តុលាការ​​សហព័ន្ធ​នៃ​សហរដ្ឋ​អាមេរិក​ប្រចាំ​​ក្រុង​ញ៉ីវយ៉ក​នឹង​បើក​សវនាការ​​ទាក់​ទង​នឹង​វត្ថុ​បុរាណ​ខ្មែរ​ដែល​សារៈ​មន្ទីរ​ Sotheby​បាន​រៀប​ចំ​ដាក់​លក់​ដេញ​ថ្លៃ​ហើយ​​ត្រូវ​អាជ្ញា​ធរ​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​និយាយ​ថា​ត្រូវ​បាន​លួច​ចេញ​ពី​ប្រាសាទ​កោះ​កែ​​របស់​ខ្មែរ។
អង្គ​សវនាការ​នោះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ១២​ខែ​មេសា ​ដោយ​​ផ្អែក​លើ​ពាក្យ​បណ្តឹង​​របស់​រដ្ឋាភិបាល​​​សហរដ្ឋ​អាមេរិក។​ នេះ​បើ​យោង​តាម​ឯកសារ​តុលាការ​ដែល​វីអូអេ​ផ្នែក​ខេមរ​ភាសា​ទទួល​បាន។
​លោក​ចៅក្រម​ George Daniels  ​បាន​បញ្ជា​ថា៖
«បង្គាប់​ឱ្យ​សារៈ​មន្ទីរ​ Sotheby​​ ផ្អាក​ការលក់​ដូរ​ ផ្ទេរ ឬ​យក​ទៅបោះ​ចោល​ ឬ​ក៏​ផ្លាស់​ប្តូរ​ទីតាំង​ចេញ​ពី​កន្លែង​បច្ចុប្បន្ន​ នូវ​ទ្រព្យសម្បត្តិ​ដែល​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ក្នុង​ពាក្យ​បណ្តឹង​ចុះ​ថ្ងៃ​ទី​៤​ខែ​មេសា ឆ្នាំ​២០១២​​ថា​ជា​រូប​ចម្លាក់​ថ្ម​ភក់​​​នា​សតវត្សរ៍​ទី​១០​របស់​កម្ពុជា​​រហូត​ដល់​មាន​ការ​បញ្ជា​ថ្មី​ពី​តុលាការ»។

វត្ថុ​បុរាណ​ដែល​ហៅ​ថា​ជា​ អ្នក​ចម្បាំង​ សម័យ​បុរាណ ​ត្រូវ​បាន​សារ​មន្ទីរ​ Sotheby​ គ្រោង​ដាក់​លក់​ដេញ​ថ្លៃ​កាលពី​ខែ​មិនា​ឆ្នាំ​២០១១​ប៉ុន្តែ​បាន​ដក​ចេញ​វិញ ​នៅ​នាទី​ចុងក្រោយ​បន្ទាប់​ពី ​មាន​ការ​ជំទាស់​យ៉ាង​ខ្លាំង​ពី​អាជ្ញាធរ​កម្ពុជា។​
លោក​ផៃ​ ស៊ីផាន​រដ្ឋ​លេខាធិការ​និង​អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា៖
«បែបបទ​ដែល​កម្ពុជា​មាន​នឹង​ដាក់​បង្ហាញ​ពី​ភស្តុតាង​ដែល​គ្មាន​ទេ​នៅ​ក្នុង​លោក​មាន​តែ​​កម្ពុជា​មួយ​ទេ​ដែល​មាន​វត្ថុ​បុរាណ​នេះ»។
វត្ថុ​បុរាណ​នោះ​​ត្រូវ​គេ​រាយការណ៍​ថា​អាច​មាន​តម្លៃ​​ពី​ពីរ​លាន​ដល់​បី​លាន​ដុល្លារ​។
មន្ត្រី​តុលាការ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​​បាន​បញ្ជាក់​​ប្រាប់​វីអូអេ​ថា​គ្រប់​ភាគី​ពាក់​ព័ន្ធ​នឹង​​ចូល​រួម​ពិភាក្សា​នៅ​សប្តាហ៍​ក្រោយ​នេះ​ថា​តើ​នឹង​ត្រូវសម្រេច​ធ្វើ​យ៉ាង​ណា​ទៀត។
អាជ្ញា​ធរ​​អាមេរិក​ចង់​រឹបអូស​យក​ហើយ​ប្រគល់​ទៅ​ឱ្យ​ប្រទេស​កម្ពុជា​វិញ​តាម​ការ​ទាម​ទារ​​​ប៉ុន្តែ​ក្នុង​សេចក្តី​ថ្លែង​ការពារ​របស់​មេធាវី​នៃ​សារមន្ទីរ​Sotheby​ គឺ​ស្នើ​សុំ​មិន​ឱ្យ​រដ្ឋាភិបាល​​រឹប​អូស​យក​នៅ​ឡើយ​ទេ​។
លោក​មេធាវី​  Peter Neiman​បាន​បញ្ជាក់​ក្នុង​ឯកសារ​របស់​តុលាការ​ថា​ក្រសួង​សន្តិសុខ​ជាតិ​ដែល​មាន​ភារៈកិច្ច​ជា​អ្នក​ត្រូវ​មក​រឹបអូស​យក​គឺ​មាន​​បច្ចេកទេស​តិចតួច​ក្នុង​ការ​ទុក​ដាក់​វត្ថុ​ដ៏ ​មាន​តម្លៃ​មហាសាល​នេះ​ហើយ​វា​កំពុង​ត្រូវ​រក្សា​ទុក​ក្នុង​កន្លែង​ត្រឹមត្រូវ​ហើយ៕