ក្រោយចូលប្រឡូកក្នុងវិស័យសិល្បៈបានប៉ុន្មានឆ្នាំ និងមានកិត្តិយសកេរ្តិ៍ឈ្មោះខ្លាំងគួរសមនោះនាយ ក្រិន ក៏បានផ្សារភ្ជាប់ចំណងស្នេហ៍ជាមួយនារីអ្នកអ៊ុតសក់ម្នាក់នៅខេត្ត ព្រះសីហនុ ឈ្មោះ ហ៊ិន ចាន់ធឿន ហៅ សុវណ្ណារ៉ា ហើយពួកគេក៏បានសម្រេចចិត្តចូលរោងការគួរឲ្យភ្ញាក់ផ្អើលជាផ្លូវ ការកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ក្រោមការជួយឧបត្ថម្ភរបស់នាយកុយ ប្រធានក្រុមកំប្លែងជាឪពុកធម៌។
នាយក្រិនបាននិយាយនៅពេលនោះថា រូបគេសប្បាយចិត្តណាស់ដែលបានប្រពន្ធស្អាតបែបនេះ ហើយនាង ហ៊ិន ចាន់ធឿន ហៅ សុវណ្ណារ៉ា ក៏បានប្រាប់ឲ្យដឹងកាលពីពេលរៀបការនោះដែរថា នាងស្រឡាញ់នាយក្រិន ទោះបីជាប្តីរបស់នាងមានរូបរាងមិនត្រូវតាមក្រឹត្យក្រមខ្នាត មនុស្សធម្មតាក៏ដោយ។
ទោះបីជានាយក្រិនមានរូបរាងតូចល្អិតល្អោច និងត្រូវបានគេគិតថា មិនអាចមានកូនក្តី ប៉ុន្តែមិនបានប៉ុន្មានផង ប្រពន្ធនាយក្រិនបានដើរសម្លឹងចុងអម្ពិលស្រក់ទឹកមាត់ច្រោកៗ។ នាយក្រិនក៏បានក្លាយជាឪពុកដែលមានមាឌតូចជាងកូនរបស់ខ្លួន នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១០ ដោយកូនប្រុសម្នាក់នោះ បានដាក់ឈ្មោះថា សុជុន ចាន់វីរៈ ។
ចាប់តាំងពីទទួលបានចំណងដៃអាពាហ៍ពិពាហ៍នូវកូនប្រុសម្នាក់នោះមក គួរណាស់តែគ្រួសារតារាកំប្លែងមួយនេះមានសុភមង្គល ប៉ុន្តែផ្ទុយទៅវិញបែរជាភាពរកាំរកូសនៅក្នុងគ្រួសារតារាកំប្លែង ទាបតូចល្អិតម្នាក់នេះបានផ្ទុះឡើងទៅវិញ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺស្ងាត់ៗ នាយក្រិន បានដាក់ពាក្យបណ្តឹងសុំលែងលះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១១ ដើម្បីសុំផ្តាច់ចំណងស្នេហ៍ជាមួយប្រពន្ធរបស់ខ្លួនគឺនាង ហ៊ិន ចាន់ធឿន ។ មូលហេតុនៃការសុំចែកផ្លូវនេះ ត្រូវបាននាយក្រិននិយាយប្រាប់ពីមូលហេតុយ៉ាងខ្លីថា បណ្តាលមកពីការរស់នៅជាមួយគ្នាមិនចុះសម្រុងនឹងគ្នា។
ការមានះសុំចែកផ្លូវម្តងជាពីរដងរបស់នាយ ក្រិន បានស្ងប់ស្ងាត់ទៅវិញនៅពេលដែលចំណងស្នេហ៍ក្រោមដំបូលអាពាហ៍ពិពាហ៍ មួយនេះ ទទួលបានការអន្តរាគមន៍ពីលោកជំទាវធំ ប៊ុន រ៉ានី ហ៊ុន សែន។ ប៉ុន្តែភាពស្ងប់ស្ងាត់នេះមិនមែនមានន័យថា នាយក្រិន បានសាងភាពផ្អែមល្ហែមនឹងភរិយាវិញនោះទេ។ ទីបំផុត នាយក្រិន បានលែងលះជាមួយភរិយាជាផ្លូវការនៅខេត្តព្រះសីហនុ ហើយព្យាយាមលាក់បាំងរឿងនេះមិនឲ្យបែកខ្ចរខ្ចាយឡើយ ទើបតែនៅពេលនេះដែលការផ្តាច់សង្វាសក្នុងនាមជាប្តីប្រពន្ធស្រប ច្បាប់របស់តារាកំប្លែងរូបនេះត្រូវបានលើកយកមកបង្ហើបឲ្យដឹងដោយ តារាកំប្លែងល្បីឈ្មោះនាយ កុយ ។
លោក ជួង ជី ហៅនាយកុយ បានមានប្រសាសន៍ថា៖«បើនិយាយទៅ ខ្ញុំមិនបានដឹងច្បាស់១០០ភាគរយពីការលែងលះរបស់គេទេ តែវា(នាយក្រិន) បានប្រាប់ខ្ញុំថា វាបានលែងលះគ្នាជាមួយប្រពន្ធវាហ្នឹងចប់ហើយ ដោយមានស៊ីញ៉េទទួលស្គាល់ពីមេភូមិឃុំនៅព្រះសីហនុហ្នឹង។
វាបានប្រាប់ថា ប្រពន្ធវាយកកូន និងឡាន(ម៉ាកកូរ៉ូឡា) រីឯវាបានទទួលឆាកតន្ត្រីមួយកំប្លេ។ អ្វីច្រើនជាងនេះ ខ្ញុំមិនបានដឹងទេ ព្រោះជារឿងផ្ទៃក្នុងគ្រួសារគេ»។
ពាក់ព័ន្ធការលែងលះនេះ តារាកំប្លែងជើងចាស់លោក ជួង ជី ហៅនាយ កុយ បានឲ្យដឹងថា បញ្ហាចម្បងនៃការសម្រេចចិត្តលែងលះគ្នានេះមិនដឹងបណ្តាលមកពី អ្វីឲ្យប្រាកដនោះទេ ហើយរឿងអ្នកណាខុសអ្នកណាត្រូវនោះក៏លោកមិនហ៊ានអារកាត់នោះដែរ តែលោកគិតថា ភាគីទាំងសងខាងសុទ្ធតែមានកំហុស។
លោកបានប្រាប់ថា៖«ខ្ញុំមិនចោទថា ខាងប្រុស ឬខាងស្រីខុសនោះទេ ទាំងសងខាងសុទ្ធតែមានកំហុសរៀងៗខ្លួនទេ...វាហៅយើងប៉ាៗមែន តែរឿងគ្រួសារវាខ្ញុំមិនដឹងទេ»។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចធ្វើការទាក់ទងសម្ភាសជាមួយនាយ ក្រិន បានទេ ដោយសារតែតារាកំប្លែងរូបនេះ បានចាកចេញទៅសម្តែងនៅកម្ពុជាក្រោមជាមួយតារាចម្រៀង ណយ វ៉ាន់ណេត អស់រយៈពេល២ខែហើយ ហើយក៏មិនដឹងថានឹងត្រឡប់មកវិញនៅពេលណាឲ្យប្រាកដដែរ។
ដោយឡែកនាង ហ៊ិន ចាន់ធឿន ហៅ សុវណ្ណារ៉ា និងសាច់ញាតិក៏មិនអាចទាក់ទងបានដែរកាលពីម្សិលមិញ៕
No comments:
Post a Comment
yes