សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, April 20, 2012

បក្ស​ប្រឆាំង​គ្រោង​ស្នើ​រដ្ឋាភិបាល​លុប​គម្រោង​វារីអគ្គិសនី​ស្ទឹង​អារ៉ែង


120420_03
ប្រជាពលរដ្ឋ​កំពុង​នេសាទ​ត្រី នៅ​តាម​ដង​ស្ទឹង​អារ៉ែង ក្នុង​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ចន្ទ​។ រូបថត សហការី
ភ្នំពេញៈ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង គ្រោង​ស្នើ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​ផែនការ​ស្ថាបនា​គម្រោង​ទំនប់​វារី អគ្គិសនី​របស់​ក្រុមហ៊ុន​ចិន​មួយ​នៅ​តាម​ដង​ស្ទឹងអារ៉ែង ក្នុង​ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង ក្រោយ​ពេល​បាន​បញ្ចប់​ការ​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​ពាក្យ​បណ្តឹង​របស់​ សហគមន៍​មូលដ្ឋាន​ដែល​ព្រួយ​បារម្ភ​អំពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ខុស ​ច្បាប់​នៅ​ក្នុង​តំបន់​នោះ​កាល​ពី​ឆ្នាំ​ទៅ។
លោក សុន ឆ័យ អ្នក​តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​របស់​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ថា ក្រុម​លោក​ដែល​មាន​គ្នា ៥ នាក់​បាន​ចុះ​ទៅ​ពិនិត្យ​មើល​តំបន់​នៅ​ក្នុង​ស្រុក​ថ្ម​បាំង​នោះ​ពី​ថ្ងៃ​ទី ១៦ ដល់ ១៨ ខែ​មេសា ដើម្បី​ស្រាវជ្រាវ​មើល​ស្ថានភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់ ហើយ​ក៏​ដើម្បី​វាយ​តម្លៃ​ពី​ផល​ប៉ះ​ពាល់​បរិស្ថាន​ទៅ​លើ​តំបន់​ដែល​គ្រោង សាងសង់​ទំនប់​វារី​អគ្គិសនី​ដែល​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ថាមពល​របស់​រដ្ឋ​ចិន​មួយ​ឈ្មោះ Guodian Corporation ដើម្បី​ធ្វើ​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី និង​ថា គម្រោង​នេះ​បណ្តាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​អ្នក​ភូមិ​ជា​ច្រើន​នៅ​ក្នុង​ ឃុំ​ចំនួន ៣ ក្នុង​ស្រុក​ថ្ម​បាំង​មាន​ជា​អាទិ៍​ឃុំ​ប្រឡាយ ជំណាប់ និង​ថ្ម​ដូន​ពៅ។
លោក​ថា៖ «ខ្ញុំ​នឹង​បង្ហាញ ឯកសារ​ថា ខ្ញុំ​បាន​សម្ភាស​អ្នក​ភូមិ​ដោយ​បាន​ថត​វីដេអូ ដាក់​ទៅ​ដល់​សមាជិក​សភា​ទាំង​អស់​ឲ្យ​បាន​ដឹង​អំពី​បញ្ហា​នោះ​ ដែល​ប៉ះពាល់​ទៅ​ដល់​សហគមន៍​មូលដ្ឋាន និង​ស្នើ​ទៅ​ដល់​រដ្ឋាភិបាល​ឲ្យ​លុប​ចោល​គម្រោង​ទំនប់​វារី​អគ្គិសនី​នោះ​ ភ្លាម»។ លោក​បាន​បន្ត​ថា លោក​ក៏​គ្រោង​នឹង​ជួប​ជាមួយ​ឯក​អគ្គ​រដ្ឋទូតចិន នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ឲ្យ​ពួក​គេ​ដឹង​អំពី​សំណើ​របស់​សហគមន៍​មូលដ្ឋាន និង​បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​។
លោក​បាន​គូស​បញ្ជាក់​បន្ត​ថា៖​«បើ​រដ្ឋាភិបាល ​អភិរក្ស​តំបន់​នោះ​ឲ្យ​ក្លាយ​ជា​តំបន់​អេកូ​ទេសចរណ៍​ប្រសើរ​ជាង​ផ្តល់​ឲ្យ​ ក្រុមហ៊ុន​ចិន​សាង​សង់​ទំនប់​វារី​អគ្គិសនី​ ដែល​ទទួល​បាន​កម្លាំង​តែ​១០០ មេហ្គាវ៉ាត់ ព្រោះ​កាល​ពី​ពេល​ថ្មីៗ​នេះ ទេសចរ​ចាប់​ផ្តើម​ចាប់​អារម្មណ៍​នឹង​កន្លែង​នោះ​ហើយ»។
លោក​បាន​បន្ត​ទៀត​ថា ប្រជាជន​ភាគ​ច្រើន​ដែល​នឹង​ជួប​នូវ​ផល​ប៉ះ​ពាល់​ គឺ​ជន​ជាតិ​ដើម​ភាគ​តិច​ច្រឹង​ ដែល​មាន​ប្រមាណ ១៥០០​នាក់ កំពុង​រស់​នៅ​ដោយ​សុខដុមរមនា ជាមួយ​ធម្មជាតិ​តាម​រយៈ​ការ​ធ្វើ​កសិកម្ម និង​នេសាទ​ពី​ស្ទឹង ហើយ​ពួក​គេ​មាន​កំហឹង និង​មិន​ឯកភាព​ដាច់​ខាត​ចំពោះ​គម្រោង​ទំនប់​វារី​អគ្គិសនី​ដោយ​រួម​ទាំង​មេ​ភូមិ​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ ប៉ុន្តែ​ពួក​គេ​ពុំ​មាន​បំណង​តវ៉ា​ជា​សាធារណៈ​ទេ ​ដោយ​បារម្ភ​ខ្លាច​ប្រឈម​មុខ​នឹង​ការ​ប្រើ​កម្លាំង​បាយ​ពី​សំណាក់​អាជ្ញាធរ។
លោក​ សុន ឆ័យ បាន​បន្ត​ទៀត​ថា៖​«ក្នុង​ពេល​យើង​ចុះ​ទៅ​ពិនិត្យ យើង​បាន​រក​ឃើញ​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តែ​បន្ត​មាន ហើយ​ឈើ​ប្រណីត​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ឈ្មួញ​ ដែល​ពាក់​ព័ន្ធ​នឹង​មន្ត្រី​យោធា និង​មន្ត្រី​ព្រៃ​ឈើ​មូលដ្ឋាន»។ លោក​បាន​បន្ថែម​ថា ​វា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ដែល​សត្វ​កម្រ​មួយ​ចំនួន និង​ត្រី​នៅ​មាន ​ដូចជា ដំរី ក្រពើ ​ខ្លាដំបង ខ្លា សត្វ​ផ្សោត និង​ប្រភេទ​សត្វ និង​ត្រី​រាប់​រយ​ទៀត ​ដូចជា ត្រី​នាគ ជាដើម​។ វា​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ដែល​សម្បូរ​ជីវចម្រុះ​បំផុត​ក្នុង​ អាស៊ី។
យ៉ាង​ណា​ក៏​ដោយ លោក ជាម យៀប តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា​ លោក​អរគុណ​លោក ស៊ុន ឆ័យ ដែល​បាន​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​តំបន់​នោះ ប៉ុន្តែ​មុន​ពេល​រដ្ឋាភិបាល ផ្តល់​សិទ្ធិ​ទៅ​ឲ្យ​ក្រុមហ៊ុន ​ពួក​គេ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ច្បាស់​លាស់​រួច​ហើយ​។ លោក​បន្ត​ថា​៖ «អ្វី​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុម​ហ៊ុន មិន​អាច​ដក​វិញ​ទេ ​ប៉ុន្តែ​រដ្ឋាភិបាល​នឹង​ពិនិត្យ​ទៅ​លើ​របាយការណ៍​ផ្ទាល់​ខ្លួន​នោះ។ មិន​មែន​តែ​លោក ស៊ុន ឆ័យ ទេ ដែល​ស្រឡាញ់​ជាតិ ​យើង​ទាំងអស់​គ្នា​ក៏​ស្រឡាញ់​ជាតិ​ដែរ ​ដូច្នេះ​យើង​នឹង​ឈ្នះ​ឆ្នោត​»។
លោក​បន្ថែម​ថា ​មូលហេតុ​ដែល​ក្រុមហ៊ុន​ចិន មក​ធ្វើ​ការ​អភិវឌ្ឍ​លើ​ទំនប់​វារីអគ្គិសនី ជាច្រើន​កន្លែង​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ដោយ​សារ​ក្រុមហ៊ុន​ដទៃ​មិន​ចង់​វិនិយោគ​លើ​គម្រោង​នោះ​ ពីព្រោះ​វា​ទទួល​បាន​ប្រាក់​ចំណេញ​តិច និង​ត្រូវ​ការ​ពេលវេលា​យូរ។
លោក ស៊ុយ សែម រដ្ឋ​មន្រ្តី ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល មិន​អាច​ទាក់ទង​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។
លោក ឯក​ ថា អ្នក​នាំ​ពាក្យ​ម្នាក់​នៅ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្មរហ័ស​នៃ ទីស្តីការ​គណៈរដ្ឋ​មន្រ្តី បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ​។ ចំណែក​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី មិនអាច​ទាក់ទង​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិល​មិញ​៕ 

ភ្នំពេញបុស្តិ៏

No comments:

Post a Comment

yes