សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, April 18, 2012

រាជរដ្ឋាភិបាល ដាក់ចេញ​គោលការណ៍ ១០ ចំណុច ដើម្បី​ទប់ស្កាត់​ក្បួន​កូដកម្ម បាតុកម្ម


ដោយ: លីន​ណា
ក- ក ក+ | Print

CEN
ភ្នំពេញ: ​រាជរដ្ឋាភិបាល បានសម្រេច​ឯកភាព តាម​ស្មារតី​អង្គប្រជុំ នា​រសៀល​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១២ ដោយ​ដាក់ចេញ​នូវ​គោលការណ៍ ១០ ចំណុច ដើម្បី​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ខិតខំ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅនឹងកន្លែង កុំ​ឲ្យ​មាន​កម្មករ​កាត់ដេរ ហែ​ក្បួន ចូល​រាជធានី​ភ្នំពេញ​។ 

​គោលការណ៍​ទាំងនោះ រួមមាន​៖

១. ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​ខិតខំ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅតាម​គ្រប់មុខ​សញ្ញា​គ្រប់​ថ្នាក់ ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់ តាម​ផែនការ​ណែនាំ​របស់​គណៈ​កម្ម​ការដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅតាម​គ្រប់​មុខសញ្ញា ដោយ​ខិតខំ​បញ្ចៀស​កុំ​ឲ្យ​មាន​អំពើហិង្សា​។​
​    ​
​បណ្ដា​ខេត្ត​ជុំវិញ​រាជធានី​ភ្នំពេញ កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ព្រៃវែង ត្រូវមាន​វិធានការ​ដោះស្រាយ​រាល់​ករណី​កូដកម្ម បាតុកម្ម​នៅ​មូលដ្ឋាន​ផ្ទាល់ ដាច់ខាត​មិនត្រូវ​ឲ្យ​មានការ​ញុះញង់​ដង្ហែ​ក្បួន​ចូល​រាជធានី​ភ្នំពេញ​។ ទន្ទឹម​នោះ ត្រូវ​ចាត់វិធានការ​ពិនិត្យ​ទប់ស្កាត់​កម្លាំង​ឆ្លង​ពី​ខេត្ត​នានា ប៉ុនប៉ង​ចូលរួម​មក​បង្ក​បាតុកម្ម នៅ​រាជធានី​ភ្នំពេញ​។​
​    ​
​បណ្ដា​ខេត្ត​ផ្សេងទៀត​ត្រូវខិតខំ​ដោះស្រាយ​រាល់​ករណី​បាតុកម្ម កូដកម្ម នៅក្នុង​មូលដ្ឋាន​របស់ខ្លួន និង​ចាត់វិធានការ​អប់រំរ​ដ្ឋ​បាល ទប់ស្កាត់​ការប៉ុនប៉ង​ញុះញង់​បំផុស​បាតុករ ចូលរ​មក​រាជធានី​ភ្នំពេញ​។​

២. រាជធានី​ភ្នំពេញ​ត្រូវ​បង្កើន​កម្លាំង​មធ្យោបាយ​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ចៀស​កូដកម្ម បាតុកម្ម មិនឱ្យ​ចូលមកក្នុង​តំបន់​កណ្ដាល រាជធានី​ភ្នំពេញ ជាពិសេស ស្ថាប័នរដ្ឋ លំនៅដ្ឋាន​របស់​ថ្នាក់ដឹកនាំ កន្លែង​ស្នាក់នៅ​របស់​ភ្ញៀវ​បរទេស និង​កិច្ចប្រជុំ​អន្ដរជាតិ​។​

៣. កម្លាំង​សមត្ថកិច្ច​ជំនាញ អាជ្ញាធរ​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​បង្កើន​សមត្ថភាព​តាមដាន​ស្រាវជ្រាវ​ពត៌មាន​អំពី​ប្រភព​ផែនការ ឬ​ហេតុការណ៍​ដែល​អាច​បង្ក​ជា​កូដកម្ម បាតុកម្ម និង​ផ្ដល់​ពត៌មាន​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ធ្វើការ​ទប់ស្កាត់​ឱ្យមាន​ប្រសិទ្ធភាព ដល់​ប្រភព​ឬ​សគល់​។ 
​អគ្គស្នងការ​នគរបាល​ជាតិ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​រៀបចំ​ពង្រឹងកម្លាំង​ជំនាញ​ប្រឆាំង​បាតុកម្ម ដោយ​បំពាក់​ឧបករណ៍​សម្ភារៈ មធ្យោបាយ​ប្រឆាំង​បាតុកម្ម ការហ្វឹកហ្វឺន​កម្លាំង​ការត្រៀម​ប្រចាំការ​សម្រាប់​អន្តរាគមន៍ តាំងពី​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​រាជធានី​ខេត្ត ឱ្យមាន​សមត្ថភាព​ដោះស្រាយ​រាល់​ករណី​បាតុកម្ម ប្រកបដោយ​ប្រសិទ្ធភាព តាម​ផែនការ​ដែលមាន​ស្រាប់​។​

៤. គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅតាម​គ្រប់មុខ​សញ្ញា​គ្រប់​ថ្នាក់ ត្រូវ​រៀបចំ​ក្រុមការងារ​ដោះស្រាយ​វិវាទ​ដឹកនាំ​ដោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដោយមាន​ពី​ស្ថាប័ន​ជំនាញ កម្លាំង​សមត្ថកិច្ច​នគរបាល កងរាជអាវុធហត្ថ អ្នកច្បាប់ និង​បង្កលក្ខណៈ​ឱ្យមាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​សម្របសម្រួល​ចរចារ​ដោះស្រាយ​កូដកម្ម បាតុកម្ម​។ គណៈបញ្ជាការ​ឯកភាព​គ្រប់​ថ្នាក់​ត្រូវ​រៀប​កម្លាំង ដើម្បី​គាំទ្រ​ក្រុម​ចរចារ​ដោះស្រាយ​វិវាទ​បាតុកម្ម កូដកម្ម​។ មន្ត្រី​ក្រុមការងារ និង​កម្លាំង​សមត្ថកិច្ច​ទាំងអស់ ដែល​ចូលរួម​ប្រតិបត្តិការ​ត្រូវ​ប្រកាន់​ជំហរ​អ​ព្យា​ក្រឹត្យ ចំពោះ​មុខងារ អនុវត្ត​ច្បាប់​ម៉ឺងម៉ាត់ និង​សម្របសម្រួល​តាម​នយោបាយ​ឈ្នះ ឈ្នះ ដើម្បី​បញ្ចប់​វិវាទ​។​

៥. រាល់​ករណី​ដែល​ពាក់ព័ន្ធ​សមត្ថកិច្ច​របស់​ក្រសួង​ស្ថាប័ន​ណា ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នោះ ត្រូវ​ចាត់វិធានការ​ដោះស្រាយ​តាម​សមត្ថកិច្ច​របស់ខ្លួន​។​

៦. គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​គ្រប់​ថ្នាក់ ត្រូវ​បង្កើន​ការអប់រំ ផ្សព្វផ្សាយ ពន្យល់​ហេតុផល និង​វាយបក​ចំពោះ​សកម្មភាព​ញុះញង់​បង្កហេតុ របស់​មេដឹកនាំ​កូដ​ករ បាតុករ តាមរយៈ​ការងារ​ចលនា​មហាជន អង្គការ សហជីព​នានា តាម​ប្រព័ន្ធ​ឃោសនា និង​រូបភាព​ផ្សេងៗ​។ ក្រសួងពត៌មាន ក្រុម​ប្រតិកម្ម​រហ័ស​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវ​ណែនាំ​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋ និង​ឯកជន ទូរទស្សន៍ វិទ្យុ កាសែត ត្រូវ​ជួយ​ផ្សព្វផ្សាយ អប់រំ ទប់ស្កាត់ បង្ហាញ​កលល្បិច​ក្រុម​ជន ដែល​និយម​ការ​ញុះញង់ នៅ​ពីក្រោយ​កូដកម្ម បាតុកម្ម ដើម្បី​ពន្យល់​សារ​ធារ​ណៈ​មតិ​។​

៧. ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រូវ​ពង្រឹង​យន្តការ​កសាង​សមត្ថភាព និង​ស្មារតី​ទទួលខុសត្រូវ​របស់​ម​ន្ត្រី​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ នៅ​ថ្នាក់​ក្រសួង និង​មន្ទីរ​ការងារ និង​បណ្តុះបណ្ដាល​វិជ្ជាជីវៈ រាជធានី ខេត្ត ព្រមទាំង​រាយការណ៍​ជាបន្ទាន់​ជូន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅតាម​គ្រប់មុខ​សញ្ញា​នៅ​គ្រប់​ថ្នាក់​នូវ​កន្លែងកើតហេតុ​ដើម្បី​ជួយ​អន្ដរាគមន៍​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា​។​

៨. ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ចាត់វិធានការ​អន្តរាគមន៍ ចំពោះ​ករណី​រោងចក្រ​បិទទ្វារ ដើម្បី​ការពារ​ផលប្រយោជន៍​ផ្សេងៗ​របស់​កម្មករ​និ​យោ​ជិ​ក និង​ទប់ស្កាត់​បាតុកម្ម​ជាយថាហេតុ​។ ត្រូវ​ពង្រឹង​លេខាធិការដ្ឋាន​អចិន្ដ្រៃយ៍ របស់​គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅតាម​គ្រប់មុខ​សញ្ញា​ស​ម្រា​ប់​អន្តរាគមន៍ និង​សម្របសម្រួល​ក្នុងការ​ដោះស្រាយ​រាល់​ករណី​កូដកម្ម បាតុកម្ម​។​

៩. រៀបចំ​បន្ថែម​សមាសភាព​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅតាម​គ្រប់​មុខសញ្ញា​។ ជំរុញ​បង្កើន និង​ពង្រឹង​គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅតាម​គ្រប់​មុខសញ្ញា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។​

១០. គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅតាម​គ្រប់​មុខសញ្ញា បង្កើត​ក្រុម​អន្តរាគមន៍ សម្រាប់​ដោះស្រាយ​បន្ទាន់​រាល់​ករណី​វិវាទ​ការងារ ដែលមាន​តំណាង​ក្រសួង​ពាក់ព័ន្ធ និង​កម្លាំង​សមត្ថកិច្ច តំណាង​ភាគី​សហជីព និង​តំណាង​ភាគី​និយោជក​។​
​    ​
​គណៈបញ្ជាការ​ឯកភាព​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាន​ភារកិច្ច​ដឹកនាំ​បញ្ជា​គណកម្មការ​ដោះស្រាយ​កូដកម្ម បាតុកម្ម ក្នុងការ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម ដែល​កើតមាន​ក្នុងភូមិ​សាស្ដ្រ​របស់ខ្លួន​។ 
​ក្នុងករណី​បញ្ហា​កូដកម្ម បាតុកម្ម រីក​រាលដាល​ហួស​សមត្ថកិច្ច​របស់ខ្លួន ត្រូវ​រាយការណ៍​មក​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម ថ្នាក់ជាតិ ដើម្បី​រក​វិធានការ​ដោះស្រាយ​។ គណៈកម្មការ សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​ថ្នាក់ជាតិ មាន​ភារកិច្ច​រៀបចំរ​បាយ​ការណ៍ សំណើសុំ​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ជាបន្ទាន់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី​។​

​គោលការណ៍​ទាំង ១០ ចំណុច របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​ខាងលើនេះ បានធ្វើ​ឡើង​តប​នឹង​លិខិត​ស្នើសុំ​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់ និង​វិធានការ​អនុវត្ត​ផែនការ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម ឆ្នាំ​២០១២ របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អ​តី​យុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​។​
 
​គោលការណ៍​ណែនាំ​ខាងលើ ក៏បាន​ធ្វើឡើង មួយថ្ងៃ បន្ទាប់​មាន​ចំណារ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១២​។​

​ជាការ​កត់សម្គាល់ គោលការណ៍​ណែនាំ​ដោះស្រាយ​បញ្ហា​បាតុកម្ម និង​កូដកម្ម របស់​រាជរដ្ឋាភិបាល​ខាងលើនេះ បានធ្វើ​ឡើង ក្រោយពី​មាន​បាតុភាព អសកម្ម ដែល​បង្កឡើង​ដោយ​អាជ្ញាធរ គឺ​អតីត​អភិបាលក្រុង​បាវិត ខេត្តស្វាយរៀង បាន​ដោះស្រាយ​ជម្លោះ​បាតុកម្ម​របស់​កម្មករ​រោងចក្រ​កាត់ដេរ ដោយ​ប្រើប្រាស់​ហិង្សា វាយប្រហារ នាំ​ឲ្យ​ស្ត្រី​កម្មករ ៣ នាក់ រងរបួស​។ មកដល់ពេលនេះ អតីត​អភិបាលក្រុង​បាវិត ត្រូវបាន​ដកតំណែង តែ​មិនទាន់​ផ្តន្ទាទោស​នៅឡើយ​ទេ ទោះបី​មាន​ពាក្យបណ្តឹង​ចូលដល់​តុលាការខេត្ត​ស្វាយរៀង​ក៏ដោយ​៕​

No comments:

Post a Comment

yes