មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា ថ្លែងថា មានបុគ្គលិកចំនួន ៦ រូបហើយ ដែលបានដាក់ពាក្យសុំព្យួរការងារបណ្ដោះអាសន្នមួយរយៈ រហូតមកដល់ថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០១២។

២៧-វិច្ឆិកា-២០០៩ ៖ អ្នកកាសែតកំពុងថតយករូបភាពអតីតប្រធានគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុងពេលដែលសាលាក្ដីខ្មែរក្រហម ជំនុំជម្រះក្ដីពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
លោកបញ្ជាក់ថា មូលហេតុនៃការសុំផ្អាកការងារបណ្ដោះអាសន្ននោះ គឺព្រោះតែពួកគាត់មិនបានទទួលប្រាក់ខែ ចាប់តាំងពីខែតុលា ឆ្នាំ ២០១១ មក។ ការមិនបានទទួលប្រាក់ខែរបស់បុគ្គលិកទាំងនេះ ក៏ព្រោះតែភាគីជាតិអស់សាច់ប្រាក់សម្រាប់បើកប្រាក់ខែឱ្យបុគ្គលិក ដែលមានចំនួនជាង ៣០០ នាក់ ចាប់ពីចៅក្រមមកដល់អ្នកបើកបររថយន្ត។
មន្ត្រីតុលាការខ្លះមិនបានទទួលប្រាក់ខែចាប់តាំងពីខែតុលា ឆ្នាំ ២០១១ និងបុគ្គលិកផ្សេងទៀត មិនបានទទួលប្រាក់ខែនៅក្នុងខែមករាកន្លងទៅនេះ។ លោក នេត្រ ភក្ត្រា ថ្លែងថា ថវិកាសម្រាប់បើកប្រាក់ខែឱ្យបុគ្គលិក គឺពឹងលើប្រទេសផ្ដល់ជំនួយ ហើយរហូតមកដល់ពេលនេះ មិនទាន់មានប្រទេសណាមួយសន្យាផ្ដល់ជំនួយសម្រាប់ស្ដារស្ថានការណ៍នេះនៅឡើយទេ។ ដូច្នេះ លោកមិនរំពឹងថា បុគ្គលិកនឹងបានទទួលប្រាក់ខែទេ សម្រាប់ខែកុម្ភៈ និងខែមីនាខាងមុខនេះ។
បុគ្គលិកសាលាក្ដីខ្មែរក្រហម ដែលបានសុំផ្អាកការងារបណ្ដោះអាសន្ននោះ គឺជាបុគ្គលិកនៃការិយាល័យសហព្រះរាជអាជ្ញាខាងភាគីជាតិ ហើយមូលហេតុនៃការសុំផ្អាកការងារនៅពេលនេះ គឺដើម្បីទៅស្វែងរកប្រាក់ចំណូលពីការងារផ្សេងទៀតសម្រាប់ចិញ្ចឹមគ្រួសារ។
បញ្ហាខ្វះប្រាក់ខែបុគ្គលិក ត្រូវបានគេយល់ឃើញថា ជាការរាំងស្ទះដល់ដំណើរការរបស់សាលាក្ដី។ លោក នេត្រ ភក្ត្រា បញ្ជាក់ថា ការធ្វើការដោយមិនបានទទួលប្រាក់ខែ ធ្វើឱ្យប៉ះពាល់ខ្លាំងដល់ទឹកចិត្ត និងស្មារតីបុគ្គលិក។ ភាគីកម្ពុជាកំពុងអំពាវនាវរកវិភាគទានពីប្រទេសផ្ដល់ជំនួយ ដើម្បីយកមកបើកប្រាក់ខែដល់បុគ្គលិករបស់ខ្លួន៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
អាស៊ីសេរី
No comments:
Post a Comment
yes