ក្រុងប៉េកាំង: ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានរាយការណ៍ពីថ្ងៃពុធថា លោកនាយករដ្ឋមន្ត្រីចិន វេន ជាប៉ាវ និងសមភាគីថៃ លោក ស្រី យីងឡាក់ ស៊ីណាវ៉ាត្រាកាលពីថ្ងៃអង្គារបានយល់ព្រមបង្កើនទំនាក់ទំនងទ្វេភាគី ទៅជា«ភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រទូលំទូលាយ»មួយ ។
ក្នុងជំនួបនៅមហាសាល ប្រជាជន លោក វេន បានប្រាប់លោកស្រី យីងឡាក់ថា៖«បង្កើតភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាង ចិននិងថៃគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ភាគីទាំងពីរ និងការអភិវឌ្ឍសន្ដិភាពនៅតំបន់អាស៊ីខាងកើត»។
លោក វេន បានបន្ថែមថា៖ «ចិនសង្ឃឹមថា នឹងលើកកម្ពស់ទំនាក់ទំនងយុទ្ធសាស្ត្រជាមួយនឹងថៃរួមគ្នាប្រឈម គ្រប់ឧបសគ្គ និងលើកស្ទួយកិច្ចសហប្រតិបតិ្តការនៅក្នុងតំបន់ផ្សេងៗជាច្រើន»។
លោកស្រី យីងឡាក់ ដែលកំពុងបំពេញទស្សនកិច្ចនៅចិន ជាគ្រាដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីថៃ បានថ្លែងថា ការបង្កើតភាពជាដៃគូនេះ ផ្ដល់ផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ»។
លោកស្រីបានប្ដេជ្ញាសម្របសម្រួលសហប្រតិបត្តិការឲ្យកាន់តែរឹងមាំជាមួយចិនលើគ្រប់វិស័យ ដោយបន្ថែមថា ប្រទេសលោកស្រីនឹងដើរតួនាទីវិជ្ជមាននៅក្នុងការជុំរុញសហប្រតិបត្តិការអាស៊ាន-ចិន និងរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។
នាយករដ្ឋមន្ត្រីចិនក៏បានស្នើឲ្យពង្រីកពាណិជ្ជកម្មទ្វេភាគីរហូត ដល់ចំនួន១០០ពាន់លានដុល្លារជារៀងរាល់ឆ្នាំនៅមុនឆ្នាំ២០១៥ និងកែលម្អកិច្ចសហការនៅមហាសមុទ្រ ទូរគមនាគមន៍ បច្ចេកវិទ្យា ថាមពល និងកសិកម្ម។
លោក វេន បានសន្យាបន្តការគាំទ្រចំពោះប្រទេសថៃនៅក្នុងការកសាងឡើង វិញក្រោយពីមហន្តរាយ និងការស្តុកទឹកទុកក្រោយពីមានទឹកជំនន់បំផ្លិចបំផ្លាយពីឆ្នាំមុន ដែលជាជំនន់ដ៏អាក្រក់បំផុតវាយប្រហារថៃ ជិត៥០ឆ្នាំនេះ។
នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានព្រមព្រៀងបង្កើនការយាមល្បាតរួមគ្នារវាងចិន ឡាវ មីយ៉ាន់ម៉ា និងថៃនៅតាមបណ្ដោយទន្លេមេគង្គ និងរួមគ្នាការពារសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង៕
No comments:
Post a Comment
yes