អ្នកលក់ផ្កានៅតាមផ្លូវ
RFI/Siv Channa
ក្រសួងកិច្ចការនារី កំពុងផ្សព្វផ្សាយឯកសារវីដេអូអប់រំនៅតាមទូរទស្សន៍ជាតិនិងទូរទស្សន៍ធំៗផ្សេងទៀតដើម្បីផ្សព្វផ្សាយអំពីអត្ថន័យនៃថ្ងៃ១៤កុម្ភៈទៅដល់យុវជននិងក្មេងជំទង់។ ស្ប៉តវីដេអូអប់រំដែលប្រាប់ដល់ពលរដ្ឋខ្មែរទូទៅថាថ្ងៃ១៤កុម្ភៈគឺជាថ្ងៃនៃក្តីស្រឡាញ់ចំពោះអ្នកជុំវិញខ្លួនតែមិនមែនជាថ្ងៃបុណ្យសង្សារដូចការយល់ខុសរបស់យុវជនហើយឈានទៅរកការរួមភេទនៅថ្ងៃនេះឡើយ។ថ្ងៃ១៤កុម្ភៈគឺជាថ្ងៃនៃក្តីស្រឡាញ់។ ពលរដ្ឋកម្ពុជាអាចបង្ហាញក្តីស្រឡាញ់ចំពោះមនុស្សនៅជុំវិញខ្លួន ដូចជាឳពុកម្តាយ អ្នកមានគុណ និងគ្រូបង្រៀនជាដើម។ នេះគឺជាអត្ថន័យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។ ក្រសួងកិច្ចការនារីបានធ្វើយុទ្ធនាការនេះយ៉ាងខ្លាំងក្លាដោយការផ្សព្វផ្សាយស្ប៉តវីដេអូនៅតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុកនានាដើម្បីអប់រំពលរដ្ឋខ្មែរទូទៅ និងពិសេសយុវជន និងក្មេងជំទង់ជាអនីតិជន។
យុទ្ធនាការនេះត្រូវបានធ្វើឡើងដើម្បីប្រឆាំងនឹងទប់ស្កាត់សកម្មភាពនិងការយល់ឃើញខុសរបស់យុវជន និងសិស្សានុសិស្សថ្នាក់វិទ្យាល័យមួយចំនួនដែលកន្លងមកបាននិយាយថាថ្ងៃ១៤កុម្ភៈ គឺជាថ្ងៃបុណ្យសង្សារហើយជាថ្ងៃដែលត្រូវបង្ហាញក្តីស្នេហាតាមរយៈការរួមភេទនោះ។
លោកស្រីស៊ីវ៉ាន់ បុទុមរដ្ឋលេខាធិការក្រសួងកិច្ចការនារីបានថ្លែងប្រាប់អ្នកសារព័ត៌មានអំពីការចាត់វិធានការរួមពីស្ថាប័នរដ្ឋដែលពាក់ព័ន្ធទាំងអស់ដើម្បីទប់ស្កាត់និន្នាការរបស់ក្រុមយុវវ័យដែលយកថ្ងៃ១៤កុម្ភៈជាថ្ងៃរួមភេទ។ បើតាមលោកស្រីរដ្ឋលេខាធិការ ការសហការរួមមាន សាលារៀនមួយចំនួននឹងយកថ្ងៃ១៤កុម្ភៈធ្វើជាថ្ងៃប្រឡងតែម្តង។
ហើយក៏មានការចូលរួមពីអាជ្ញាធរដែនដីដែលសហការជាមួយម្ចាស់ផ្ទះសំណាក់និងសណ្ឋាគារ មិនអោយពួកគេទទួលការកក់បន្ទប់សម្រាប់អតិថិជនជាសិស្សានុសិស្សអាយុក្រោម១៨ឆ្នាំ។
លោកកែប ជុតិមាអភិបាលរាជធានីភ្នំពេញបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា វិធានការការពារអនីតិជនត្រូវបានអនុវត្តរួចហើយ ហើយលោកបានអំពាវនាវអោយក្រុមយុវវ័យភ្ញាក់រលឹកខ្លួនឯងដោយមិនត្រូវប្រព្រឹត្តអំពើពុំគប្បីនៅថ្ងៃ១៤កុម្ភៈនេះ៕
វិទ្យុ បារាំង
No comments:
Post a Comment
yes