សៀមរាប៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ចង្អៀត ដែលដឹកនាំដោយលោក ហោ ណាំ ហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាស្របពេល ដែលកម្ពុជានិងធ្វើ ជាប្រធានអាស៊ាន នៅឆ្នាំ២០១២ បានចាប់ផ្តើមហើយ កាលពី ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១២ នៅសណ្ឋាគារ Grand Soluxe Angkor Palace Resort and Spa ក្នុងទីរួមខេត្តសៀមរាប។ កិច្ចប្រជុំនោះ ក៏មានការចូលរួមពីអគ្គលេខាធិការអាស៊ានផងដែរ។
លោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស បានបា្រប់ក្រុមអ្នកកាសែត ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងផ្តោតសំខាន់ទៅលើប្រធានបទសំខាន់ៗមួយចំនួន។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាស៊ានប្រហែលជានឹងយកចិត្តទុកដាក់ ដោយចំណាយពេលវេលាច្រើនលើការ បង្កើតសហគមន៍អាស៊ាន នៅឆ្នាំ២០១៥ ដែលក្នុងនោះក៏មាននិយាយផងដែរពីការធ្វើសមាហរ ណ កម្ម តំបន់។
លោកស្រីសឿង រដ្ឋចាវី រដ្ឋលេខាធិការ បានបន្ថែមថា មានប្រធានបទមួយចំនួនទៀត ដែលរដ្ឋ មន្ត្រី ការបរទេសអាស៊ាន ត្រូវពិភាក្សា ដូចជា ការពិភាក្សា ដើម្បីធ្វើយ៉ាងណារកប្រតិបត្តិការផ្នែកតំបន់សមុទ្រ ចិនភាគខាងត្បូង ដែលមានក្រមសីលធម៌ប្រតិបត្តិ DOC។ ក្រមសីលធម៌ប្រតិបត្តិ ដើម្បីដោះស្រាយជម្លោះដែនសមុទ្រចិនភាគខាងត្បូង ត្រូវបានក្រុមការងារមន្ត្រីជាន់ខ្ពស់អាស៊ាន បានជួបប្រជុំគ្នាតាំងពីថ្ងៃទី៩ និងថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ ហើយនៅថ្ងៃទី១១ខែមករានេះ រដ្ឋមន្ត្រី ការបរទេសអាស៊ាន នឹងនិយាយលើបញ្ហាទាំងនោះដែរ ។
រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងនិយាយគ្នាផងដែរ ពីដំណើរការវិវឌ្ឍនៃការធ្វើពង្រាងសេចក្តី ប្រកាស ឬសេចក្តីថ្លែងការណ៍ ស្តីពី សិទ្ធិមនុស្សអាស៊ាន។
ជាមួយគ្នានោះដែរលោក ស៊ូរិន ពិតសុវណ្ណ ( Surin Pitsuwan ) អគ្គលេខាធិការអាស៊ាន បានថ្លែងប្រាប់អ្នកកាសែតនៅម៉ោងសម្រាកក្រៅកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីការបរទេសអាស៊ានចង្អៀតថា រដ្ឋមន្ត្រីការ បរទេសអាស៊ាន បានពិភាក្សាលើបញ្ហាតំបន់ និងពិភពលោក។ ក្នុងនោះ ប្រមុខការទូតអាស៊ាន ក៏មានពិភាក្សាពីបញ្ហាប្រទេសភូមា ដែលភូមាគ្រោងនឹងធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០១៤។
លោក អគ្គលេខាធិការអាស៊ាន បានបន្ថែមថា រដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងកិច្ចប្រជុំចង្អៀត ដែលបិទទ្វារមិនឲ្យអ្នកកាសែតចូលស្តាប់នោះ ក៏ត្រូវបានលោកអគ្គលេខាធិការអាស៊ានលើកឡើងថា បានពិភាក្សា ដើម្បីឲ្យអាស៊ាន កាន់តែមានឈ្មោះខ្ពស់លើឆាកអន្តរជាតិ រួមទាំងលើកឡើងពីបញ្ហាកូរ៉េ ខាង ជើង និងមជ្ឈឹមបូព៌ាឯចំពោះបញ្ហាសមុទ្រចិនខាងត្បូង នឹងអាចលើកឡើងមកពិភាក្សាផង ដែរ៕
No comments:
Post a Comment
yes