ភ្នំពេញៈ កន្លងមកធ្លាប់មានតែនៅក្នុងកំណត់ត្រាពិភពលោកទេ ដែលបុរសម្នាក់មានប្រពន្ធដល់ទៅជាង១០នាក់ ហើយស្ត្រីៗជាប្រពន្ធរបស់បុរសមហាសំណាងនោះ ពួកគេរួមរស់ក្រោមដំបូលតែមួយជាមួយគ្នាយ៉ាងមានសេចក្តីសុខពុំ មានការប្រចណ្ឌច្រណែនគ្នាឡើយ។ ដោយឡែកនៅស្រុកខ្មែរយើងក៏មិនចាញ់បរទេសប៉ុន្មានដែរ ពោលគឺគាត់មានប្រពន្ធដល់ទៅ៩នាក់ ហើយថែមទាំងបែងចែកឲ្យស្ត្រីជាប្រពន្ធទាំងអស់នោះ មានឋានៈគ្រប់គ្រងការងារក្នុងរង្វង់គ្រួសារផ្សេងៗគ្នាយ៉ាងដាច់ ស្រឡះ។
បុរសខ្មែរដែលមានសំណាងមានប្រពន្ធដល់ទៅ៩នាក់ ហើយរួមរស់ក្រោមដំបូលតែមួយ និងបែងចែកក្រសួងការងារឲ្យប្រពន្ធគ្រប់គ្រងផ្សេងៗគ្នានោះ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា គាត់មានសញ្ជាតិជាខ្មែរកម្ពុជាក្រោម និងជាគ្រូល្ខោនបាសាក់លោក ថាច់ សាំង សូរស័ក្កិ សព្វថ្ងៃកំពុងរួមរស់ជាមួយប្រពន្ធទាំង៩នោះប្រកបដោយសុភមង្គល បំផុត ស្ថិតនៅក្នុងភូមិកំពង់សិលា ខណ្ឌដង្កោរាជធានីភ្នំពេញ។
ក្នុងជំនួបជាមួយ ភ្នំពេញ ប៉ូស្តិ៍ នៅឯគេហដ្ឋាននោះ លោក ថាច់ សាំងសូរស័ក្តិ បានឲ្យដឹងថា លោកមានវ័យ៦៤ឆ្នាំ មាននាទីជាប្រធានល្ខោនបាសាក់មហាជនខណ្ឌដង្កោរាជធានីភ្នំពេញ។
បុរសសម្បូរស្នេហ៍រូបនេះបានទទួលស្គាល់ថា៖«ពិតណាស់ ខ្ញុំពិតជាមានប្រពន្ធដល់ទៅ៩នាក់មែន ហើយប្រពន្ធទាំង៩របស់ខ្ញុំ មុននេះគឺរស់នៅជុំគ្នាទាំងអស់ ប៉ុន្តែពេលនេះនៅជុំគ្នាតែ៨នាក់ទេ ព្រោះប្រពន្ធទី១ គាត់បានចេញទៅនៅសហរដ្ឋអាមេរិកជាងពីរឆ្នាំហើយ ហើយកាលដែលចេញទៅទីនោះគឺពួកយើងនៅតែមានទំនាក់ទំនងល្អនឹងគ្នាដដែល ហើយគាត់ក៏នៅតែមានចំណែកផ្តល់ប្រាក់ឲ្យជួយចិញ្ចឹមកូនៗជាធម្មតា »។
លោកបន្តថា ក្នុងការភពប្រសព្វរវាងលោក និងប្រពន្ធទាំង៩នាក់នោះ បង្កើតបានកូនចំនួន២៥នាក់ ក្នុងនោះមានប្រុស១៣នាក់ និងស្រី១២នាក់ ហើយកូនៗទាំងនោះសព្វថ្ងៃស្ថិតនៅក្នុងបន្ទុករបស់លោកគ្រប់គ្រង ចំនួន២៤នាក់ លើកលែងតែកូនច្បងម្នាក់គត់ ដែលរូបគេបានចេញទៅនៅអាមេរិកជាមួយម្តាយ។
បុរសដែលមានសមត្ថភាពពិសេសចេះគ្រប់គ្រងស្ត្រីជាប្រពន្ធទាំង៩នាក់ ឲ្យចេះរស់នៅជុំគ្នា ដោយពុំមានការឈ្លោះប្រកែកគ្នាសូម្បីតែបន្តិចបន្តួច លោក ថាច់ សាំងសូរស័ក្កិ បាននិយាយថា៖«ប្រពន្ធខ្ញុំទាំង៩នាក់ លើកលែងតែប្រពន្ធទី១ ដែលខ្ញុំឃើញ និងពេញចិត្តដោយខ្លួនឯង ហើយត្រូវបានម៉ែឪគាត់ចូលស្តី និងរៀបការឲ្យ។ តែចាប់ពីប្រពន្ធទី២រហូតដល់ទី៩ គឺខ្ញុំទទួលបានដោយបុណ្យសំណាងទេ ពោលគឺសុទ្ធតែត្រូវបានឪពុកម្តាយនាងៗយកមកថ្វាយខ្ញុំទាំងអស់» ។
ដោយឡែកមុន និងសម្រេចចិត្តទទួលស្រ្តីដែលឪពុកម្តាយនាងយកមកថ្វាយនោះ គ្រូល្ខោនរូបនេះ បានឲ្យដឹងថា លោកមិនមែនឃើញហើយចេះតែទទួលដោយអត្តនោម័តនោះទេ ពោលគឺលោកសុទ្ធតែសុំការសម្រេចពីប្រពន្ធមុនៗទាំងអស់ បើមានការយល់ព្រមពីប្រពន្ធទាំងនោះ ទើបលោកសម្រេចទទួលយក។
ដោយសារមើលទៅលោកគ្មានអ្វីជាភាពអស្ចារ្យលើសមនុស្សទាំងពួង ទាំងរូបសម្បត្តិ និងទ្រព្យសម្បត្តិ មានមនុស្សជាច្រើនបានដាក់ការសង្ស័យថា បុរសវ័យ៦៤ឆ្នាំ ប្រពន្ធ៩នាក់រូបនេះ អាចនឹងមានសមត្ថភាពពិសេសអ្វីមួយ ដែលគេតែងហៅថា «ធ្វើស្នេហ៍» ទើបបានជាមានគេយកកូនមកថ្វាយស្រស់ៗដូច្នេះនោះ តែបញ្ហានេះ ត្រូវលោកសូរស័ក្តិ បដិសេធ។
លោកនិយាយថា៖«ខ្ញុំសព្វថ្ងៃគ្មានចេះអ្វីក្រៅពីជំនាញសិល្បៈ និងចេះទស្សន៍ទាយមើលពីជោគវាសនាឡើយ»។លោកបានបញ្ជាក់ថា៖«បន្ទាប់ពី ខ្ញុំទទួលពួកគាត់ធ្វើជាប្រពន្ធហើយនោះ ខ្ញុំបានបែងចែកការងារឲ្យគាត់គ្រប់គ្រងរៀងៗខ្លួន»។
ការចាត់ចែងនេះ លោកបានឲ្យដឹងបន្តថា ប្រពន្ធទី២សព្វថ្ងៃ គាត់ទទួលឋានៈជំនួសប្រពន្ធទី១គឺជាអ្នកគ្រប់គ្រងទូទៅ ប្រពន្ធទី៣ជាអ្នករៀបចំតុបតែងផ្ទះ និងរៀបចំតុបតែងឆាកល្ខោន(អ្នកសម្អាងការល្ខោន) ប្រពន្ធទី៤ ជាគ្រូពេទ្យ មើលថែសុខភាពសមាជិកគ្រួសាររួម ប្រពន្ធទី៥ ក៏ជាពេទ្យដែរ តែខាងពេទ្យសត្វ (មើលថែមាន់ ទា) ប្រពន្ធទី៦ ជាអ្នកមើលការងារផ្ទះបាយ(ផ្គត់ផ្គង់បាយទឹកក្នុងគ្រួសារ) ប្រពន្ធទី៧ ជាអ្នកចិញ្ចឹមត្រី និងដាំបន្លែ(ផ្នែកកសិកម្ម)។ ដោយឡែកប្រពន្ធទី៨ និងទី៩ នាងនៅក្មេង អាយុជាង២០ឆ្នាំមិនទាន់ឲ្យកាន់ការងារទេ គឺទុកឲ្យនាងនៅផ្ទះធម្មតា។
លោក ថាច់ សាំង សូរស័ក្កិ បានសម្តែងអារម្មណ៍ថា៖«ខ្ញុំមានមោទនភាពណាស់កើតមកជាតិនេះ ក្រៅពីមានប្រពន្ធ៩ចេះយល់ចិត្តគ្នា ខ្ញុំក៏បានសម្រេចនូវក្តីបំណងបង្កើតក្រុមល្ខោនបាសាក់ដោយជោគជ័យ ថែមទាំងទទួលបានពានរង្វាន់លើកទឹកចិត្តពីសម្តេចនាយករដ្ឋ មន្ត្រីទៀតផង កាលពីឆ្នាំ២០១១កន្លងទៅនេះ ហើយមិនត្រឹមតែទទួលបានពានមួយផ្នែកទេ សម្តេចក៏បានជ្រាបថាខ្ញុំមានប្រពន្ធច្រើន ហើយចេះអប់រំប្រពន្ធ រស់នៅក្រោមដំបូលផ្ទះតែមួយបានយ៉ាងមានសេចក្តីសុខនោះ លោកក៏ប្រទានពានប្រាក់មួយទៀត ដែលតំណាងឲ្យអ្នកដឹកនាំគ្រួសាររស់នៅយល់ចិត្តគ្នាបានល្អ។
ប្រពន្ធទី២លោក ថាច់ សាំង សូរស័ក្កិ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា៖«ខ្ញុំក៏ដូចជាប្រពន្ធទី៣រហូតទី៩របស់គាត់ដែរ ពោលគឺសុទ្ធតែត្រូវឪពុកម្តាយយកមកថ្វាយគាត់(ប្តី)ដូចគ្នា ដែលមុននោះពួកខ្ញុំម្នាក់ៗមិនដែលមានទំនាក់ទំនងជាមួយគាត់សូម្បី តែមួយម៉ាត់។ ឪពុកម្តាយខ្ញុំប្រាប់ថា ខ្ញុំជំពាក់កម្មពៀរពីជាតិមុនជាមួយគាត់(ប្តី) ហើយជាតិនេះខ្ញុំត្រូវមកសងគាត់ឲ្យអស់»៕
No comments:
Post a Comment
yes