ដោយ កែវ និមល
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យសមាជិកក្រុមអ្នកដឹកនាំចលនាអបគមន៍ដីនៅស្រុកឆ្លូង ខេត្តក្រចេះ ចេញមកសារភាព នឹងអាចរួចទោស តែអ្នកដាក់ផែនការបញ្ជាជាមេខ្លោងនៅក្រុងភ្នំពេញ នឹងត្រូវតាមចាប់ផ្ដន្ទាទោសឲ្យទាល់តែបាន។
នៅក្នុងឱកាសជួបជាមួយនិស្សិតស្ម័គ្រចិត្តជាង ១.០០០នាក់ នៅក្រុងភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកទឹកចិត្តឲ្យអ្នករត់គេចដោយសារមានពាក់ព័ន្ធជាមួយចលនាបំផុសប្រជាពលរដ្ឋធ្វើអបគមន៍នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ឲ្យចេញមកសហការជាមួយអាជ្ញាធរ នោះអាចរួចទោស។ ប៉ុន្តែអ្នករឹងទទឹង និងជាអ្នកដាក់ផែនការបញ្ជា ត្រូវមានទោស បើទោះបីជារត់គេចទៅបរទេសក៏ដោយ។
កាលពីថ្ងៃទី ១៦ ឧសភា មានកងកំលាំងចម្រុះរបស់រដ្ឋាភិបាលជាច្រើនរយនាក់ បានបើកប្រតិបត្តិការបោសសំអាតនៅតំបន់ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដោយសារមានសមាជិកសមាគមអ្នកប្រជាធិបតេយ្យប្រមាណ ១.០០០គ្រួសារ បង្កជាកំលាំងចាប់ដីចែកគ្នា ហើយបដិសេធមិនទទួលស្គាល់អាជ្ញាធរភូមិដែលមានស្រាប់នៅនឹងកន្លែង និងបានប្រកាសបង្កើតភូមិថ្មី។ ក្រុមដឹកនាំប្រជាពលរដ្ឋចាប់ដីចែកគ្នានោះ ដឹកនាំដោយមនុស្សមួយចំនួន ក្នុងនោះមានឈ្មោះ ប៊ុន ឆន ប៊ុន រដ្ឋា ជាដើម។
ក្នុងប្រតិបត្តិការបោសសំអាតរបស់កងទ័ពរដ្ឋាភិបាលនោះ មានកុមារីមួយរូបឈ្មោះ ហេង ចន្ថា បានត្រូវគ្រាប់កាំភ្លើងស្លាប់ និងមានចាប់ខ្លួនមនុស្សមួយចំនួនផងដែរ។ ក្រោយការបោសសំអាតដោយប្រដាប់អាវុធរួចហើយ រដ្ឋាភិបាលបានប្រកាសតាមចាប់ខ្លួនមនុស្សចំនួន ៥នាក់ ដោយចោទប្រកាន់អ្នកទាំងនោះពីបទបង្កើតតំបន់អបគមន៍ខុសច្បាប់។ មនុស្សទាំង ៥នាក់នោះមានឈ្មោះ ប៊ុន ឆន ប៊ុន រដ្ឋា សុខ តុង ម៉ា ឆាង និង ខាត់ សារឿន។
លោក ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ក្រោយពីមានការប្រកាសឲ្យចុះចូល និងសារភាពកាលពីលើកមុន ស្រាប់តែកាលពីថ្ងៃទី១៦ ខែមិថុនា មានសមាជិកមួយរូបក្នុងចំណោមមេខ្លោងដឹកនាំចលនាអបគមន៍ ៥រូប បានចេញមកបង្ហាញខ្លួន និងសារភាព។
លោក ហ៊ុន សែន បានចាត់ទុកអ្នកដឹកនាំចលនាអបគមន៍នៅឃុំកំពង់ដំរី ស្រុកឆ្លូងនោះថា ជាក្រុមមនុស្សចាញ់បោកមេខ្លោងចលនាដែលនៅភ្នំពេញ។
ពិតមែនតែលោក ហ៊ុន សែន មិនបាននិយាយចេញឈ្មោះប្រធានសមាគមអ្នកប្រជាធិបតេយ្យ ហើយថាជននោះមិនហ៊ានចូលមកក្នុងប្រទេសក៏ដោយ ក៏គេបានដឹងថា លោក ម៉ម សូណង់ដូរ គឺជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ហើយក្រោយពេលកើតរឿងហេតុនៅស្រុកឆ្លូង ខេត្តក្រចេះនោះមក លោក ម៉ម សូណង់ដូរ ដែលកំពុងបំពេញទស្សនកិច្ចនៅអាមេរិកនោះ បាននិយាយប្រាប់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ថា លោកបានទទួលដំណឹងថា រដ្ឋាភិបាលកម្ពុជា មានបំណងចាប់ខ្លួនលោក។
លោក ប៊ុន ឆន ដែលមានឈ្មោះថា ជាសមាជិកក្រុមមេខ្លោងចលនាអបគមន៍នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ធ្លាប់បាននិយាយប្រាប់វិទ្យុអាស៊ីសេរី ឲ្យដឹងថា ក្រុមលោកមិនបានបង្កើតតំបន់អបគមន៍អីដូចការចោទប្រកាន់របស់អាជ្ញាធរឡើយ។
លោក ចាន់ សុវ៉េត អនុប្រធានក្រុមស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) បានមានប្រសាសន៍ថា ទំនាស់ដីនៅតំបន់ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ នោះ ជាទំនាស់ដីធ្លី មិនមែនជាការបង្កើតតំបន់អបគមន៍នោះឡើយ។
មកទល់ពេលនេះគេនៅមិនទាន់ដឹងថា តើមនុស្សដែលរដ្ឋាភិបាលចោទប្រកាន់ថា ជាមេខ្លោងបង្កើតតំបន់អបគមន៍នៅស្រុកឆ្លូង ខេត្តក្រចេះ និងគេរកចាប់ខ្លួននោះកំពុងលាក់ខ្លួននៅទីណាឡើយ៕
No comments:
Post a Comment
yes