថៅកែជនជាតិរូស៊ី លោក អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ (Alexander Trofimov) ធ្វើឡើងដើម្បីប្រយោជន៍ជាតិ។
អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ ដែលមានឈ្មោះពិតថា ស្តានីស្លាវ មូឡូឌីយ៉ាកូវ (Stanislav Molodyakov) ត្រូវបានគេចាប់ខ្លួនកាលពីឆ្នាំ២០០៧ ហើយត្រូវបានតុលាការកម្ពុជា រកឃើញថា មានទោសពីបទរំលោភក្មេងស្រីចំនួន ១៧នាក់ អាយុពី ៦ ទៅ ១៣ឆ្នាំ។ នៅប្រទេសកំណើតរូស៊ី របស់គាត់វិញ ស្តានីស្លាវ មូឡូឌីយ៉ាកូវ ឬអាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ ក៏ត្រូវគេតាមចាប់ខ្លួនពីបទរំលោភកុមារ ៦នាក់ អាយុពី ៩ ទៅ ១០ឆ្នាំ។
ប្រទេសរូស៊ី ធ្លាប់បានសុំឲ្យកម្ពុជា បញ្ជូនខ្លួន ស្តានីស្លាវ មូឡូឌីយ៉ាកូវ ឬ អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ ត្រឡប់ទៅទទួលទោសនៅប្រទេសរូស៊ីវិញ ប៉ុន្តែមិនបានសម្រេច។
លោក ផៃ ស៊ីផាន បានបញ្ជាក់បន្ថែមទៀតថា ការបោះលែងទណ្ឌិតថៅកែជនជាតិរូស៊ី មិនមែនជាការផ្លាស់ប្ដូរនឹងការដាក់វិនិយោគទុនអភិវឌ្ឍន៍កោះពស់ នៅខេត្តព្រះសីហនុ នោះទេ៖ «ទី១ទោសរបស់គាត់បានទទួលរួចហើយ គាត់ជាប់ពន្ធនាគារគ្រប់ថេរវេលាមួយហើយ...។ ដូច្នេះថេរវេលានៃការដាក់ទណ្ឌកម្មជារឿងផ្សេង១ទៀត ប៉ុន្តែច្បាស់ជាមានហេតុផលប្រសើរណាមួយហើយ បានជារដ្ឋាភិបាលលោកបានស្នើឲ្យមានការព្រះរាជទានទោសពីព្រះមហាក្សត្រ...»។
នេះជាលើកទីមួយហើយដែលមន្ត្រីរដ្ឋាភិបាល ឆ្លើយតបនឹងការរិះគន់ពីការស្នើសុំដោះលែងលោក អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ។
កាលពីថ្ងៃសុក្រ ទី២៣ ទីប្រឹក្សាផ្ទាល់របស់អតីតព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលថា ការលើកលែងទោសរបស់ព្រះមហាក្សត្រធ្វើឡើងតាមសំណើរបស់រដ្ឋាភិបាល។ ព្រះអង្គបានបដិសេធមិនឆ្លើយសំណួរថា តើព្រះមហាក្សត្រលោកបានស្វែងយល់ថា ទណ្ឌិតជនជាតិរូស៊ី រូបនេះ ត្រូវបានតុលាការកាត់ឲ្យជាប់គុកចំនួន ១៧ឆ្នាំ ពីបទរួមភេទជាមួយនឹងកុមារកម្ពុជា ឬទេ?
ប្រធានពន្ធនាគារនៃក្រុងព្រះសីហនុ លោក ពេជ្រ វាសនា បានឲ្យដឹងថា ជនជាតិរូស៊ី រួមជាមួយនឹងអ្នកទោសចំនួន ៣៦០នាក់ទៀត បានទទួលការលើកលែងទោសពីព្រះមហាក្សត្រ នរោត្តម សីហមុនី។ មន្ត្រីអង្គការប្រឆាំងការជួញដូរមន្ត្រីបានប្រតិកម្មថា ការអោយអ្នកទោសរំលោភក្មេងរួចខ្លួននេះ ស្របតាមច្បាប់មែន តែវាជាគំរូអាក្រក់។
នាយកអង្គការសកម្មភាពដើម្បីកុមារលោក សំនៀង សិលា នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ មានប្រសាសន៍ថា អង្គការរបស់លោកបានជូនដំណឹងទៅក្រុមគ្រួសារជនរងគ្រោះចំនួន ២១គ្រួសារ ឲ្យប្រុងប្រយ័ត្នសុវត្ថិភាព ដោយសារជនជាតិរូស៊ី មានសេរីភាព ហើយមន្ត្រីអង្គការមិនបានដឹងច្បាស់ថា លោក អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ បានចាកចេញពីកម្ពុជា ឬបន្តស្នាក់នៅកម្ពុជា នៅឡើយ។
លោក សំនៀង សិលា បន្តទៀតថា មន្ត្រីអង្គការចំនួន ១២ បានយល់ព្រមធ្វើសំណើទៅក្រសួងមហាផ្ទៃ ដើម្បីចាប់បញ្ជូនលោក អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ ឲ្យចេញពីកម្ពុជា៖ «សកម្មភាពផ្លូវភេទហ្នឹងក៏មានការទិញទឹកចិត្តទិញអី អ៊ីចឹងវាជាអំពើមួយដែលអសីលធម៌ និងប៉ះពាល់យ៉ាងខ្លាំងដល់ប្រពៃណីរបស់ប្រទេសយើង ហើយដោយសារគាត់ជាអ្នកមានលុយផង បើសិនជាមានការបន្ធូរបន្ថយទោសហួសហេតុទៅ វាធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ទៅថ្ងៃក្រោយទៀត។ មតិសាធារណជនគាត់យល់ឃើញថា ដោយសារគាត់មានលុយបានជាមានការធូរស្រាលយ៉ាងនេះ អ៊ីចឹងវាមើលទៅមិនល្អ ទោះជាការបន្ធូរបន្ថយទោសនេះត្រូវតាមទម្រង់ច្បាប់ក៏ដោយ»។
លោក ត្រូហ្វីមូហ្វ ត្រូវបានគេចាប់ខ្លួនកាលពីឆ្នាំ២០០៧ ហើយត្រូវបានតុលាការរកឃើញថា មានទោសពីបទរំលោភក្មេងស្រីចំនួន ១៧នាក់ អាយុពី ៦ ទៅ ១៣ឆ្នាំ។ ដំបូងឡើយគាត់ត្រូវបានតុលាការកាត់ទោសអោយជាប់គុក ១៧ឆ្នាំ បន្ទាប់មកទៀត ចំនួនជាប់ទោសនេះ ត្រូវបានគេបន្ថយពាក់កណ្ដាល និងជាចុងក្រោយអោយរួចខ្លួនតែម្តង កាលពីថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១១៕
អាស៊ីសេរី
No comments:
Post a Comment
yes