សៀមរាប៖ មានការរិះគន់ចំពោះអ្នកលក់វត្ថុអនុស្សាវរីយ៍ នៅក្នុងបរិវេណប្រាសាទអង្គរវត្ដ បន្ទាប់ពីពួកគេដាក់តាំងលក់នូវចានគោះកន្ទុយបារី ដែលលម្អទៅដោយរូបទង់ជាតិ ប្រាសាទអង្គរវត្ត និងវិមានឯករាជ្យ ព្រមទាំងរូបប្រាសាទនានាថែមទៀតផង។ ការរចនាវត្ថុអនុស្សាវរីយ៍នោះ បណ្ដាលឲ្យមានការភ្ញាក់ផ្អើល ដល់ភ្ញៀវទេសចរ ក៏ដូចជាមគ្គុទេសក៍ទេសចរណ៍។
អ្វីដែលគេចាប់អារម្មណ៍ ហើយមានការរិះគន់បំផុតនោះ គឺចានគោះក្រញម ឬកន្ទុយបារី ដែលនៅជុំវិញចាននោះ មានរូបប្រាសាទបាយ័ន ប្រាសាទអង្គរវត្ដ ប្រាសាទបន្ទាយស្រី វិមានឯករាជ្យ ខ្លោងទ្វារចូលប្រាសាទបាយ័ន និងជាពិសេសនៅបាតចានខាងក្នុង មានរូបទង់ជាតិ កំពូលបី នៃព្រះរាជាណាចក្រកម្ពុជាថែមទៀតផង។ នៅខាងក្រោមរូបទង់ជាតិ នៃបាតចានខាងក្នុង គេបានសរសេរជាភាសាខ្មែរដាក់ថា “កម្ពុជា”។
ជុំវិញការធ្វើចានគោះក្រញមបារីនេះ ត្រូវបានគេរិះគន់ថា អ្នកដែលផលិតចាន គឺមានចេតនាដោយមិនអាចប្រកែកបានឡើយ ចំពោះការមើលងាយដល់វប្បធម៌ ទំនៀមទម្លាប់ និងបង្អាប់ពូជសាសន៍ខ្មែរ។
មគ្គុទេសក៍ទេសចរណ៍ភាសាជប៉ុន មួយរូប ប្រចាំសៀមរាបអង្គរ សុំមិនបញ្ចេញឈ្មោះ បាននិយាយថា រូបលោកបានឃើញចានគោះក្រញមបារី ត្រូវបានគេដាក់តាំងនៅកន្លែងលក់វត្ថុអនុស្សាវរីយ៍ ដែលស្ថិតនៅទល់មុខប្រាសាទអង្គរវត្ដប៉ែកខាងជើង។ លោកបន្តថា ពេលដែលឃើញចាននោះហើយ លោកមានការតក់ស្លុតយ៉ាងខ្លាំង ហើយក៏ដើរចូលទៅសួរទិញចាននោះ។ ពេលសួរអ្នកលក់នោះ គេឆ្លើយថា ចានលក់តម្លៃ ១០ដុល្លារ តែលោកតថ្លៃនៅត្រឹម ៥ដុល្លារ ហើយក៏យល់ព្រមទិញទុកជាវត្ថុតាង។
មគ្គុទេសក៍ទេសចរណ៍រូបនោះ ក៏បាននិយាយដែរថា ប្រាសាទអង្គរវត្ដត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករួចហើយ តាំងពីឆ្នាំ១៩៩២ ជាពិសេសរូបសញ្ញាទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលតំណាងឱ្យជាតិទាំងមូល អ្នកផលិតចានមិនត្រូវយកមកធ្វើបែបនេះឡើយ គឺធ្វើឱ្យប៉ះពាល់ដល់កិត្ដិយសកម្ពុជាយ៉ាងខ្លាំងក្លាបំផុត។
ដោយឡែក មគ្គុទេសក៍ទេសចរណ៍ភាសាអង់គ្លេស មួយរូបទៀត បាននិយាយឱ្យដឹងថា ការដែលយកនិមិត្ដសញ្ញាជាតិ មានទង់ជាតិកំពូលបី ប្រាសាទអង្គរវត្ដ វិមានឯករាជ្យ ជាដើម យកមកដាក់ធ្វើចានគោះក្រញមបារីបែបនេះ គឺជាការប្រមាថមួយដល់ប្រជាជនកម្ពុជាទាំងមូល។ មគ្គុទេសក៍រូបនោះបានបន្ដថា ពិតមែនតែធ្វើគ្រឿងលម្អ គេក៏មិនត្រូវយកនិមិត្ដសញ្ញានានារបស់ជាតិ មកដាក់លើចានគោះបារីឡើយ។
មគ្គុទេសក៍ទេសចរណ៍ដដែលបានបន្ដថា ប្រាសាទអង្គរវត្ដសព្វថ្ងៃ មាននគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត ឈរបណ្ដាក់គ្នាច្រើនណាស់ គួរណាស់សមត្ថកិច្ចទាំងនោះធ្វើការរាយការណ៍ ឬក៏សុំដកហូតជូនទៅថ្នាក់លើ ដើម្បីមានវិធានការ មិនត្រូវបណ្ដែតបណ្ដោយឱ្យមានការលក់ដូរយ៉ាងអនាធិបតេយ្យបែបនេះឡើយ។
ទោះបីយ៉ាងណាក៏ដោយ គេមិនដឹងថា អ្នកណាផលិតនោះជាអ្នកណាទេ តែគេសង្ស័យថា របស់នោះមិនមែនផលិតនៅស្រុកខ្មែរឡើយ គឺអាចផលិតចេញពីប្រទេសវៀតណាម ចិន ឬក៏ប្រទេសថៃច្រើនជាង៕
CEN
No comments:
Post a Comment
yes