Tuesday, December 20, 2011
ក្មេងស្រីជំទង់ម្នាក់សុដន់ទាំងពីររីកធំយារដល់ចង្កេះមួយចំហៀងទម្ងន់ប្រមាណ៥គីឡូក្រាម
អ្វីដែលគួរឱ្យអាណិតអាសូរចំពោះក្មេងស្រីជំទង់ម្នាក់ដែល ទើបតែមានអាយុ១៤ឆ្នាំសោះ ស្រាប់តែសុដន់ទាំងសងខាងរីកធំទៅៗរហូតយារដល់ចង្កេះដើរទប់ខ្លួនសឹងមិនជាប់ ដោយសារតែខំប្រឹងយោងសុដន់ទាំងពីរនោះ តែរូបកាយស្គមស្គាំងទៅវិញ ដែលបច្ចុប្បន្នកំពុងសម្រាករង់ចាំធ្វើការវះកាត់នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ។
ស្ដ្រីជាម្ដាយឈ្មោះថុន វណ្ណា អាយុ៤០ឆ្នាំ ធ្វើការនៅរោងចក្រកាត់ដេរមានទីលំនៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ប្ដីឈ្មោះឡេង វន្នី អាយុ៣៩ឆ្នាំ ជាកសិករបានរៀបរាប់ឱ្យដឹងថា កូនស្រីដែលមានសុដន់រីកធំទាំងសងខាងយារដល់ចង្កេះនេះឈ្មោះវន្នី ចាន់តារា អាយុ១៤ឆ្នាំ ជាកូនទី២ ក្នុងចំណោមបងប្អូនស្រី៣នាក់ រៀនថ្នាក់ទី៨ នៃអនុវិទ្យាល័យ ហ៊ុន សែន អង្គពពាយ។ ចាប់តាំងពីកើតមក កូនស្រីរបស់គាត់មានរូបរាងដូចគេដូចឯងដែរ ទើបតែឈានចូលអាយុ១៤ឆ្នាំនេះ ក៏ចាប់ផ្ដើមមានដុះសុដន់បន្ដិច ប៉ុន្ដែចាប់ពីខែកក្កដា ២០១១ មក ស្រាប់តែកូនស្រីរបស់គាត់ចាប់ផ្ដើមមានសុដន់រីកធំបន្ដិចម្ដងៗរហូតយារដល់ត្រឹមផ្ចិត។ នៅថ្ងៃទី១៥ ធ្នូកន្លងមកនេះ បាននាំកូនស្រីមកមន្ទីរពេទ្យ។ គ្រូពេទ្យឱ្យសំរាកនៅមន្ទីរពេទ្យដើម្បីរង់ចាំធ្វើការវះកាត់នៅថ្ងៃទី២៣ ធ្នូខាងមុខនេះ ។
ម្ដាយក្មេងស្រីជំទង់រូបនេះបានអំពាវនាវឱ្យសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសមេត្ដាជួយឧបត្ថម្ភដល់ក្រុមគ្រួសាររបស់គាត់ដែលកំពុងជួបការខ្វះខាត ដើម្បីបានព្យាបាលជំងឺកូនស្រី។ កន្លងមកនេះមានលោកគ្រូ អ្នកគ្រូដែលបង្រៀនកូនគាត់បានរៃអង្គាសកូនសិស្សនៅសាលាយកមកឧបត្ថម្ភកូនរបស់គាត់បានចំនួន២០ម៉ឺនរៀលដែរ និងខ្លះទៀតមកមើលឃើញគេអាណិតក៏ឧបត្ថម្ភប្រាក់បន្ដិច បន្ដួច៕
កោះសន្តិភាព
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes