ភ្នំពេញៈ ប្រជាពលរដ្ឋមកភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ចំនួន១១នាក់ ដែល តំណាងឲ្យជាង ៥០០ គ្រួសារ ដែលបារម្ភអំពីការបណ្ដេញចេញពីលំនៅដ្ឋាន បាននាំគ្នាទៅសាលារាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ ដើម្បីស្នើសុំការជួយអន្តរាគមន៍ពីលោក កែប ជុតិមា អភិបាលរាជធានី។
តំណាងម្នាក់ពីក្នុងចំណោម ១១ នាក់ ដែលបានទៅសុំការជួយអន្តរាគមន៍ពីអាជ្ញាធររាជធានីភ្នំពេញកាលពីម្សិលមិញ អ្នកស្រី សៅ សុភាព អាយុ៥០ឆ្នាំ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា ពួកគាត់មានក្ដីព្រួយបារម្ភខ្លាំងណាស់ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា មានក្រុមហ៊ុនមួយចង់ចំណាយលុយឲ្យពួកគាត់ក្នុងមួយគ្រួសារ ចំនួន ៧ពាន់ដុល្លារ និងពីរលានរៀល ជាថ្នូរនឹងការផ្លាស់ទីលំនៅចេញ ដើម្បីផ្ដល់ឱកាសឲ្យពួកគេធ្វើការអភិវឌ្ឍក្នុងតំបន់គាត់នេះ។
អ្នកស្រីបានថ្លែងថា៖ «យើងខ្ញុំមិនត្រូវការផ្លាស់ទីលំនៅទេ»។
អ្នកស្រីបានបន្តថា កាលពីឆ្នាំ២០០៨ លំនៅដ្ឋានពួកគាត់រាប់រយខ្នង ត្រូវភ្លើងឆេះដោយគ្មានមូលហេតុ។ ពួកគាត់ បាននាំគ្នារស់នៅក្រោមជម្រកតង់កៅស៊ូអស់រយៈពេលជាច្រើនខែ លុះ ក្រោយមកពួកគាត់បានចាប់ផ្ដើមសាងសង់លំនៅដ្ឋានថ្មី ដោយខ្ចីប្រាក់ពីអ្នករកស៊ីចងការប្រាក់មួយចំនួន។
អ្នកស្រីថ្លែងថា ៖ «ខ្ញុំមានក្ដីព្រួយបារម្ភខ្លាំងណាស់ ព្រោះយើងខ្ញុំ ទើបតែងើបផុតពីការរងគ្រោះដោយភ្លើងឆេះ តែបំណុលនៅមិនទាន់សងគេរួចអស់នៅឡើយផងទេ»។
ទោះជាបែបណាក្ដី ទីតាំងដីដែលអ្នកភូមិត្រពាំងឈូក ចំនួន៥២១ គ្រួសារ កំពុងរស់នៅសព្វថ្ងៃនេះ ដើមឡើយជាដីអាងស្តុកទឹកសាធារណៈរបស់រដ្ឋ ដែលមានទំហំ ០,៤០ ហិកតា ប៉ុន្តែ នៅអំឡុងឆ្នាំ១៩៨៤ ប្រជាពលរដ្ឋបានចូលមកតាំងលំនៅរស់នៅក្នុងតំបន់នេះ ជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។
តំណាងអ្នកភូមិម្នាក់ទៀត អ្នកស្រី សុខ ហេង បានប្រាប់ឲ្យដឹងដែរថា ពួកគាត់បានដាក់សំណើសុំកាន់កាប់ដីលំនៅដ្ឋាន ដែលពួកគាត់កំពុងរស់នៅសព្វថ្ងៃដោយស្របច្បាប់ ព្រោះពួកគាត់បានរស់នៅក្នុងតំបន់នោះ យ៉ាងតិចក៏១៥ឆ្នាំហើយដែរ។
អ្នកស្រីបានបន្តថា លោក កើត ឆែ អនុប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញ បានជម្រាបពួកគាត់កុំឲ្យមានការព្រួយបារម្ភ ពីព្រោះសាលារាជធានីភ្នំពេញ នៅមិនទាន់មានគម្រោងធ្វើការផ្លាស់ទីលំនៅប្រជាពលរដ្ឋក្នុងតំបន់នោះទេ។
អ្នកស្រីបន្តថា ៖ «ប៉ុន្តែ គាត់ប្រាប់ថា មានក្រុមហ៊ុនមួយចង់វិនិយោគអភិវឌ្ឍន៍តំបន់ដែលយើងខ្ញុំកំពុងរស់នៅនេះ»។
លោក កើត ឆែ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ក្នុងចំណោមអ្នកភូមិ១១នាក់ ដែលបានមកសុំឲ្យអាជ្ញាធរផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនគាត់នោះ មានម្នាក់ជាភរិយារបស់លោក សៀ ភារម្យ ប្រធានលេខាធិការដ្ឋាននៃក្រុមបេសកកម្មពិសេស នៃសិទ្ធិលំនៅដ្ឋាន ដែលផ្ទះរបស់គាត់ ស្ថិតក្នុងតំបន់ដែលជាដីសាធារណៈរបស់រដ្ឋនោះដែរ។
លោក កើត ឆែ បានបន្តឲ្យដឹងថា ក្នុងជំនួបក្រៅផ្លូវការរវាងអ្នកភូមិជាមួយលោកកាលពីម្សិលមិញនោះ លោកបានប្រាប់ទៅអ្នកភូមិថា «កុំឲ្យមានការព្រួយបារម្ភអី ព្រោះអាជ្ញាធរមិនទាន់មានគម្រោង ផ្លាស់ទីលំនៅអ្នកភូមិទាំងនោះនៅឡើយ»។
លោកបានមានប្រសាសន៍ថា៖ «ប៉ុន្តែ ទោះយ៉ាងណា យើងក៏មិនអាចផ្ដល់កម្មសិទ្ធជូនពួកគាត់បានដែរ ពីព្រោះពួកគាត់ស្នាក់នៅលើដីរបស់រដ្ឋ»៕
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes