ប្រជាពលរដ្ឋជនជាតិដើមភាគតិចទំពួន រស់នៅភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ខេត្តរតនគិរី បាននាំគ្នាទៅរារាំងបញ្ឈប់គ្រឿងចក្រក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចរបស់ចិនមួយនេះ គឺដើម្បីរក្សាដីនៅតំបន់នោះទុកសម្រាប់ក្រុមសហគមន៍ប្រើប្រាស់។
ការតវ៉ានេះ ពុំមានការប៉ះទង្គិចគ្នាដោយអំពើហិង្សាអ្វីទេ ដោយសារគ្រឿងចក្របានផ្អាកឈូសឆាយមុនពេលក្រុមប្រជាពលរដ្ឋបានទៅដល់ការដ្ឋាននោះ។
តំណាងអ្នកតវ៉ា គឺលោក នូ ហេង បញ្ជាក់ថា គ្រឿងចក្រចំនួន ២ គ្រឿងត្រូវបានគេជម្លៀសចូលជំរំស្នាក់នៅរបស់ក្រុមហ៊ុន មុនពេលប្រជាពលរដ្ឋទៅដល់ ហើយតំណាងក្រុមហ៊ុនបានព្យាយាមសុំឲ្យអ្នកភូមិកុំប្រើអំពើហិង្សា បញ្ឈប់សកម្មភាពតវ៉ា និងវិលទៅភូមិវិញ រង់ចាំក្រុមអាជ្ញាធរមូលដ្ឋានចុះដោះស្រាយបញ្ហា នៅថ្ងៃអង្គារទី២៧ ខែធ្នូ ឆ្នាំ ២០១១។ លោកបន្តថា អ្នកភូមិភ័យខ្លាចក្រុមហ៊ុនឈូសទន្ទ្រានយកដីស្រែចម្ការ និងតំបន់ព្រៃ ដែលអ្នកភូមិធ្លាប់អភិរក្សសម្រាប់អាស្រ័យផលជាលក្ខណៈប្រពៃណី ទើបលើកគ្នាមកតវ៉ានេះ។
លោក នូ ហេង៖ «អាប៊ុលឈូសហ្នឹងពីរ ឃើញពួកខ្ញុំមកគេដកមកកន្លែងជំរំចាំស្អែកស្រុកគេចុះមកមន្ទីរឃុំហ្នឹងទៅដោះស្រាយនៅមន្ទីរឃុំ។ ពលរដ្ឋថា កុំឲ្យប៉ះពាល់ដីស្រែគេ ដីចម្ការគេ ឃ្វាលគោឃ្វាលក្របីរកស៊ី»។
បុគ្គលិកជំនួយការផ្នែករដ្ឋបាលក្រុមហ៊ុន លោក ឆាយ អែម មានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុនមិនបានឈូសឆាយប៉ះពាល់អ្វីដល់ដីធ្លីអ្នកភូមិនោះទេ គឺក្រុមហ៊ុនបានឈូសផ្លូវបន្តពីភូមិចូល ទៅកាន់ការដ្ឋានក្រុមហ៊ុន ហើយផ្លូវនោះមានសារសំខាន់ប្រើប្រាស់នៅមូលដ្ឋាននេះ ទាំងអ្នកភូមិ និងក្រុមហ៊ុន។ លោកបន្តថា ក្រុមហ៊ុនសម្រេចផ្អាកឈូស ឆាយផ្លូវ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់បញ្ហា ដែលអ្នកភួមិតវ៉ា។
លោក ឆាយ អែម៖ «ប្រជាពលរដ្ឋគាត់អត់យល់ពីបញ្ហាយើងឈូសផ្លូវទៅហ្នឹងគាត់ថា យើងឈូសវាតយកដី។ ខ្ញុំបានទាក់ទងទៅស្រុកហើយ សកម្មភាពឈូសផ្លូវហ្នឹងឲ្យផ្អាកហើយ»។
ក្រុមហ៊ុន ជីង ហ្សុង រី ទទួលបានសិទ្ធិវិនិយោគលើដីសម្បទានចំនួនជាង ៩.០០០ ហិកតារនៅក្នុងតំបន់អភិរក្សជីវចម្រុះស្រុកលំផាត់ គ្រប់គ្រងដោយក្រសួងបរិស្ថាន ដើម្បីដាំកៅស៊ូ កាលពីឆ្នាំ២០១១ ហើយក្នុងជំហានដំបូងបានអនុញ្ញាតឲ្យក្រុមហ៊ុនឈូសឆាយដី ៥០ ហិកតារ ដើម្បីធ្វើការដ្ឋានបណ្ដុះកូនកៅស៊ូ និងបោះបង្គោលកំណត់ព្រំដីសម្បទាន។
អភិបាលស្រុកលំផាត់ គឺលោក គង់ ស៊្រុន។ លោកបានបញ្ជាក់ថា អាជ្ញាធរបានសម្រេចឲ្យក្រុមហ៊ុនផ្អាកធ្វើផ្លូវជាបណ្ដោះអាសន្ន ដើម្បីក្រុមអាជ្ញាធរធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីគម្រោងផ្ដល់ដីសម្បទាននៅតំបន់នោះ។ លោកបន្តថា ផលប៉ះពាល់របស់អ្នកភូមិត្រូវកាត់ចេញពីគម្រោងស្នើសុំដីសម្បទាននេះ។
លោក គង់ ស៊្រុន៖ «ឥឡូវអត់ទាន់មានប៉ះទង្គិចអីទេ ព្រោះខ្ញុំបានជម្រាបទៅខាងក្រុមហ៊ុនសុំឲ្យផ្អាកសិន ហើយក៏ខ្ញុំបានជម្រាបទៅខាងអាជ្ញាធរឃុំ ភូមិនៅឯសេដាហ្នឹងដែរ សុំឲ្យគាត់ជួយជម្រាបជូនប្រជាពលរដ្ឋសុំកុំទាន់ច្របូកច្រួលច្របល់អ្វីកើតឡើង»។
យ៉ាងនេះក្ដីតំណាងអ្នកភូមិឲ្យដឹងថា អ្នកភូមិចំនួនពីរទៀតនៅក្នុងឃុំសេដា គឺភូមិថ្មី និងភូមិសមុទ្រក្រោម មានគម្រោងតវ៉ាប្រឆាំងក្រុមហ៊ុននេះដូចគ្នា ដោយសារតែពួកគាត់ព្រួយបារម្ភខ្លាចក្រុមហ៊ុនទន្ទ្រានឈូសឆាយដីតំបន់អ្នកភូមិធ្លាប់ប្រើប្រាស់។ អ្នកភូមិស្នើសុំឲ្យពិភាក្សាផលប៉ះពាល់ជាក់លាក់ជាមួយប្រជាពលរដ្ឋមុននឹងក្រុមហ៊ុនចាប់ឈូសឆាយដីបន្តទៀត៕
អាស៊ីសេរី
No comments:
Post a Comment
yes