វប្បធម៌ចង់ធ្វើជាអ្នកធំ មានអំណាច«មេ»នៅស្រុកខ្មែរ គឺធ្វើយ៉ាងណា ដើម្បីឲ្យគេគោរព ហើយស្ពាយឋានៈ និងតួនាទីតាំងពីកន្លែងធ្វើការ រហូតដល់ហាងគុយទាវ ឬកន្លែងម៉ាស្សាខារ៉ាអូខេ គឺខុសគ្នាស្រឡះ ពីវប្បធម៌ពួកបស្ចិមប្រទេស គឺទម្លាប់ពួកគេ ធ្វើធំតែនៅកន្លែងធ្វើការទេ នៅពេលចប់ចេញពីការិយាល័យគឺរាប់អានស្មើគ្នាធម្មតា។
តើដល់ពេលណា ទើបអ្នកធំស្រុកខ្មែរ អាចធ្វើអ៊ីចឹងបាន?
អ្នកធ្វើធំស្រុកខ្មែរ មានការលំបាកតែដំបូងបន្តិច ក្នុងការស្វែងរកសំឡេងឆ្នោត មុនពេលបោះឆ្នោតប៉ុណ្ណោះ គឺចុះមូលដ្ឋានទាំងព្រឹក ទាំងថ្ងៃ នៅចុងសប្តាហ៍ ហើយពេលខ្លះ យកថ្ងៃធ្វើការងាររដ្ឋ ទៅចុះមូលដ្ឋានពង្រឹងបក្ស ពេលខ្លះ បន្លំពេលចុះធ្វើការងាររដ្ឋទៅនឹងការចុះមូលដ្ឋានចែកអំណោយធ្វើ ប្រជាភិថុត ដើម្បីបម្រើបក្ស។ តែដល់ពេលបានអំណាច តួនាទីរៀងៗខ្លួនហើយ គឺបាយបាយហើយ គឺនាំគ្នាកេងប្រវ័ញ្ចតែពីប្រជាពលរដ្ឋ មួយថ្ងៃដេកគិតសញ្ជឹង និងសម្លឹងមើលឲ្យតែដីណាល្មមៗ គឺយកធ្វើជាតំបន់អភិវឌ្ឍន៍ហើយ ចង់រាស្រ្តយំអី យំទៅ តែបើដីអ្នកធំគ្នាគេ គឺមិនយកទេ ហើយមិនហ៊ានប៉ះទៀតផង ហ្នឹងហើយ បានជាគេចង់ធ្វើធំនោះ គឺមានអំណាច និងចំណេញអ៊ីចឹង។ សំណួរសួរថា តើដែលឃើញគេយកដីអ្នកធំៗ ទៅធ្វើជាតំបន់អភិវឌ្ឍន៍ ដូចដីប្រជាពលរដ្ឋតូចតាចក្រីក្រដែរឬទេ? ហើយមានតែអ្នកធំរំលោភយកដីធ្លីអ្នកតូចតាចថែមទៀត។
មិនតែប៉ុណ្ណោះទេ អ្នកធំៗស្រុកខ្មែរ មានបុព្វសិទ្ធិច្រើនរាប់មិនចង់អស់ទេ។ ឧទាហរណ៍៖ ការប្រើប្រាស់ប្រេងសាំងសូគីម៉ិច ដែលរដ្ឋបើកឲ្យរាប់រយលីត ប្រើរថយន្តរដ្ឋមិនអស់ចិត្ត ក៏យកប្រេងសាំងទាំងនោះទៅចាក់រថយន្តផ្ទាល់ខ្លូន ដឹកក្រុមគ្រួសារដើរកម្សាន្តលេង ឬទៅមើលដីថែមទៀត ហើយបុងសាំងគរដូចភ្នំ។ ដោយសារការប្រើសាំងរដ្ឋខ្ជះខ្ជាយបែបនេះ គឺបាត់គុកតេបីមួយទទេ ហើយអ្នកជាប់ឃុំ ត្រូវទៅជាន់ជើងគ្នា នៅព្រៃសឯណោះទៅវិញ។ និយាយពីការចំណាយទឹក និងភ្លើងវិញ ប្រើម៉ាសេរីអ្នកធំខ្លះ ប្រើភ្លើង ២ ទៅ ៣ លីងទៀត ហើយវិក្កយបត្រទៅគិតនៅកន្លែងធ្វើការរដ្ឋទៅ។ ចំណែកអ្នកប្រមូលលុយខ្សែកាប បាននិយាយថា ថៅកែរបស់ពួកគេ ប្រាប់កុំឲ្យទៅប្រមូលលុយប្រចាំខែ នៅផ្ទះនេះ ឬផ្ទះនោះ ព្រោះផ្ទះអ្នកធំៗ។ អ្នកធំ មួយចំនួនធំ រួចខ្លួនទៀត ឯប្រជាពលរដ្ឋសាមញ្ញវិញ បើមិនទៅបង់ទឹក និងភ្លើងដល់កន្លែងតាមកាលកំណត់ទេ គឺត្រូវផ្តាច់ ឬក៏ផាកពិន័យ។
ម្យ៉ាងទៀតកាលពីសម័យសង្គមរាស្រ្តនិយម គ្រួសារណា ដែលមានសមាជិកគ្រួសារ ធ្វើជាគ្រូបង្រៀន គឺអាចចិញ្ចឹមមួយផ្ទះ។ ឥឡូវឲ្យតែក្រ «គ្រូ» ប្រពន្ធរអ៊ូហើយ ដោយសារប្រាក់ខែតិច គឺផ្ទុយពីអ្នកធំៗ ទៅវិញ មិនត្រឹមតែចញ្ចឹមមួយផ្ទះទេ គឺថែមទាំងយកសមាជិក នៅក្នុងគ្រួសារនោះ មកធ្វើការជាមួយ ហើយមានតួនាទីធំៗថែមទៀត គឺនៅខុទ្ទកាល័យ និងពិធីការរបស់ក្រសួងផ្ទាល់ ឬក៏សាលារាជធានី ដែលជាទីប្រជុំទម្ងន់ គឺអ្វីៗ មុននឹងទៅជួប ឬរត់ឯកសារ ដល់រដ្ឋមន្ត្រី គឺកុំឲ្យបែកទ្រព្យ អ្វីៗនៅមូលតែម្តង។ ឧទាហរណ៍៖ លោក ហោ ណាំហុង កូនគាត់ ២ នាក់ ជាឯកអគ្គរាជទូត ប្រចាំប្រទេសអង់គ្លេស និងប្រទេសជប៉ុន ឯម្នាក់ទៀត នៅកន្លែងទីប្រជុំទម្ងន់តែម្តង។ លោក ចម ប្រសិទ្ធ កូនម្នាក់ ជាអគ្គនាយករងអគ្គនាយកដ្ឋានកាំកុងត្រូល ឯម្នាក់ទៀតនៅកន្លែងទីប្រជុំទម្ងន់។ ឯលោក កែប ជុតិមា ក៏មិនណយដែរ គេយកកូនគេធ្វើបាន រឿងអីបានជាខ្ញុំ យកកូនខ្ញុំធ្វើការក្បែរខ្លួនមិនបាន។ យ៉ាងហោចណាស់ ក៏មានកូនម្នាក់ នៅកន្លែងទីប្រជុំទម្ងន់ដែរ។ ទាំងនេះ គឺជាការនិយមធ្វើជាអ្នកធំ តកូនតចៅ។
ការធ្វើយ៉ាងដូច្នេះ គឺអ្នកធំៗ ដឹងរឿងទាំងអស់ ចង់អ្នកណាធ្វើអីក្នុងស្ថាប័នហ្នឹងក៏ដឹងដែរ។
ចំពោះការសណ្តោងសមាជិកក្នុងគ្រួសារ មកធ្វើការមានតួនាទីធំដុំ នៅក្នុងក្រសួងបែបនេះ កន្លងមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានព្រមានម្តងរួចមកហើយ ពីក្រសួងគ្រួសារនិយមនេះ តែបានប៉ុន្មានខែក្រោយមក បែរជាស្ងាត់ឈឹងគ្មានវិធានការទៅវិញ។ ជាងនេះទៅទៀត ការតាក់តែងច្បាប់មួយចំនួន គឺរៀបចំ ឬក៏ធ្វើវិសោធនកម្មច្បាប់ទ្បើង ដើម្បីការពារអំណាច និងការពារតែអ្នកធំ។ ឧទាហរណ៍៖ ក្រមច្បាប់ព្រហ្មទណ្ឌដាក់ទោសពីបទបរិហារកេរ្តិ៍ ការផ្សាយព័ត៌មានមិនពិត និងញុះញុង់ និងច្បាប់មិនបានចែងអំពីអាណត្តិរបស់ការដឹកនាំធ្វើជានាយករដ្ឋ មន្រ្តី ជាដើម ហើយតិចលោទៅច្រឡំមានរឿងរ៉ាវក្តីក្តាំតាមផ្លូវតុលាការ ជាមួយអ្នកធំ គឺត្រៀមខ្លួនដេកតែពីចាញ់ឲ្យហើយទៅ គ្រាន់តែចាញ់តិច ឬច្រើនតែប៉ុណ្ណឹង។ កុំលលេងជាមួយអ្នកធំឲ្យសោះ ល្មមៗទ្រម ទក់សាច់។
ជាក់ស្តែង ចំពោះអតីត អ្នកមានអំណាច ដែលជាប់ពិរុទ្ធ ហើយត្រូវតុលាការហៅទៅសាកសួរ មួយចំនួនធំនៃអ្នកធំទាំងនោះ ស្លៀកពាក់ស៊ីវិលធម្មតា គឺផ្ទុយពីអ្នកជាប់ពិរុទ្ធធម្មតា ដែលមានសម្លៀកបំពាក់ឯកសណ្ឋានអ្នកជាប់ឃុំពណ៌ទឹកប៊ិកមានឆ្នូតស។ រីឯការរស់នៅក្នុងពន្ធនាគារ ក៏ដាក់កន្លែងផ្សេងពិសេសដែរ មានកន្លែងស្អាតបាត អាហារឆ្ងាញ់ៗ មានកន្លែងហាត់ប្រាណផងដែរ គឺខុសពីអ្នកទោសធម្មតា ញាត់ឲ្យនៅគរជើងគ្នាក្នុង ១ បន្ទប់ៗ។ ឧទាហរណ៍៖ អ្នកទោស ហេង ពៅ និង អ្នកទោស ម៉ឹក ដារា ជាដើម។
បើមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាមួយអ្នកធំៗ ឬកូនអ្នកធំៗ មិនទាន់រកខុសរកត្រូវតាមផ្លូវច្បាប់ផង គឺគេទូរសព្ទហៅគ្នីគ្នា ក្នុងនោះ មានទាំងកងកម្លាំងប្រដាប់អាវុធមួយឡាន មកជាមួយផង គំរាមកំហែងអ្នកតូចតាច ដែលប៉ះពារជាមួយអ្នកធំៗ ឬក៏ក្រុមគ្រួសារអ្នកធំនេះថែមទៀត។ គ្រាន់តែឮកូនលោកនេះ កូនលោកនោះហ្នឹង មន្រ្តីបូលិសចរាចរណ៍ ធ្វើការរញីរញ័របាត់ទៅហើយ ស្រួលមិនស្រួលហ្នឹងត្រូវមាត់ទៀត។ នេះគ្រាន់តែជាបង្ហាញសកម្មភាពខ្លីៗ បែបអវិជ្ជមានរបស់អ្នកធំប៉ុណ្ណោះ។ តើវប្បធម៌អ្នកធំស្រុកខ្មែរបែបនេះ ពេលណានឹងផ្លាស់ប្តូរ?
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes