ភ្នំពេញ: ថ្លែងក្នុងពិធីអបអរសំណេះសំណាល ស្ដីពី តួនាទី ភារកិច្ច ក្រមសីលធម៌អាចារ្យ អាចារិនី ក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរ កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍សង្កត់ធ្ងន់ថា “ភាសាខ្មែរថា ដេញទាន់! កុំជាន់កែង! ប៉ុន្តែបើមិនជាន់មិនរាង!. ឧទាហរណ៍ ខ្ញុំមិនព្រមធ្វើស្ដេចទេ ទុកឲ្យប្អូនធ្វើ. ភាសាហ្នឹង ឮយូរហើយ. ផ្ដាំទៅវិញក៏យូរដែរ តែមិនព្រមរាង ហើយហ៊ាននិយាយតទៅទៀត. ខ្ញុំនឹងឡើងទូរទស្សន៍ ដាក់យកតែម្ដង”។
នេះជាប្រតិកម្មរបស់សម្ដេចនាយករដ្ឋមន្ត្រី និងផ្ញើសារនយោបាយជាចំហម្ដងទៀត សំដៅទៅកាន់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលបច្ចុប្បន្នជាប្រធានគណបក្ស នរោត្តម រណឫទ្ធិ ដែលតែងតែឆ្លៀត មានព្រះបន្ទូលដូច្នេះ ទៅធ្វើការឃោសនារកសំឡេងគាំទ្រសន្លឹកឆ្នោត នៅតាមមូលដ្ឋាន ជាពិសេសសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ។
សម្ដេច ហ៊ុន សែន បានថ្លែងខ្លាំងៗបន្តថា “នេះជាការប្រមាថព្រះមហាក្សត្រ ដែលមហាក្សត្រទាំងអស់គ្នា ហើយកុំនិយាយតទៅទៀត គណបក្សរាជានិយមមកចាញ់គណបក្សរាស្ដ្រ តែអាម៉ាស់ទេ។ អ៊ីចឹង ចាត់ទុករាជានិយមជារបស់ផ្ទាល់ ជារបស់គណបក្សមួយឬយ៉ាងម៉េច? នេះជាការជម្រះការមន្ទិលសង្ស័យមុនការបោះឆ្នោតបន្តិច មិនមែនចង់ថាឲ្យទេ ប៉ុន្តែមិនថាមិនកើត”។
សម្ដេចតេជោ បានបញ្ជាក់ថា សម្ដេចត្រូវតែការពាររាជានិយម ពីព្រោះរាជានិយមជារបស់យើងទាំងអស់គ្នា ហើយជារបស់សម្ដេចដែរ។ ឯព្រះមហាក្សត្រ ជាព្រះមហាក្សត្រទាំងអស់គ្នា ហើយជាព្រះមហាក្សត្ររបស់សម្ដេចដែរ ហើយកាន់តែសំខាន់ទៀតសម្រាប់សម្ដេច ជានាយករដ្ឋមន្ត្រី ត្រូវធ្វើការជាមួយព្រះមហាក្សត្រ ត្រូវការព្រះមហាក្សត្រឡាយព្រះរាជក្រឹត្យ ឡាយព្រះហត្ថលេខាលើព្រះរាជក្រម នាយករដ្ឋមន្ត្រីត្រូវស្នើទៅព្រះមហាក្សត្រ ហើយបើគេយកព្រះមហាក្សត្រទៅធ្វើជារបស់គេបាត់ទៅហើយ ទៅធ្វើការជាមួយនរណាទៀត ឥឡូវសុំកុំកសាងកំហុសសាជាថ្មីទៀត លើបញ្ហារាជានិយម ព្រោះជារបស់ទាំងអស់គ្នា ហើយបាវចនារបស់យើង “ជាតិ សាសនា ព្រះមហាក្សត្រ”។
សម្ដេច បានបន្តទៀតថា សម្ដេច និងសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ក៏ជាសមាជិក នៃក្រុមប្រឹក្សារាជបល្ល័ង្ក ជាអ្នកដែលមានសិទ្ធិបោះឆ្នោតជ្រើសតាំងព្រះមហាក្សត្រ ខ្លួនឯងអត់ទាន់ដែលឡើងសោយរាជ្យផង ហើយថា បោះបង់រាជបល្ល័ង្កចោល ដើរចុះតាមភូមិនិយាយអ៊ីចឹង ដែលធ្វើឲ្យសម្ដេចតេជោ មិនអាចទ្រាំបាន និយាយយូរៗទៅ សាបព្រះមហាក្សត្រ។
សម្ដេចបញ្ជាក់ថា “អ៊ីចឹង ទៅជារាជបល្ល័ង្កហ្នឹង ជារាជបល្ល័ង្ក ដែលគេបោះបង់ចោល ហើយមហាក្សត្របច្ចុប្បន្នរើសយកមក។ រឿងហ្នឹង មិនត្រូវឲ្យកើតមានទេ។ គេស្នហាជាតិ គេមិនចាំបាច់និយាយស្នេហាជាតិទេ គេធ្វើតែម្ដង”៕
No comments:
Post a Comment
yes