ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនានាបានចាប់ផ្ដើមធ្វើដំណើរឆ្លងកាត់លើស្ពានអាកាសទី២ ក្នុងរាជធានីភ្នំពេញ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១២។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ឈ្មោះស្ពានអាកាសទី២ ស្ថិតនៅចន្លោះខណ្ឌទួលគោក និងខណ្ឌសែនសុខ រាជធានីភ្នំពេញ ថា ជាស្ពាន ៧ មករា។ លោកបញ្ជាក់ថា ការកសាងស្ពាននេះឡើង ដើម្បីកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ប្រចាំថ្ងៃនៅផ្ដុំផ្លូវកែងពេទ្យលោកសង្ឃ នៅគ្រាដែលកំណើនរថយន្ត និងម៉ូតូបានកើនឡើងគួរឲ្យព្រួយបារម្ភ នៅរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ។
លោក ហ៊ុន សែន បន្តថា មូលហេតុដែលនាំឲ្យរដ្ឋាភិបាលដាក់ឈ្មោះស្ពានអាកាសនេះថា ជាស្ពាន ៧ មករា នោះ គឺចង់បញ្ជាក់ថា សមិទ្ធផលនេះតំណាងឲ្យការរីកចម្រើននៅរាជធានីភ្នំពេញ ប្រៀបធៀបនឹងស្ថានការណ៍កាលពី ៣៣ឆ្នាំមុន ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ កន្លងទៅ រាជធានីភ្នំពេញ ប្រៀបបានជាទីក្រុងខ្មោច។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១២ ថា មានការទាមទារឲ្យធ្វើប្រជាមតិក្នុងការដាក់ឈ្មោះស្ពាននេះ ប៉ុន្តែលោកយល់ថា បញ្ហានេះវាមិនចាំបាច់នោះទេ៖ «ទាំងសម្ដេចឪ ទាំងសម្ដេចម៉ែ ទាំងព្រះមហាក្សត្រ ព្រះអង្គនឹងយាងកាត់ស្ពានផ្លូវអាកាស។ ប្រហែលជា ២អាទិត្យខាងមុខនេះ គឺព្រះអង្គនឹងយាងកាត់។ ស្ពានអាកាសបែបថ្មីរបស់យើង ស្ពានអាកាស ៧ មករា»។
អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា បានមានប្រសាសន៍ថា កំណើនរថយន្ត និងម៉ូតូ និងកំណើនប្រជាពលរដ្ឋ គឺជាបញ្ហាប្រឈមមុខចំពោះការស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ៖«សម្បត្តិមហាសាលជានិមិត្តរូបរំលឹកដល់ការរស់រានឡើងវិញ របស់ប្រជាជនកម្ពុជា យើងទាំងមូល និងបានបង្ហាញពីនិមិត្តរូបនៃភាពរីកចម្រើនរុងរឿងរបស់រាជធានីភ្នំពេញ ក្នុងរយៈពេល ៣៣ឆ្នាំ»។
ប្រជាពលរដ្ឋឈ្មោះ ឈិន ចំរឿន អាយុ ៥៨ឆ្នាំ នៅរាជធានីភ្នំពេញ ដែលកំពុងតែឈរលើស្ពានអាកាសថ្មីនេះ បាននិយាយថា លោកសប្បាយចិត្តចំពោះសមិទ្ធផលស្ពានថ្មីនេះ៖ «ពីដើមមកមិនដែលធ្លាប់ឃើញមានស្ពានអាកាស។ ឥឡូវមានស្ពានអាកាស គឺប្រជាជនទាំងអស់គ្នាសប្បាយចិត្ត។ បើកលឿនទាន់ចិត្ត ដើម្បីទៅណាមកណាគ្រួសារអីឈឺហ្នឹង យើងទៅផ្លូវក្រោមក៏បាន ផ្លូវលើក៏បាន វាទាន់ចិត្តអ៊ីចឹងណា!»។
ស្ពានអាកាស ៧ មករា នេះ បានសាងសង់ក្នុងរយៈពេលមួយឆ្នាំ ដោយត្រូវចំណាយថវិកាសរុបចំនួនជាង ៨.៧លានដុល្លារអាមេរិក។ នេះជាស្ពានអាកាសទី២ ក្រោយពីស្ពានអាកាសទី១ នៅម្តុំក្បាលថ្នល់ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានតំលៃជាង ៦.៤លានដុល្លារអាមេរិក បានសម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ២០១០ កន្លងទៅ។
បច្ចុប្បន្នមានរថយន្តចំនួនជាង ២៣ម៉ឺនគ្រឿង និងម៉ូតូចំនួនសរុបជាង ៩០ម៉ឺនគ្រឿង នៅរាជធានីភ្នំពេញ ដែលបានបង្កឲ្យមានការស្ទះចរាចរណ៍ប្រចាំថៃ្ង នៅតាមផ្លូវកែងនានា ក្នុងតំបន់ទីប្រជនជន។
លោក ហ៊ុន សែន យល់ព្រមឲ្យសង់ស្ពានអាកាសទី៣ នៅស្ទឹងមានជ័យ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១២ នេះដែរ ក៏បានយល់ព្រមតាមសំណើរបស់អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា ដើម្បីសាងសង់ស្ពានអាកាសថ្មីមួយទៀត ជាស្ពានទី៣ នៅម្ដុំស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ប្រចាំថ្ងៃ។
ស្ពានអាកាសទី៣នេះ គឺរដ្ឋាភិបាលគ្រោងចំណាយថវិកាចំនួនជិត ១៨លានដុល្លារអាមេរិក ដោយសារតែគេត្រូវធ្វើផ្លូវក្រោមដី ផ្លូវលើដី និងស្ពានអាកាស។ ប៉ុន្តែពេលវេលាជាក់លាក់នៃការសាងសង់មិនត្រូវបានប្រកាសឲ្យដឹងនៅឡើយទេ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ឥឡូវឈានទៅរកអាទី៣ ស្ពានអាកាសស្ទឹងមានជ័យ ហើយស្ពានអាកាសស្ទឹងមានជ័យនេះ បានគូសប្លង់ទៅមានជម្រើសដល់ ៦។ ប៉ុន្តែសាលាក្រុងសម្រេចយកជម្រើសទី ៦។ ប៉ុន្តែយើងក៏ត្រូវសាងសង់តាមដំណាក់។ ដំណាក់ទី១ សាងសង់ស្ពានអាកាសមេ ២ និងស្ពានរូងក្រោមដីមួយ។ បញ្ហាធំគឺសុំសហការពីប្រជាពលរដ្ឋ ហើយការដោះស្រាយផលប៉ះពាល់ ដោយមានការគាំទ្រពីស្ថាប័ន ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។
អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា បានមានប្រសាសន៍នៅលើស្ពានអាកាស ៧ មករា ថា រូបលោក និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ សប្បាយរីករាយចំពោះការសាងសង់ស្ពានអាកាសទី៣ នាពេលខាងមុខនេះទៀត៖ «យើងដោះស្រាយផលប៉ះពាល់សិន។ ...យើងប្រឹងប្រែងធ្វើយ៉ាងម៉េចឲ្យហើយមុនបោះឆ្នោត២០១៣»។
ប្រជាពលរដ្ឋឈ្មោះ សៀង សាម៉ុន អាយុ ៤៧ឆ្នាំ នៅរាជធានីភ្នំពេញ បាននិយាយថា បើសិនជាមានស្ពានអាកាសទី៣ ការធ្វើដំណើរឆ្លងកាត់តំបន់ស្ទឹងមានជ័យនោះ នឹងងាយស្រួលជាងមុន និងកាត់បន្ថយការកកស្ទះចរាចរណ៍៖ «ឆ្លងកាត់ស្ទះចរាចរណ៍ ពិបាកដូចគ្នាអ៊ីចឹង។ ឥឡូវហ្នឹង បើសិនជាយើងធ្វើហើយ អាចធូរស្រាល»។
ស្ពានអាកាសទី៣ នោះ គឺរដ្ឋាភិបាលគ្រោងចំណាយថវិកាចំនួនជិត ១៨លានដុល្លារអាមេរិក។ គំរោងការសាងសង់គឺរយៈពេល ១៨ខែ សាងសង់ដោយក្រុមហ៊ុនឯកជន ជាអាណិកជនខ្មែរនៅបរទេស។
លោក ហ៊ុន សែន បានប្រកាសទៀតថា នឹងមានស្ពានអាកាសទី៤ទៀត ក្រោយស្ពានអាកាសទី៣ នៅស្ទឹងមានជ័យនោះសាងសង់រួច៕
RFA
No comments:
Post a Comment
yes