ដោយ សឺង មាលា l សារព័ត៌មាន ព្រៃនគរ
ខណៈដែលវៀតណាមជាញឹកញាប់ត្រូវបានអង្គការក្រៅរដ្ឋាភិបាលខ្មែរក្រោមនៅកម្ពុជា និងនៅក្រៅប្រទេសថ្កោល ទោស ពីនយោបាយកណ្ដាប់ដៃដែករបស់បក្សកុម្មុយនិស្តមួយនេះថា តែងតែគាបសង្កត់ និងជិះជាន់លើសិទ្ធិ សេរីភាពរបស់ពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោម កម្មាភិបាលបក្សកុម្មុយនិស្តវៀតណាម មួយរូបបានអះអាង ខណៈមន្ត្រីកម្ពុជាទៅបំពេញទស្សនកិច្ចនៅវៀតណាមថា ពលរដ្ឋខ្មែរក្រោម នៅវៀតណាម ត្រូវបានបក្សកុម្មុយនិស្ត លើកកម្ពស់ ឲ្យចូលជាបក្ខជននៃរបប កុម្មុយនិស្តវៀតណាម ។
លេខាបក្សកុម្មុយនិស្តវៀតណាម អះអាងថា ប្រជាជនខ្មែរក្រោម ដែលសព្វថ្ងៃមានសញ្ជាតិវៀត ណាម ហើយបានក្លាយជាជនជាតិភាគតិច នៅវៀតមណាម ត្រូវបានបក្សជ្រើសរើសបញ្ចូលជា បក្ខជន មានតំណែងតួនាទី និងកាន់ការក្នុងបក្ស និងមូលដ្ឋានគ្រប់មន្ទីរអង្គភាព ។ ឯកុមារ និង យុវជនខ្មែរក្រោម ក៏ត្រូវលើកកម្ពស់អភិវឌ្ឍន៍ជាធនធានមនុស្សល្អ ចេះដឹង តាមរយៈការបំប៉ន ជីវភាព សុខភាព ឲ្យរៀនសូត្រ និងមានអគារអន្តេវាសិកដ្ឋាន ស្នាក់នៅតាំងពីរៀនថ្នាក់ទី ៨ ដល់ ទី ១២ សាលាចំណេះទូទៅ និងបានប្រឡងជាប់រៀននៅមហាវិទ្យាល័យ មានជំនាញនានា ។
ទាំងនេះជាការអះអាងរបស់អ្នកស្រី ដាំង ធី ង៉ុក ធិញ សមាជិកមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាលេខាបក្ស ខេត្តវិញឡុង នៅទីស្នាក់ការបក្សខេត្តវិញឡុង ប្រទេសវៀតណាម ខណៈជួប ប្រតិភូជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា-ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុង អឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្ត កាលពី ថ្ងៃទី ២៣ មេសា ឆ្នាំ ២០១២ ។
អ្នកស្រី ធិញ និយាយបន្តថា ជនជាតិខ្មែរក្រោមជិត ៣ % នៅខេត្ត [លង់ហោរ ] នេះ ត្រូវបានបក្ស និងរដ្ឋ ជួយលើកកម្ពស់ជីវភាពផុតពីភាពក្រីក្រ ៣៦ % ក្នុង ២ ឆ្នាំចុងក្រោយនេះ ។
លេខាបក្សខេត្តរូបនេះ និយាយពីគោលនយោបាយបក្សថា ជនជាតិខ្មែរ ដែលមានគុណសម្បត្តិ គុណបំណាច់ក្នុងបដិវត្ត ត្រូវបានលើកទឹកចិត្ត ។ ជនជាតិខ្មែរ ក៏ចេះសម្របសម្រួលរស់នៅធើ្វការ ជាមួយជនជាតិវៀតណាម និងជនជាតិដទៃទៀត ហើយចេះសាមគ្គីភាពទំនាក់ទំនងល្អ ។
ក្នុងឱកាសនោះ លោក អ៊ុង អឿន ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងជា អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា គណបក្សខិតខំបន្តធើ្វល្អ និងដើម្បីសេចក្តីចម្រើន របស់ពលរដ្ឋ ទើបពលរដ្ឋគ្រាំទ្របោះឆ្នោតជូនរហូតមក។
លោកនិយាយ ដូច្នេះ ឆ្លើយតបនឹងលេខាបក្សកុម្មុយនីស្តវៀតណាមខេត្តវិញឡុង ដែលថា បក្សបាន ធើ្វគំរូល្អ ទើបប្រជាជនស្រឡាញ់ និងជំហរគាំទ្រ ។ កម្មាភិបាលវៀតណាមអះអាងពីការចាត់តាំង កម្មាភិបាលបក្ស និងរដ្ឋសួរសុខទុក្ខជនជាតិភាគតិចខ្មែរ ក្មុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងពិធី ប្រពៃណីនានា ។ ប៉ុន្តែគេពុំឃើញលេខាបក្សខេត្តរូបនេះ អះអាងពីការបន្ធូរបន្ថយសេរីភាពនានា ដល់ពលរដ្ឋខ្មែរក្រោមនោះទេ ។
នៅក្នុងកិច្ចប្រជុំលើកទី ៨០ នៃគណៈកម្មការលុបបំបាត់ការរើសអើងពូជសាសន៍ (CERD) នៃអង្គការសហប្រជា ជាតិ កាលពីចុងខែកុម្ភៈ និង ដើមខែមីនា កន្លងទៅនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម(KKF) ដែលមានទីស្នាក់ការ នៅសហរដ្ឋអាមេរិក និងអង្គការប្រជាជាតិគ្មានតំណាង (UNPO) បានជូនរបាយការណ៍ដល់គណៈកម្មការ CERD ថា ពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោម ត្រូវបានអាជ្ញាធរវៀតណាមរំលោភសិទ្ធិ និងរើសអើងពូជសាសន៍យ៉ាង ធ្ងន់ធ្ងរ ។ នៅក្នុងរបាយការណ៍នេះ សហព័ន្ធខ្មែរកម្ពុជាក្រោមបានរាយការណ៍ថា កុមារខ្មែរក្រោម មិនមាន ឱកាសសិក្សាភាសាខ្មែរ និងត្រូវបានអាជ្ញាធរបង្ខំ ឲ្យច្រៀងបទចម្រៀងសរសើររដ្ឋាភិបាល ការចាប់ព្រះសង្ឃខ្មែរ ក្រោម ផ្សឹករួចដាក់គុកទាំងទទឹងទិស ការចាប់ លោក ចៅ ហេន ដាក់ពន្ធនាគារ ដោយគ្រាន់តែគាត់តវ៉ាយកដី កេរដូនតាមកវិញ និង ការព្យាយាមកាឡៃពូជសាសន៍ខ្មែរក្រោម ឲ្យក្លាយជាយួនជាដើម ។
ទស្សនាវដ្ដីដ៏មានប្រជាប្រីយ៍ឈ្មោះ Foreign Policy នៅថ្ងៃទី ១៧ ខែមេសា ទើបបានចេញផ្សាយអត្ថបទមួយ ដោយអ្នកកាសែត Dustin Roasa បានសរសេរផ្តោតលើប្រទេសវៀតណាមថាបច្ចុប្បន្ន វៀតណាមបានក្លាយ ជាប្រទេស ដែលព្រៃផ្សៃបំផុតនៅអាស៊ីអាគ្នេយ៍ ? ឬ The Terrible Tiger (សត្វខ្លាគួរឲ្យខ្លាច) ដែលនិយាយ អំពីអំពើផ្ដាច់ការរបស់បក្សកុម្មុយនិស្តវៀតណាម លើពលរដ្ឋរបស់ខ្លួន ក្នុងនោះមានការចាប់ខ្លួននិងធ្វើទុក្ខបុកម្នេញ ដល់អ្នកបញ្ចេញមតិជាដើម ។
នៅថ្ងៃទី ២៥ ខែមេសា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បាន ចេញសេចក្ដីថ្លែងការណ៍មួយជម្រុញ ឲ្យប្រទេសអូស្រ្តាលី ដាក់សម្ពាធវៀតណាម ឲ្យដោះលែងអ្នកទោសនយោបាយ និង គោរពសិទ្ធិពលរដ្ឋ ក្នុងនោះ មានសិទ្ធិនៃការបញ្ចេញមតិ សិទ្ធិនៃការជួបជុំគ្នា និង សិទ្ធិជំនឿសាសនា ជាដើម ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ចេញសេចក្ដីថ្លែងការណ៍នេះ ព្រោះអូស្រ្តាលី និង វៀតណាមនឹងសន្ទនាគ្នាជុំវិញបញ្ហាសិទ្ធិមនុស្ស ដែលប្រព្រឹត្តទៅ នៅទីក្រុងហាណូយចាប់ពីថ្ងៃទី ២៦ ដល់ ២៧ ខែមេសា នេះ ៕
No comments:
Post a Comment
yes