សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, April 18, 2012

គ​.​ជ​.​ប​. រៀបចំ​បោះពុម្ព​សន្លឹកឆ្នោត​ជាង ១០ លាន សន្លឹក សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ ថ្ងៃទី​៣ ខែមិថុនា​


ដោយ: រតនា
ក- ក ក+ | Print

CEN
ភ្នំពេញ: ​គណបក្សនយោបាយ​ចំនួន ១០ បាន​ចុះបញ្ជី ដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៣ ឆ្នាំ​២០១២ នៅ​ថ្ងៃទី​៣​មិថុនា ដែល​នៅ​ទូទាំងប្រទេស មាន​ចំនួន ១.៦៣៣ ឃុំ​សង្កាត់​។ ជាមួយគ្នា​នោះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. កំពុង​រៀបចំ​បោះពុម្ព​សន្លឹកឆ្នោត​ជាង ១០ លាន សន្លឹក សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ថ្ងៃទី​៣ ខែមិថុនា​។​

​លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប​. បាន​មានប្រសាសន៍ថា ការចុះបញ្ជី​បេក្ខជន​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត ដំណើរការ​ចុះឈ្មោះ ត្រូវបាន​បញ្ចប់​ហើយ ហើយ​ការចាប់​ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស​ន​យោ​យ នៅតាម​ឃុំ​សង្កាត់ ក៏​ធ្វើ​ចប់សព្វគ្រប់​ហើយ​ដែរ​។ ក៏ប៉ុន្តែ​នៅមាន​បញ្ហា​មួយចំនួន ទាក់ទង​ទៅនឹង​បេក្ខជន ដែល គ​.​ជ​.​ប​. កំពុង​បញ្ចូល​ទិន្នន័យ នៅ​មជ្ឈមណ្ឌល​កុំព្យូទ័រ​។ 

​លោក បាន​បញ្ជាក់ថា ការបញ្ចូល​ទិន្នន័យ​នោះ រកឃើញ​ឈ្មោះ​អ្នក មិន​គ្រប់​អាយុ ២៥​ឆ្នាំ និង​រកឃើញ​ឈ្មោះ បេក្ខជន ដែល​ឈរឈ្មោះ​លើសពី​ពីរ​ឃុំ​សង្កាត់ ដែល​ឈ្មោះ​ទាំងនោះ តម្រូវ​ឲ្យ​លប់​ចេញពី​បញ្ជី​បេក្ខជន​។​

​លោក ទេព នីថា បានបញ្ជាក់​ទៀតថា បេក្ខជន ដែល​មិន​គ្រប់​អាយុ ២៥​ឆ្នាំ មាន​ចំនួន ៤៨ នាក់ និង​ឈ្មោះ​ស្ទួន មាន ៦០ នាក់ ហើយ​នៅ​ថ្ងៃទី​១៩ ខែមេសា គ​.​ជ​.​ប​. នឹង​ពិនិត្យឡើងវិញ ដើម្បី​លប់​ចេញពី​បញ្ជី​ឈ្មោះ​បេក្ខជន​។​

​លោក ទេព នីថា បាន​ឲ្យ​ដឹង​ទៀតថា បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ នៃ​គណបក្សនយោបាយ​ទាំង​១០ មាន​ចំនួន​ជាង ១១១.០០០ នាក់​។ 

​ជាមួយគ្នា​នោះ លោក ទេព នីថា បាន​បញ្ជាក់ថា គ​.​ជ​.​ប​. បានរៀបចំ​បោះពុម្ព​សន្លឹកឆ្នោត បន្ទាប់ពី​បញ្ចប់​ការចាប់​ឆ្នោត​កំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​តាម​ឃុំ​សង្កាត់​មួយចំនួន កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១២ ដែល​ចំនួន​សន្លឹកឆ្នោត​ទាំងអស់ មាន ១០.៦១៩.៨៥០ សន្លឹក​។ ក្នុងនោះ មាន​សន្លឹកឆ្នោត​គំរូ ៨១.៦៥០ សន្លឹក និង​សន្លឹកឆ្នោត សម្រាប់​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត​មាន​ចំនួន ១០.៥៣៨.២០០ សន្លឹក​។​

​លោក ទេព នីថា បាន​បញ្ជាក់ថា ការបោះពុម្ព​សន្លឹកឆ្នោត គឺធ្វើឡើង​មួយ​ឃុំ​ម្ដងៗ ដែលមាន ១.៦៣៣ ប្រភេទ សន្លឹកឆ្នោត​។ លោក​ពន្យល់ថា មាន​សន្លឹកឆ្នោត​ខ្លះ មានតែ​គណបក្ស​តែមួយ​ទេ ដែល​ឈរឈ្មោះ ហើយ​ឃុំ​ខ្លះទៀត មាន​ពីរ​បី​គណបក្ស ឈរឈ្មោះ រហូតដល់​ច្រើនជាងគេ គឺ ៨ គណបក្សនយោបាយ​។ 

​លោក​បាន​បញ្ជាក់ថា ការបោះពុម្ព​សន្លឹកឆ្នោត សម្រាប់​ឃុំ​សង្កាត់ គឺ​ពុំមាន​សន្លឹកឆ្នោត​បម្រុង​ទុក នៅ​ថ្នាក់​ខេត្ត​ទេ គឺមាន​សន្លឹកឆ្នោត​បម្រុង នៅតាម​ឃុំ​សង្កាត់​នីមួយៗ ហើយ​សន្លឹកឆ្នោត​នៅតាម​ការិយាល័យ​នីមួយៗ អាច​លើសពី​ចំនួន​អ្នកបោះឆ្នោត ពី ៥០ ទៅ ៩៩ សន្លឹក​។ បើ​ក្នុងករណី​កា​រប​ញ្ជូ​ល​សន្លឹកឆ្នោត មានការ​ខូចខាត គឺ​ឃុំ​សង្កាត់​នោះ មិនអាច​បោះឆ្នោត​បានទេ​។​

​លោក ទេព នីថា បាន​ឲ្យ​ដឹង​ទៀតថា គ​.​ជ​.​ប​. នឹង​អញ្ជើញ​មន្ត្រី​តំណាង​គណបក្សនយោបាយ ដែល​បាន​ចុះបញ្ជី និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជា​អ្នកសារព័ត៌មាន ទៅ​ចូលរួម​ពិនិត្យមើល ពី​ដំណើរការ​នៃ​ការបោះពុម្ព​សន្លឹកឆ្នោត​។ ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត មានការ​រៀបចំ​សន្តិសុខ​យ៉ាង​ម៉ត់ចត់ មាន​ទាំង​កម្លាំង​សន្តិសុខ មាន​ទាំង​រថយន្ដ​ពន្លត់អគ្គីភ័យ និង​មានការ​យាមកាម​យ៉ាង​តឹងតែង​។ ក្រោយ​ការបោះពុម្ព​សន្លឹក​ចប់ នឹងធ្វើ​ការ​វេច​ខ្ចប់​ទៅតាម​ឃុំ​សង្កាត់​នីមួយៗ ដោយ​ដាក់​ដោយឡែក​ពីគ្នា នៅពេលដែល​ដឹកជញ្ជូន​ទៅ​រក្សាទុក​នៅ​ឃ្លាំង គ​.​ជ​.​ប​. នឹង​អញ្ជើញ​មន្ត្រី​តំណាង​គណបក្សនយោបាយ ដែល​បាន​ចុះបញ្ជី និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជា​អ្នកសារព័ត៌មាន ទៅ​ចូលរួម​ពិនិត្យមើល​ផងដែរ នៅ​ឃ្លាំង​គីឡូម៉ែត្រ​លេខ​៦​។​

​ជាមួយគ្នា​នោះ គ​.​ជ​.​ប​. បានប្រកាស​ពី​ចំនួន​ឃុំ​សង្កាត់ ដែល​គណបក្សនយោបាយ​ចំនួន ១០ បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់ អាណ​តិ្ត​ទី​៣ នា​ថ្ងៃទី​៣​មិថុនា ឆ្នាំ​២០១២ រួមមាន​៖

​ទី​១-​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​តាម​ឃុំ​សង្កាត់ ចំនួន ១.៦៣៣ នៃ​ទូទាំងប្រទេស គឺ​ស្មើនឹង ១០០ ភាគរយ​។​

​ទី​២-​គណបក្ស​សមរង្ស៊ី បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​តាម​ឃុំ​សង្កាត់ ចំនួន ១.៦១៥ នៃ​ទូទាំងប្រទេស គឺ​ស្មើនឹង ៩៩​ភាគរយ​។​

​ទី​៣-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​តាម​ឃុំ​សង្កាត់ ចំនួន ១.៤១៣ គឺ​ស្មើនឹង ៨៧​ភាគរយ​។​

​ទី​៤-​គណបក្ស​សិទ្ធិមនុស្ស បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​តាម​ឃុំ​សង្កាត់ ចំនួន ១.០២៩ គឺ​ស្មើនឹង ៦៣​ភាគរយ​។ 

​ទី​៥-​គណបក្ស នរោត្តម រណឫទ្ធិ បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​តាម​ឃុំ​សង្កាត់ ចំនួន ១.០៧០ គឺ​ស្មើនឹង ៦៦​ភាគរយ​។​

​ទី​៦-​គណបក្ស​សញ្ជាតិ​កម្ពុជា បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​តាម​ឃុំ​សង្កាត់ ចំនួន ២២៥ គឺ​ស្មើនឹង ១៤​ភាគរយ​។​

​ទី​៧-​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​តាម​ឃុំ​សង្កាត់ ចំនួន ១៦៤ គឺ​ស្មើនឹង ១០​ភាគរយ​។​

​ទី​៨-​គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​តាម​ឃុំ​សង្កាត់ ចំនួន ២៣ គឺ​ស្មើនឹង ១ ភាគរយ​។​

​ទី​៩-​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ តាម​ឃុំ​សង្កាត់ ចំនួន ៩ គឺ​ស្មើនឹង ១ ភាគរយ​។​

​ទី​១០-​គណបក្ស​ចលនា​ប្រជាធិបតេយ្យ បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​តាម​ឃុំ​សង្កាត់ ចំនួន ២ គឺ​ស្មើនឹង ០,១ ភាគរយ​៕​

No comments:

Post a Comment

yes