ភ្នំពេញៈ ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម បានអំពាវនាវរកថវិកាប្រមាណជា១ ៥០០ដុល្លារ សម្រាប់ត្រៀមរៀបចំពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន ១ ៩៤៩អង្គ និងរំឭកខួបទី៦៣ឆ្នាំ ថ្ងៃអាណានិគមបារាំងកាត់ទឹកដី ខ្មែរក្រោម ប្រគល់ឲ្យទៅប្រទេសវៀតណាមគ្រប់គ្រង។
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាសមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ី កាលពីម្សិលមិញ បានអំពាវនាវទៅសប្បុរសជនក្នុងនិងក្រៅប្រទេសសុំជួយផ្តល់ថវិកាក្នុងការរៀបចំពិធីរំឭកខួបទី៦៣ឆ្នាំ(៤ មិថុនា ១៩៤៩ - ៤ មិថុនា ២០១២) ថ្ងៃប្រវត្តិសាស្រ្តឈឺចាប់របស់ពលរដ្ឋខ្មែរដែលត្រូវអាណានិគមបារាំង កាត់ទឹកដីខ្មែរឲ្យទៅប្រទេសវៀតណាម។
ពិធីរំឭកខួបនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ដោយនិមន្តព្រះសង្ឃចំនួន១ ៩៤៩ អង្គ រាប់បាត្រដូចប្រារព្ធធ្វើរាល់ឆ្នាំនោះដែរ ដើម្បីឧទ្ទិសកុសល បង្សុកូលដល់វិរជនខ្មែរក្រោមដែលបានពលីជីវិត ដើម្បីការពារទឹកដី សាសនា វប្បធម៌ ទំនៀមទម្លាប់ និងអក្សរសាស្រ្តជាតិ ។
លោក ថាច់ សេដ្ឋា បានថ្លែងថា ៖ «យើងត្រូវការប្រាក់១ ២០០ទៅ១៥០០ដុល្លាររាល់ឆ្នាំសម្រាប់ធ្វើចង្ហាន់និងរៀបចំកម្មវិធី តែឆ្នាំនេះយើងនៅមិនទាន់មានថវិកាសម្រាប់កម្មវិធីខួបនៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះទេ»។
លោក ថាច់ សេដ្ឋា ថ្លែងថា នៅមិនទាន់កំណត់ទីតាំងច្បាស់លាស់សម្រាប់ការរៀបចំពិធីរំឭកខួប៦៣ឆ្នាំ នៃការបាត់បង់ទឹកដីខ្មែរក្រោមនេះនៅឡើយទេ ខណៈដែលសហគមន៍ខ្មែរកម្ពុជាក្រោមក៏មិនទាន់ដាក់លិខិតសុំការអនុញ្ញាតពីសាលារាជធានីភ្នំពេញ។ ប៉ុន្តែរាល់ឆ្នាំ ពិធីរំឭកនេះធ្វើនៅត្រឹមតែស្នាក់ការសហគមន៍ខ្មែរក្រោមឬតាមទីវត្តអារ៉ាមប៉ុណ្ណោះ ដោយអាជ្ញាធរហាមដាច់ខាតមិនឲ្យដើរជាក្បួនឬធ្វើនៅទីលានសាធារណៈនោះទេ។
យោងទៅតាមឯកសារប្រវត្តិសាស្រ្ត ទឹកដីខ្មែរកម្ពុជាក្រោមមានផ្ទៃទំហំ ៦៨ ៩៦៥ គីឡូម៉ែត្រក្រឡា មាន២១ខេត្ត-ក្រុង ដែលមានប្រជាជនខ្មែរជាង១២លាននាក់ និងមានវត្តព្រះពុទ្ធសាសនាខ្មែរជាង ៥៦៧ វត្ត ត្រូវអាណានិគមបារំាងកាត់ឲ្យទៅវៀតណាមនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ តាំងពីពេលនោះមកខ្មែរក្រោមត្រូវអាជ្ញាធរវៀតណាម តែងធ្វើទុក្ខបុកម្នេញ បំបិទសិទ្ធិខាងសាសនា ទំនៀមទម្លាប់ រឹបអូសដីធ្លី រហូតមានកាប់សម្លាប់ ដុតសម្លាប់ទាំងរស់ ចាប់ផ្សឹកព្រះសង្ឃខ្មែរ ហាមមិនឲ្យបួសជាសង្ឃ និងរៀនអក្សរខ្មែរ ជាដើម៕
No comments:
Post a Comment
yes