សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 2, 2012

ជន​រង​គ្រោះ​ជួបជុំ​គ្នា​ដើម្បី​ទទួល​យក​សាលដីកា​របស់ ឌុច



នៅ​ក្នុង​ពេល​រង់ចាំ​ការ​ប្រកាស​សាលក្រម​ស្ថាពរ​របស់​តុលាការ​កំពូល​អំពី​សំណុំ​រឿង ០០១ អតីត​ជន​រងគ្រោះ​ក្នុង​គុក​ទួល​ស្លែង​មួយ​រូប លោក ជុំ ម៉ី ថ្លែង​ថា លោក​មិន​អាច​អត់​អោន​ឱ្យ កាំង ហ្កេកអ៊ាវ ហៅ ឌុច បាន​ទេ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ។
អតីត​អ្នក​ទោស​មន្ទីរ ស-២១ លោក ជុំ ម៉ី បាន​ថ្លែង​ដូច្នេះ នៅ​ក្នុង​អំឡុង​ពេល​ដែល​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង ០០១ ចំនួន ៩០​រូប មក​ជួបជុំ​គ្នា​នៅ​បរិវេណ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង នៅ​រសៀល​ថ្ងៃ​ទី ២ កុម្ភៈ ឆ្នាំ ២០១២៖ «ខ្ញុំ​ថា​បង​ប្អូន​ខ្ញុំ​និយាយ​ហើយ​និយាយ​ទៀត​ថា ទឹក​ភ្នែក ឌុច ប៉ុន្មាន​ដំណក់​ហ្នឹង មិន​អាច​យក​មក​លុបលាង​ទឹក​ភ្នែក​ប្រជាជន​រាប់​លាន​នាក់​បាន​ទេ។ ការ​សុំ​ទោស ឌុច ហ្នឹង​ជា​លេស​របស់​វា​ទេ»
ការ​ជួបជុំ​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង ០០១ គឺ​ជា​ការ​ជួបជុំ ដើម្បី​ត្រៀម​ចិត្ត​ចាំ​ស្ដាប់​លទ្ធផល​នៃ​ការ​ប្រកាស​សាលក្រម​ស្ថាពរ​របស់​តុលាការ​កំពូល​លើ​ការ​ផ្ដន្ទាទោស កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែល​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី ៣ ខែ​កុម្ភៈ ឆ្នាំ ២០១២។
អតីត​ប្រធាន​គុក​ទួល​ស្លែង ឬ​មន្ទីរ ស-២១ លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវ​បាន​សាលា​ដំបូង​ផ្ដន្ទាទោស​ដាក់​គុក ៣៥ ឆ្នាំ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​រំលោភ​អនុសញ្ញា​ក្រុង​ហ្សឺណែវ ឆ្នាំ ១៩៤៩។ ជន​រងគ្រោះ​មិន​សុខចិត្ត​នឹង​ការ​សម្រេច​នេះ ហើយ​ប្ដឹង​ទៅ​តុលាការ​កំពូល​ឱ្យ​ដាក់​គុក ឌុច មួយ​ជីវិត ឬ​យ៉ាង​តិច​ណាស់ ៤៥ ឆ្នាំ។ សេចក្ដី​សម្រេច​ចុង​ក្រោយ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ស្អែក​នេះ។
អតីត​អ្នក​ទោស​គុក​ទួល​ស្លែង​មួយ​រូប​ទៀត លោក ប៊ូ ម៉េង បន្ថែម​ថា បើ​តុលាការ​កំពូល​សម្រេច​ផ្ដន្ទាទោស ឌុច ឱ្យ​នៅ​ដដែល លោក​មិន​អាច​ទទួល​យក​បាន​ឡើយ៖ «ទាំង​មេធាវី​ទាំង​អស់ និង​ព្រះរាជ​អាជ្ញា​ថា មួយ​ជីវិត​នៅ ៤៥ ឆ្នាំ។ អូខេ​ខ្ញុំ​ទទួល​យក​បាន។ បើ​ថា​ខុស​ពី​ហ្នឹង​ខ្ញុំ​អត់​ទទួល​ទេ។ ៣៥ (ឆ្នាំ) ខ្ញុំ​អត់​ទទួល​ទេ។ ទាល់​តែ ៤៥ ឆ្នាំ បាន​ឆ្នាំ​ទទួល»។
លោក ជុំ ម៉ី ថ្លែង​ថា បើ​តុលាការ​កំពូល​តម្កល់​ការ​ផ្ដន្ទាទោស ឌុច ដាក់​គុក​រយៈពេល ៣៥ ឆ្នាំ លោក​ថា​ជា​ការ​សម្រេច​មិន​យុត្តិធម៌​ ហើយ​ក៏​មិន​អាច​នាំ​ឱ្យ​មាន​ការ​ផ្សះផ្សា​ចិត្ត​បាន​ទេ​ដែរ។
អ្នក​ស្រី ហាវ សោភា ដែល​បាត់បង់​ឪពុក​ម្ដាយ​នៅ​គុក​ទួល​ស្លែង ថ្លែង​ដោយ​ក្ដី​សង្ឃឹម​ថា សាល​ក្រម​ស្ថាពរ​នៅ​ថ្ងៃ​ទី ៣ កុម្ភៈ តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ៖ «នាង​ខ្ញុំ​សុំ​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ជន​រួម​ជាតិ ដែល​បាន​បាត់បង់​នៅ​ទួល​ស្លែង សូម​ឱ្យ​អស់​លោក លោកស្រី​ដែល​ស្លាប់ មាន​ឪពុក​ខ្ញុំ គឺ​ឪពុក ហាវ ហាន ដែល​ស្លាប់​នៅ​ទី​នេះ សូម​ឱ្យ​ឪពុក​ខ្ញ​ទទួល​យក​យុត្តិធម៌។ សូម​ឱ្យ​ឪពុក​ដឹង​ថា​កូន ដែល​នៅ​រស់​នេះ​មិន​ព្រងើយ​កន្តើយ​ទេ»
​អ្នកស្រី​ ស៊ិន ស៊ីណែត ដែល​ឪពុក​ស្លាប់​នៅ​គុក​ទួល​ស្លែង​នេះ​ដែរ បាន​អំពាវនាវ​ដល់​វិញ្ញានក្ខន្ធ​ឪពុក​របស់​អ្នកស្រី​ឱ្យ​រង់​ចាំ​ទទួល​យក​យុត្តិធម៌​ពី​តុលាការ៖ «ថ្ងៃ​ស្អែក​នេះ​ជា​ថ្ងៃ​បញ្ចេញ​នូវ​យុត្តិធម៌​សម្រាប់​ខ្មែរ​ដែល​បាន​បាត់បង់។ នាង​ខ្ញុំ​សប្បាយ​រីករាយ​ដោយ​គិត​ថា តុលាការ​មាន​យុត្តិធម៌ រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ ទាំង​រូប​នាង​ខ្ញុំ ទាំង​ជន​រងគ្រោះ​ទូទាំង​ប្រទេស ដែល​បាន​បាត់បង់​ទាំង​អស់»
ក្នុង​ការ​ជួបជុំ​គ្នា​របស់​ជន​រងគ្រោះ ដើម្បី​ត្រៀម​ចិត្ត​ទទួល​សេចក្ដី​សម្រេច​ចុង​ក្រោយ​របស់​តុលាការ​កំពូល នៅ​ថ្ងៃ​ទី ៣ កុម្ភៈ ក៏​មាន​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត​ផ្នែក​ចិត្តសាស្ត្រ​នូវ​វិធី​សាស្ត្រ​ទប់​ចិត្ត​មួយ​ចំនួន សម្រាប់​ទប់ទល់​នឹង​ស្ថានភាព​ខក​ចិត្ត​ណា​មួយ នៅ​ពេល​ប្រកាស​សាលក្រម​នោះ៕
កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។


អាស៊ីសេរី

No comments:

Post a Comment

yes