
អ្នកភូមិបុរីកីឡាធ្វើការតវ៉ា នៅខាងមុខអគារក្រុមហ៊ុនផានអ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន កាលពីម្សិលមិញ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ ក្រុមអ្នកតវ៉ាក្នុងតំបន់បុរីកីឡាជាង១០០នាក់ កាលពីម្សិលមិញបានប្រមូលផ្ដុំគ្នានៅលើដងផ្លូវ២១១ ទល់មុខសំណង់អគារថ្មី របស់ក្រុមហ៊ុនផានអ៊ីម៉ិច ដែលកំពុងដំណើរការសាងសង់ ដើម្បីទាមទារឲ្យម្ចាស់ក្រុមហ៊ុន គឺអ្នកស្រីស៊ុយ សុផាន និងអាជ្ញាធររាជធានីភ្នំពេញ ទទួលខុសត្រូវលើទីជម្រករបស់ពួកគាត់ ដែលបានបំផ្លាញកាលពីដើមខែមករា ។
នៅក្នុងការតវ៉ានោះពួកគាត់ បានបដិសេធរបាយការណ៍របស់លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ដែលបានផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១២ ដែលថា ពួកគាត់ទាំងអស់គ្នា[ក្រុមអ្នកតវ៉ា] ជាប្រជាពលរដ្ឋមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការទទួលបានផ្ទះពីរដ្ឋ និងថា បានអញ្ជើញពួកគាត់ជាស្ត្រី និងកុមារចំនួន៣០នាក់ ឲ្យទៅនៅមជ្ឈមណ្ឌលព្រៃស្ពឺ ព្រមទាំងថាការរត់ចេញពីមជ្ឈមណ្ឌលនោះ ដោយសារតែមានការញុះញង់ ពីមន្ត្រីគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល។
ក្រុមអ្នកភូមិទាំងនេះបានចាត់ទុកថា «របាយការណ៍នេះខ្វះការពិត និងគ្មានការទទួលខុសត្រូវ»។
អ្នកស្រី ជុំ ង៉ាន់ ដែលជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីនិងកុមារចំនួន ៣០ នាក់ ដែលត្រូវកម្លាំងសន្តិសុខ និងសមត្ថកិច្ចចម្រុះសាលាខណ្ឌដូនពេញ ប្រមាណជាង១០០នាក់ ចាប់ក្រៀកបញ្ចូលទៅក្នុងរថយន្តក្រុង និងបានបញ្ជូនខ្លួនទៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺកាលពីថ្ងៃទី១១ មករា ឆ្នាំ២០១២ បានអះអាងថា គាត់មានឯកសារផ្លូវច្បាប់គ្រប់គ្រាន់ ក្នុងការត្រូវទទួលបានផ្ទះល្វែង រស់នៅក្នុងតំបន់បុរីកីឡា។
អ្នកស្រីថ្លែងថា៖ «ខ្ញុំមានការសោកស្ដាយជាខ្លាំងនៅពេលដែលឃើញខ្លឹមសារក្នុងរបាយការណ៍ នោះ។ យើងខ្ញុំមិនអាចទទួលយកបានទេ»។
លោក យឹម សុវណ្ណ តំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្ស សមរង្ស៊ី បានថ្លែងឲ្យដឹងថា ការពិតគណបក្សសមរង្ស៊ី មិនជាប់ពាក់ព័ន្ធទៅនឹងការរត់គេចរបស់អ្នកភូមិបុរីកីឡា ចេញពីមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺនោះទេ។
លោកបានថ្លែងថា៖ « ការពិតករណីនេះ វាជាកំហុសរបស់សាលារាជធានីភ្នំពេញ ដែលមិនដោះស្រាយបញ្ហាប្រឈមរបស់អ្នកភូមិ និងបានចាប់បង្ខាំងអ្នកភូមិដោយខុសច្បាប់»។ លោកបានអំពាវនាវឲ្យមានការដោះស្រាយនឹងផ្តល់ ជម្រកដល់អ្នកភូមិឲ្យបានឆាប់។
ទោះជាបែបណា សមត្ថកិច្ចមិនបានរារាំង ឬក៏បង្ក្រាប ការតវ៉ារបស់អ្នកភូមិនោះទេ តែបានជួយការពារសន្តិសុខ ជូនដល់ក្រុមអ្នកតវ៉ាទាំងនេះផង ។
លោក ប្រាក់ ហាក់ ប្រធានសន្តិសុខ សាលាខណ្ឌ៧មករា បាននិយាយថា៖«តួនាទីរបស់ខ្ញុំ គឺការពារសុវត្ថិភាព និងទប់ស្កាត់ មិនឲ្យអ្នកតវ៉ាបង្កអំពើហិង្សា ដែលនាំឲ្យប៉ះពាល់ និងខូចសណ្ដាប់ធ្នាប់សាធារណៈ»។
អ្នកតវ៉ាបានបង្ហាញនូវភស្តុតាង ជាច្រើនដូចជា ប័ណ្ណអង្កេត អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ប័ណ្ណសន្សំប្រាក់ ប័ណ្ណបោះឆ្នោត និងឯកសារផ្លូវច្បាប់មួយចំនួនទៀត ដែលបញ្ជាក់ថា ពួកគាត់ជាពលរដ្ឋនៅក្នុងតំបន់បុរីកីឡាយ៉ាងពិតប្រាកដ។
អ្នកស្រី ស៊ន ទូច អាយុ ៤១ឆ្នាំ ដែលចូលរួមនៅក្នុងការតវ៉ានេះ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា គាត់មានឯកសារទាំងអស់ ប៉ុន្តែ ដោយសារតែគាត់គ្មានលុយបង់ឲ្យមេសហគមន៍ ដែលឃុបឃិតជាមួយមន្ត្រីក្រុមហ៊ុននិងអាជ្ញាធរថ្នាក់ក្រោមមួយចំនួន ទើបគាត់មិនត្រូវបានគេផ្ដល់ផ្ទះល្វែងនៅបុរីកីឡានេះ។
អ្នកស្រីថ្លែងថា ៖ «ខ្ញុំបានទៅស៊ើបសួរព័ត៌មាននៅសាលាខណ្ឌ៧មករា ជាច្រើនដងថា ហេតុអ្វីបានជាដល់ពេលនេះ ខ្ញុំនៅមិនត្រូវគេហៅឲ្យឡើងនៅផ្ទះបុរីកីឡា ប៉ុន្តែគ្រប់ពេលមន្ត្រីក្នុងសាលាខណ្ឌបានប្រាប់ឲ្យខ្ញុំរង់ចាំសិន ដែលមកទល់ពេលនេះ គឺ៥ឆ្នាំហើយ»។
អ្នកស្រីបានបន្តថា ឥឡូវនេះ ក្រុមហ៊ុនផានអ៊ីម៉ិច កំពុងបន្តការសាងសង់អគារទី៩ ប៉ុន្តែ មន្ត្រីក្រុមហ៊ុននេះបាននិយាយថា អគារនោះសង់មិនមែនសម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រក្នុងតំបន់ បុរីកីឡា តាមអ្វីដែលក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងជាមួយអាជ្ញាធររាជធានី ភ្នំពេញ កាលពីឆ្នាំ២០០៤ នោះទេ។
អ្នកស្រីនិយាយទាំងមានចម្ងល់ថា ៖«បើសង់មិនសម្រាប់ឲ្យពួកយើងខ្ញុំ តើគេសង់សម្រាប់លក់ឬអ្វី?»។
រហូតមកទល់ពេលនេះ នៅមិនទាន់មានការអះអាងពីក្រុមហ៊ុននៅឡើយទេ ទាក់ទងទៅនឹងដំណើរការសាងសង់អគារទី៩ ដែលស្រដៀងគ្នាទៅនឹង អគារទាំង៨ ដែលបានសាងសង់និងផ្ដល់ជូនដល់ពលរដ្ឋតំបន់បុរីកីឡាចំនួន១៣៤៣ គ្រួសារ រួចហើយតាំងពីឆ្នាំ២០០៨មក។
លោកសោម សារ៉េត អាយុ៥០ឆ្នាំ ជាកម្មករសង់អគារទី៩នេះប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងភាព ប្រយ័ត្នប្រយែងថា លោកគ្រាន់តែជាកម្មករ ដែលគេជួលមកដើម្បីសាងសង់អគារប៉ុណ្ណោះ ក្រៅពីការងារសាងសង់ លោកមិនដឹងរឿងទេ។
លោកបានបដិសេធការផ្ដល់អធិប្បាយទាក់ទងនឹងសំណង់អគារទី១០ ដែលមានទ្រង់ទ្រាយ ដូចជាឃ្លាំង ឬស្ថានីយដែលសង់ក្បែរគ្នា ដោយនិយាយថា៖«ខ្ញុំមិនដឹងទេ ព្រោះខ្ញុំគ្រាន់តែជាកម្មករ ដែលគេជួលមកឲ្យសង់ប៉ុណ្ណោះ»។
កាលពីឆ្នាំ ២០០៤ សាលារាជធានីនិងក្រុមហ៊ុនផានអ៊ីម៉ិច បានចុះកិច្ចព្រមព្រៀងសង់អគារ១០ កម្ពស់៦ជាន់ ចែកអ្នកបុរីកីឡា តែបច្ចុប្បន្នមានពលរដ្ឋ ជាង២០០គ្រួសារមិនបានទទួលផ្ទះ។
អ្នកស្រី ស៊ុយ សុផាន មិនអាចទំនាក់ទំនងសុំការផ្ដល់អធិប្បាយជុំវិញបញ្ហានេះបានទេ កាលពីម្សិលមិញ៕
ភ្នំពេញប៉ុស្តិ័
No comments:
Post a Comment
yes