ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ឪពុករបស់លោក គឺលោកឧបាសក ហ៊ុន នាង ដែលសុខភាពរបស់លោកកាន់តែខ្សោយទៅៗ អាចបន្តរស់នៅបាន គឺអាស្រ័យនឹងការដាក់អាហារ និងខ្យល់អុកស៊ីសែនតាមការចោះបំពង់ក។
ថ្លែងនៅក្នុងពិធីសម្ពោធឲ្យប្រើប្រាស់ផ្លូវជាតិលេខ៦៨ពីស្រុកក្រឡាញ់ ខេត្តសៀមរាប ទៅខេត្តឧត្ដរមានជ័យ ដែលមានប្រវែង១១៧គីឡូម៉ែត្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា នេះជាលើកទី១ដែលលោកបានធ្វើដំណើរទៅកាន់ខេត្តនេះ តាំងពីសុខភាពរបស់ឪពុកលោកបានធូរស្រាលបន្តិចឡើងវិញ បន្ទាប់ពីគ្រូពេទ្យបានចោះបំពង់កបញ្ចូលអាហារនិងដាក់ខ្យល់អុកស៊ីសែន តាមករបស់គាត់ ហើយគាត់អាចបន្តរស់នៅបានជាងមួយខែហើយរហូតមកដល់ពេលនេះ។
លោកឧបាសក ហ៊ុន នាង ដែលមានវ័យ៩១ឆ្នាំនោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរី កាលពីចុងឆ្នាំមុន ហើយសុខភាពរបស់លោកធ្លាក់ចុះធ្ងន់ធ្ងរចាប់តាំងពីខែកុម្ភៈមក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមឲ្យដឹងទៀតថា៖ «មួយខែកន្លងទៅហើយ យើងអស់សង្ឃឹមទៅហើយ។ ហើយយើងបានរៀបចំអ្វីៗគ្រប់យ៉ាងរួចអស់ហើយ»។
លោកបានបន្ថែមថា ដោយសារតែស្ថានភាពសុខភាពឪពុករបស់លោកធ្ងន់ធ្ងរ ទើបធ្វើឲ្យលោកខកខានមិនបានធ្វើដំណើរទៅខេត្តក្នុងកម្មវិធីមួយចំនួន ហើយបានស្នើឲ្យឧបនាយករដ្ឋមន្ត្រីទៅជំនួសលោកវិញ។
លោកបានថ្លែងបន្តទៀតថា៖«ស្ថិតក្នុងស្ថានភាពបែបនេះ ទោះជាវាស៊ីពេលយូរប៉ុនណា ក៏យើងត្រូវទ្រាំដែរ។ យើងត្រូវស៊ូទ្រាំនឹងទុក្ខលំបាកទាំងនេះ ព្រោះវាជាបញ្ហារបស់កូនៗ»។ ភរិយារបស់លោកឧបាសក ហ៊ុន នាង គឺឧបាសិកា ឌី ប៉ុក បានទទួលមរណភាពនៅក្នុងឆ្នាំ១៩៩៨ ក្នុងជន្មាយុ៧៩ឆ្នាំ៕

No comments:
Post a Comment
yes